អាមេរិក​ផ្ដល់​ថវិកា​ដល់​ក្រសួង​វប្បធម៌​ដើម្បី​​អភិរក្ស​វត្ថុ​តាង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម

ដោយ មាន ឫទ្ធិ
2017.12.11
វីល្លៀម ហៃដ៍ ខ្មែរ​ក្រហម ៦២២ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ៍ (William Heidt) (អង្គុយ​ស្ដាំ​ដៃ) ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ​គម្រោង​ថែរក្សា​ខោអាវ​អ្នកទោស នៅ​គុក​ទួលស្លែង នា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of US Embassy in Phnom Penh

សហរដ្ឋអាមេរិក បាន​ផ្ដល់​ថវិកា​ដល់​ក្រសួង​វប្បធម៌ ដើម្បី​ថែរក្សា និង​អភិរក្ស​វត្ថុ​តាង​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ចំនួន ៣​ពាន់ ទៅ​៥​ពាន់​មុខ ជា​វាយនភណ្ឌ ដូចជា​ខោអាវ ស្បែកជើង ខ្សែក្រវាត់ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ដែល​សារមន្ទីរ​ទួលស្លែង បាន​ប្រមូល​ថែរក្សា​ទុក ពី​មន្ទីរ​ស​២១ ក្រោយពេល​របប​ខ្មែរក្រហម​ដួល​រលំ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​ផ្ដល់​ថវិកា​ចំនួន ៥៥,៥០០​ដុល្លារ​អាមេរិក ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ ដើម្បី​ថែរក្សា និង​អភិរក្ស​វាយនភណ្ឌ​ជនរងគ្រោះ នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង។ ការ​ផ្ដល់​ជំនួយ​នេះ ក្នុង​គម្រោង​មូលនិធិ​របស់​អាមេរិក សម្រាប់​ថែរក្សា​វប្បធម៌ ស្ដីពី​ការ​អភិរក្ស​វត្ថុ​តាង​វាយនភណ្ឌ​សតវត្ស​ទី​២០។

ប្រធាន​សារមន្ទីរ​ទួលស្លែង លោក ឆាយ វិសុទ្ធ បាន​ថ្លែង​ឲ្យ​ដឹង​ថា គម្រោង​នេះ​គឺ​មាន​អ្នក​ជំនាញ​មកពី​សារមន្ទីរ​សហរដ្ឋអាមេរិក ចុះ​មក​អនុវត្ត​ផ្ទាល់ និង​បង្រៀន​ដល់​មន្ត្រី​នៃ​សារមន្ទីរ​ដើម្បី​បាន​ចំណេះដឹង​បន្ថែម​ទៀត​ដើម្បី​រក្សាទុក​ឯកសារ​ជា​វត្ថុ​តាង​ទាំងនោះ។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) និង​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ព្រមទាំង​តំណាង​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា។

លោក ជុច ភឿន បាន​ថ្លែង​ឲ្យ​ដឹង​ថា គម្រោង​នៃ​ការ​អភិរក្ស​ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃនេះ ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​ដែល​ក្រសួង​វប្បធម៌ បាន​ទទួល​ពី​មូលនិធិ​របស់​អាមេរិក សម្រាប់​ថែរក្សា​វប្បធម៌ ចាប់​តាំងពី​ឆ្នាំ​២០០៥​មក។ គម្រោង​ជំនួយ​ទាំងនោះ​ផ្ដោត​ទៅ​លើ​ការ​ជួលជុល និង​អភិរក្ស​ប្រាសាទ ការចុះបញ្ជី​សារពើ​ភណ្ឌ ការទប់ស្កាត់​ការ​ចរាចរណ៍​វត្ថុ​បុរាណ​ខុសច្បាប់ និង​ការអប់រំ​ផ្សព្វផ្សាយ​នានា​ទាក់ទង​នឹង​ការ​ជួញដូរ​វត្ថុ​បុរាណ​ជាដើម។ «»

លោក​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​ព្រឹក​មិញ​នេះ​ថា៖ «គម្រោង​នៃ​ការ​អភិរក្ស​នេះ​មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​ដល់​វត្ថុ​តាង​ប្រវត្តិសាស្ត្រ​នេះ​ទេ តែ​វា​បាន​ផ្ដល់​ផលប្រយោជន៍​សំខាន់​មួយទៀត​ដល់​សារមន្ទីរ​ទួលស្លែង គឺ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​បន្ត​និរន្តរភាព​នៃ​ការ​ជួសជុល​វិស័យ​នេះ នា​ថ្ងៃ​អនាគត»

