ការចាប់អារម្មណ៍នោះមានដូចជាថា តើហេតុអ្វីបានជាថ្នាក់ដឹកនាំគណបក្សនយោបាយនីមួយៗនោះមិនចុះសម្រុងគ្នា ឬមិនអាចស្វែងរកវិធីដោះស្រាយតាមគោលការណ៍ធម៌សាមគ្គីជាតិបាន?
ទាក់ទងបញ្ហានេះ អ្នកសិក្សាប្រវត្តិសាស្ត្របានបញ្ជាក់ថា នៅក្នុងសង្គមខ្មែរជាច្រើនជំនាន់មកហើយ ពិសេសចាប់តាំងពីក្នុងទសវត្សទី៧០ រហូតមកដល់សព្វថ្ងៃ គេតែងតែឃើញកើតមានបញ្ហាមិនចុះសម្រុង និងមិនសាមគ្គីគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយដែលជាអ្នកកាច់ចង្កូតដឹកនាំប្រទេសជាតិ។ ការមិនចុះសម្រុងគ្នារវាងអ្នកនយោបាយទាំងនោះបានជំរុញឲ្យសង្គមជាតិខ្មែរតែងតែជួបវិបត្តិ ក្តីមហន្តរាយជាបន្តបន្ទាប់ទាំងអាយុជីវិតមនុស្សនិងទ្រព្យធនធាន។
តួយ៉ាងដូចជាកាលពីក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺនៅក្នុងរបបខ្មែរក្រហម ដោយសារតែអ្នកនយោបាយនាពេលនោះមិនរួបរួមគ្នា មិនសាមគ្គីគ្នាជាធ្លុងមួយ បានធ្វើឲ្យប្រទេសជាតិធ្លាក់លិចលង់ដល់នូវក្តីវិនាសអន្តរាយបាត់បង់ស្ទើរតែសាបសូន្យគ្រប់វិស័យទាំងអស់។ មកដល់សព្វថ្ងៃទៀត គេក៏នៅតែឃើញអ្នកនយោបាយ ឬក៏អ្នកដឹកនាំប្រទេសកំពុងបន្តឥទ្ធិពលមិនចុះសម្រុងគ្នានេះដដែល។
ជាក់ស្ដែងដូចជាឥឡូវនេះក្រោយពីប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតឲ្យអ្នកនយោបាយរួចចប់សព្វគ្រប់ ហើយក៏ស្រាប់តែនៅជាប់គាំងដោយសារអ្នកនយោបាយមិនបានរួបរួមគ្នារកវិធីដោះស្រាយបញ្ហានោះឲ្យសមតាមបំណងរបស់ពលរដ្ឋ។ ផ្ទុយទៅវិញ គឺឃើញតែបង្កើតភាពអាប់អួ ប្រទូស្តប្រឆាំងគ្នាយកតែឈ្នះរៀងៗខ្លួន ហើយបង្កបញ្ហាភ័យព្រួយដល់សង្គមជាតិ។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាដែលមានការភ័យព្រួយពីបញ្ហានេះដែរនោះ បានលើកឡើងថា ឫសគល់ជាចម្បងដែលនាំឲ្យអ្នកនយោបាយកម្ពុជា មិនសាមគ្គីគ្នានោះ គឺដោយសារតែគេមិនគោរពតាមគោលការណ៍ធម៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
