ពលរដ្ឋ​រិះគន់​អ្នក​រៀបចំ​កម្មវិធី​ដែល​ឱ្យ​ជនជាតិ​វៀតណាម​សម្ដែង​របាំ​ក្នុង​ពិធី​បុណ្យ​សមុទ្រ

ដោយ សេក បណ្ឌិត
2017-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាំ​ប្រពៃណី​វៀតណាម សម្ដែង​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ នា​ខេត្ត​កែប កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៧។
របាំ​ប្រពៃណី​វៀតណាម សម្ដែង​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ នា​ខេត្ត​កែប កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo screenshot of SPM

អ្នកចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ នៅ​ខេត្ត​កែប រិះគន់​អ្នក​រៀបចំ​កម្មវិធី ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​មួយ​ក្រុម សម្ដែង​របាំ​ប្រពៃណី​វៀតណាម នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ។

ពលរដ្ឋ មិន​គាំទ្រ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​សម្ដែង​របាំ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នោះ​ទេ។ ពួកគេ​ហៅ​ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ដែល​សម្ដែង​របាំ​នោះ​ថា ជា​ការ​សាប​ព្រួស​វប្បធម៌​របស់​វៀតណាម​តាមរយៈ​ពិធីបុណ្យ​សមុទ្រ​របស់​កម្ពុជា។

អ្នកចូលរួម​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ម្នាក់ លោក ជ័យ រិទ្ធិ យល់​ថា បុណ្យ​សមុទ្រ​ដែល​ជា​កម្មវិធី​របស់​កម្ពុជា ដើម្បី​បង្ហាញ​ប្រាប់​ពិភពលោក​ពី​វប្បធម៌ ប្រពៃណី និង​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា។ ដូចនេះ ការ​បង្ហាញ​ពី​វត្តមាន​របាំ​របស់​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ អាច​ធ្វើ​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ។ ម្យ៉ាងទៀត លោក​ប្រាប់​ថា នៅ​ខែត្រ​កែប និង​ខែត្រ​កំពត​បច្ចុប្បន្ន សំបូរ​ជនជាតិ​វៀតណាម​ស្នាក់នៅ និង​ប្រកប​របរ​រកស៊ី ដូច្នេះ​លោក​បារម្ភ​ខ្លាំង​អំពី​ឥទ្ធិពល​វៀតណាម នៅ​ក្នុង​ខែត្រ​ជាប់មាត់​សមុទ្រ​ទាំងពីរ​នេះ«ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្ញុំ​ពិត​​ណាស់​មិន​ពេញចិត្ត ក្នុង​ការ​សម្ដែង​របាំ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​ណាស់​ជាពិសេស ក្នុង​ឱកាស​​មាន​ពិធី​បុណ្យ​មិន​ត្រូវ​បង្ហាញ​វប្បធម៌​បរទេស​នៅ​លើ​ទឹកដី​ខ្លួន​ទេ។ជា​ពិសេស​បុណ្យ សមុទ្រ​ផ្ទាល់​នេះ​តែម្ដង»

ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នៅ​ខេត្ត​កែប​ក្រោម​ប្រធានបទ «ឆ្នេរសមុទ្រ​បៃតង អនាគត​គឺ​បច្ចុប្បន្ន» និង​ក្រោម​ពាក្យស្លោក​ថា «និរន្តរភាព​ទេសចរណ៍ សម្រាប់​ការ​អភិវឌ្ឍ»

ស្នងការ​នគរបាល​ខេត្ត​កែប លោក​ឧត្ដមសេនីយ៍​ទោ អ៊ីង សំអុល ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ នៃ​ពិធីបុណ្យ​សមុទ្រ មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខែត្រ​កែប​ជាង ៣៥​ម៉ឺន​នាក់។

មន្ត្រី​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខែត្រ​កំពត និង​កែប លោក អ៊ុប សុវណ្ណចាន់ថន មើល​ឃើញ​ថា ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខែត្រ​កែប​ឆ្នាំនេះ មាន​លក្ខណៈ​ល្អ​ប្រសើរ។ លោក​ថា ស្តង់​ទំនិញ តម្លៃ​ម្ហូបអាហារ និង​កន្លែង​ផ្ញើ​ម៉ូតូ​ឡាន ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​យ៉ាង​មាន​របៀប។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក​រិះគន់​ករណី​ធុង​សំរាម និង​ឥរិយាបថ​របស់​ពលរដ្ឋ​ក្នុង​ការ​ចោល​សំរាម។

អាជីវករ​លក់​ម្ហូប​ក្ដាម និង​គ្រឿង​សមុទ្រ​នៅ​ខែត្រ​កែប​មួយ​ចំនួន អះអាង​ថា មិន​មាន​ការ​ឡើង​ថ្លៃ​ទេ នៅ​ថ្ងៃបុណ្យ​សមុទ្រ​នោះ។ ប៉ុន្តែ​អ្វី​ដែល​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​នោះ មន្ត្រី​សង្គម​ស៊ីវិល​ខែត្រ​កែប ប្រាប់​ថា តម្លៃ​ផ្ទះសំណាក់ និង​សណ្ឋាគារ ដែល​ត្រូវ​ឡើងថ្លៃ ១​គុណ​នឹង​២ បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា។ លោក អ៊ុប សុវណ្ណចាន់ថន ប្រាប់​ថា មាន​ភ្ញៀវ​ទេសចរណ៍​ខ្លះ បាន​ទៅ​សម្រាក​នៅផ្ទះ​សំណាក់ និង​សណ្ឋាគារ នៅ​ខែត្រ​កំពត ព្រោះតែ​ខែត្រ​កែប​មាន​ផ្ទះ​សំណាក់​តិចតួច​ពេក ដែល​មិន​គ្រប់គ្រាន់​តាម​តម្រូវការ។ ចំណែក​ការ​តាំង​ពិព័រណ៍​វិញ គេ​សង្កេត​ឃើញ​មាន​ស្តង់​ទំនិញ​មកពី​គ្រប់​ខែត្រ ចូលរួម​ការ​ពិព័រណ៍​នៅ​ក្នុង​បុណ្យ​សមុទ្រ​លើក​ទី​៦។

ពាក់ព័ន្ធ​នឹង​ការសម្ដែង​របាំ របស់​ជនជាតិ​វៀតណាម​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខែត្រ​កែប​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មិន​គាំទ្រ ចំពោះ​ការសម្ដែង​នោះ​ឡើយ។ លោក​ថា ប្រសិនបើ​ការសម្ដែង​ដើម្បី​បង្ហាញ​វប្បធម៌​អាស៊ាន​ទាំង ១០​ប្រទេស លោក​មិន​ជំទាស់​ទេ។ ប៉ុន្តែ ប្រសិនបើ​ការសម្ដែង​នោះ មានតែ​ក្រុម​របាំ​របស់​ជនជាតិ​វៀតណាម នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ ជា​ការ​មិន​ត្រឹមត្រូវ​នោះ​ទេ«បើ​ប្រទេស​ជា​ច្រើន​​​ចូលរួម​​​វា​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ មាន​តែ​ការ​បង្ហាញ​របាំ​វៀតណាម ខ្ញុំ​បដិសេធ​ជា​ដាច់ខាត ខ្ញុំ​មិន​គាំទ្រ​ទេ​ក្នុង​ចំណុច​​​​​​​នេះ ។ បើ​​​​​​ចង់​បង្ហាញ​វប្បធម៌ អាស៊ាន​ទាំង​១០ប្រទេស អាហ្នឹង​អត់​អី​ទេ កុំ​មក​បង្ហាញ​តែ​វៀតណាម​តែមួយ។ មើល​ទៅ​ប្រហែល​​​​​​​មាន​កិច្ចព្រមព្រៀង​​​​​​​​​​​​​​​​​អី​ពិសេស​ជាមួយ​វៀតណាម​ហើយ ហើយ​ការ​បង្ហាញ​នេះ​វា​នឹង​មាន​បង្កប់​អត្ថន័យ​អី​ហើយ»

ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ ចង់​ឃើញ​ការសម្ដែង​ល្ខោនបាសាក់ និង​របាំ​គ្រប់​ទម្រង់​របស់​ខ្មែរ​ជាជាង​របាំ​ប្រពៃណី​របស់​ជនជាតិ​វៀតណាម នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខែត្រ​កែប​លើក​នេះ៕

ព័ត៌មាន (3)
Share

យុវជនខ្មែរមួយរូប

អ្នកសរសេរព័ត៌មាននេះគួតែចេះខ្មាស់ខ្លួនឯងផង។

Dec 26, 2017 04:02 AM

អ្នក​អាន​អនាមិក

ម៉េចបានជា រិះគន់ . នេះជាទឹកដី របស់វៀតណាម ដែលលោក ហ៑ុន សែន សុីញេ អោយនៅពេលខាងមុខ !
( បើ ខ្មោចក្នុង មិនបើកដៃ ធ្វើម៉េច វៀតណាម វា ហ៑ាន . )

Dec 25, 2017 05:57 AM

អ្នក​អាន​អនាមិក

អ្នករៀបចំម៉េចក៏ដូច្នោះទៅវិញ នេះបុណ្យសមុទ្រខ្មែរណា មិនមែនរបស់យួនទេ

Dec 25, 2017 01:50 AM

គេហទំព័រ​ទាំងមូល