លោក ជុច ភឿន មាន​ប្រសាសន៍​ទៀត​ថា សកម្មភាព​គាំទ្រ​របស់​សហរដ្ឋអាមេរិក លើ​គម្រោង​អភិរក្ស​វាយ​ន​ភណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង នេះ ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រសួង ក៏ដូចជា​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស ត្បិត​ភស្តុតាង​ទាំងអស់​នេះ​ជា​តឹកតាង​ប្រវត្តិសាស្ត្រ​សម្រាប់​ការសិក្សា​ស្វែងយល់​ពី​អំពើ​ឧក្រិដ្ឋកម្ម ដែល​ខ្មែរក្រហម បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ស្លូតត្រង់ រាប់​លាន​នាក់​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ក្រោម​ការគ្រប់គ្រង​របស់ លោក កាំង ហ្គេចអ៊ា​វ ហៅ ឌុច មន្ទីរ​ស​២១ បាន​សម្លាប់​មនុស្ស​ប្រមាណ​២ ម៉ឺន​នាក់ ដោយ​ជនរងគ្រោះ​មាន​និស្សិត​បញ្ញវន្ត មន្ត្រីរាជការ និង​កុមារ​ផង​ដែរ។ រក្សាទុក​នៅ​វត្ថុ​តាង​ដែល​មើល​ទៅ​គួរ​សង្វេគ​នេះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​សោកសង្រេង ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​គឺ​សំខាន់​ណាស់ គឺ​ដើម្បី​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ថា ខ្មែរក្រហម​បាន​សម្លាប់​មនុស្ស ដូច​ដែល​មាន​វត្ថុ​តាង​មាន​រាប់ទាំង​សំលៀកបំពាក់​កុមារ។

ស្ថានទូត​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ផ្ដោត​ទៅ​លើ​ដំណាក់កាល​ដំបូង​នៃ​ការ​ការពារ​ការខូចខាត​នៃ​សំលៀកបំពាក់​ជនរងគ្រោះ ដែល​ជា​របស់​ងាយ​ខូច​ជាងគេ​ក្នុងចំណោម​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ប្រមូល​ទុក។ គម្រោង​នេះ​និយាយ​ពី​តម្រូវការ​ចាំបាច់​បំផុត​ដោយមាន​របស់របរ​បុរាណ​ពី ៣០០០ ទៅ​៥០០០​មុខ ដែល​មិន​ត្រូវ​បាន​គេ​ធ្វើការ​អភិរក្ស​ពី​មុន​មក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​អ្នក​ជំនាញ​មាន​វិជ្ជាជីវៈ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា គម្រោង​លើក​នេះ​គឺ​ដើម្បី​ថែរក្សា​ភស្តុតាង​ដែល​បន្សល់ទុក​របស់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ហើយ​សម្ភារ​ខ្លះ​កំពុងតែ​ពុក​ផុយ​ដោយសារតែ​រក្សាទុក​ក្នុង​ពេល​វេលា​ជាង ៣០​ឆ្នាំ​មកនេះ៖ «ប្រសិនបើ​យើង​ក្រឡេក​មើល​សម្ភារ​ដែល​បន្សល់​ទុក​នៅ​ខាង​មុខ​យើង​នេះ គឺជា​សម្ភារ​ដោយ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​បង្ហាញ​នូវ​ភាព​តក់ស្លុត​ដល់​យើង​ឲ្យ​បាន​ដឹង​ពី​ស្ថានភាព​ជនរងគ្រោះ​ក្នុង​របប​នោះ ដែល​ភាគច្រើន​ជា​សំលៀកបំពាក់​របស់​កុមារ និង​មនុស្ស​ផ្សេងៗ​ទៀត»

លោក​ថ្លែង​ថា ស្លាកស្នាម​ដែល​ជាប់​នៅ​លើ​សំលៀកបំពាក់​របស់​ជន​រងគ្រោះ ដូចជា​ស្នាម​ប្រឡាក់​ឈាម​ជាដើម​នោះ គឺជា​វត្ថុ​តាង​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​មិន​អាច​យកចេញ​បាន។ លោក​ថា ស្ថានទូត​រីករាយ​នឹង​ចូលរួម​កម្មវិធី​ថែរក្សា​វត្ថុ​តាង​ទាំងអស់​នេះ​ជាមួយ​សារមន្ទីរ​ទួលស្លែង ហើយក៏​រីករាយ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​មន្ត្រី​សារមន្ទីរ។

ទោះយ៉ាង​ណា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ជំនឿ​ជឿជាក់​ថា រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ទាំង​ផ្នែក​ថវិកា និង​អ្នក​បច្ចេកទេស ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រសួង​អាច​ពង្រីក​វិសាលភាព​ក្នុង​ការ​អភិរក្ស និង​ទប់ស្កាត់​ការ​ជួញដូរ​វត្ថុ​បុរាណ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ទូទាំង​ប្រទេស​នា​ពេល​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។