នៅក្នុងចំណោមអ្នកប្រាជ្ញទាំងនោះ លោកព្រឹទ្ធាចារ្យមួយរូប ឈ្មោះ លី នៅខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងសង្គមខ្មែរសព្វថ្ងៃ ទាំងអ្នកធំ ទាំងអ្នកតូច សុទ្ធតែបានអះអាងថា គេជាពុទ្ធសាសនិក។ ប៉ុន្តែរាល់ថ្ងៃនេះ ពិសេសអ្នកនយោបាយបានអនុវត្តផ្ទុយទៅនឹងពុទ្ធឱវាទទើបធ្វើឲ្យគេម្នាក់ៗមានតែចិត្តប្រកាន់ប្រឆាំងគ្នាមិនចេះចប់។
លោក លី៖ «មនុស្សខ្មែរយើងកាលណាបើបែងចែកគ្នាអ៊ីចឹងមកពីឥស្សា ឥស្សាហ្នឹងគឺច្រណែន។ អ្នកដែលដឹកនាំអ្នកដែលជាកំពូលៗក្នុងបច្ចុប្បន្នហ្នឹង បើកាលណាឲ្យតែមានសេចក្ដីច្រណែន គឺឥស្សាហ្នឹង ហើយលោភៈហ្នឹងវាចង់បានចង់ៗហួសពេកទៅ ប្រាថ្នាទៅបុណ្យស័ក្ដិទៅ ស៊ីសំណូកសូកប៉ាន់ អំពើពុករលួយទៅ ធ្វើម៉េចអញធំ ធ្វើម៉េចអញមានជាងគេ ធ្វើម៉េចអញមានមុខមាត់បុណ្យសក្ដិ អញប្រសើរជាងគេ។ អត់យល់ថា ប្រពៃណីខ្មែរហ្នឹងយ៉ាងម៉េច ជួយគ្នាទៅវិញទៅមក»។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានឲ្យដឹងទៀតថា កត្តាដែលនាំឲ្យមានបញ្ហាមិនចុះសម្រុងគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយសព្វថ្ងៃជាសំខាន់ គឺមកតែពីគេខ្វះការសិក្សាអប់រំផ្លូវចិត្តក្នុងភាពជាអ្នកដឹកនាំ។ លោកបានបន្តថា នូវរាល់កិច្ចការគ្រប់យ៉ាងដែលអ្នកនយោបាយឬអ្នកដឹកនាំប្រទេសត្រូវធ្វើនោះ គឺសុទ្ធតែទាក់ទងទៅនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬប្រទេសជាតិរបស់ខ្លួន។ ដូច្នេះអ្នកដឹកនាំ ឬអ្នកនយោបាយទាំងអស់ទាមទារយ៉ាងចាំបាច់ឲ្យមានការអប់រំផ្លូវចិត្តជាចម្បង ដូចជាធ្វើសមាធិ ឬបដិបត្តិធម៌វិបស្សនាជាដើម។
ព្រះតេជព្រះគុណ ព្រះធម្មកោសល្យ ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង បានមានព្រះថេរដីកាពីសារសំខាន់នៃការអប់រំផ្លូវចិត្តថា គឺដើម្បីឲ្យមនុស្សគ្រប់រូបមានធម៌ជួយរម្ងាប់ក្ដីហិង្សានៅក្នុងខ្លួន ពីព្រោះបើគេមានហិង្សានៅក្នុងចិត្ត ពេលនោះគេមិនអាចសម្រេចកិច្ចការអ្វីមួយបានល្អប្រសើរទេ។
ព្រះតេជព្រះគុណបានបន្ថែមថា កាលពីសម័យព្រះពុទ្ធទ្រង់គង់ធរមាននៅ ក៏ព្រះអង្គបានជួយអប់រំទូន្មានមនុស្សទាំងប្រជារាស្ត្រ ទាំងថ្នាក់ដឹកនាំឲ្យរៀនអប់រំផ្លូវចិត្តដែរ៖ «ក្នុងសម័យពុទ្ធកាល គឺព្រះបាទ បសេនទិកោសល ដែលមានការស្មុគស្មាញមានវិបត្តិនយោបាយ ក៏លោកចូលទៅរកភាពដែលស្ងប់ស្ងាត់មួយនៅក្នុងសំណាក់ព្រះដ៏មានព្រះភាគហ្នឹង ដើម្បីរកគន្លឹះដោះស្រាយនូវបញ្ហាវិបត្តិនយោបាយហ្នឹងឯង។ ប៉ុន្តែព្រះដ៏មានព្រះភាគចង្អុលទិសដៅថា ភាពស្មុគស្មាញហ្នឹងមិនមែនវាកើតឡើងព្រោះហេតុខាងក្រៅទេ គឺកើតឡើងដោយអាស្រ័យនិងផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ខ្លួនឯង។ ត្រូវរម្ងាប់អារម្មណ៍ រម្ងាប់ផ្លូវចិត្តសិនទើបអាចងាយស្រួលនឹងដំណើរការគ្រប់គ្រងប្រទេសហ្នឹងទៅបាន។ ងាកមកមើលបច្ចុប្បន្ននេះវិញ គឺព្រះពុទ្ធសាសនាលោកឲ្យធ្វើយ៉ាងម៉េចដោះស្រាយកុំឲ្យមានភាពហិង្សានៅក្នុងខ្លួនដើម្បីឆ្ពោះទៅរកសន្តិភាពនៅក្នុងសង្គមមួយ»។
ទាក់ទងនឹងការអប់រំផ្លូវចិត្តតាមគោលការណ៍ព្រះពុទ្ធសាសនាសព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា គេឃើញមានមនុស្សទៅបដិបត្តិដែរ ដូចជាធ្វើសមាធិ ឬបដិបត្តិធម៌វិបស្សនាជាដើម។ ការបដិបត្តិនោះគឺមាននៅតាមវត្តអារាមនិងមជ្ឈមណ្ឌលវិបស្សនាមួយចំនួន។ ក៏ប៉ុន្តែអ្នកដែលទៅបដិបត្តិនោះភាគច្រើនជាមនុស្សវ័យចាស់ និងជាប្រជាពលរដ្ឋសាមញ្ញធម្មតា។
ចំណែកឯអ្នកដឹកនាំ ឬអ្នកនយោបាយវិញ គឺគេមិនដែលឃើញទៅបដិបត្តិធម៌អប់រំចិត្តនោះទេ ភាគច្រើនគឺច្រើនតែទៅធ្វើពិធីសាសនាផ្សេងៗ ដូចជាពិធីបួងសួងបន់ស្រន់ពិធីឆ្លងព្រះវិហារ បុណ្យចូលឆ្នាំ បុណ្យរាប់បាត្រជាដើម។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ប្រាប់ដែរថា ការធ្វើពិធីទាំងប៉ុន្មាននោះ គឺជាអំពើល្អមួយហើយ ប៉ុន្តែបើគេធ្វើតែពិធីសាសនាដោយមិនបានទៅបដិបត្តិធម៌អប់រំផ្លូវចិត្តទេ គឺប្រៀបដូចជាអ្នកជំងឺកាន់តែឱសថ ឬថ្នាំនៅក្នុងដៃ ប៉ុន្តែមិនបានយកឱសថនោះលេបចូលទៅក្នុងខ្លួនដើម្បីព្យាបាលរោគឲ្យជាឡើយ។
លោកបានបន្ថែមថា បើអ្នកជំងឺកាន់តែឱសថ ឬថ្នាំនៅក្នុងដៃដោយមិនលេបថ្នាំនោះទេ គឺមេរោគនៅតែបៀតបៀនខ្លួនប្រាណរបស់គេ ហើយក៏ប្រឈមមុខនឹងសេចក្ដីស្លាប់ដែរ។ ដូចគ្នានេះដែរបើអ្នកនយោបាយ ឬអ្នកដឹកនាំមិននាំគ្នារៀនធម៌អប់រំចិត្តដើម្បីដោះស្រាយបញ្ហាទេហើយបែរជាងាកទៅរកការដោះស្រាយប្រទេសជាតិតាមអំពើហិង្សានោះ មិនយូរមិនឆាប់មេរោគដែលមិនចុះសម្រុងគ្នា មិនសាមគ្គីគ្នា នឹងនាំឲ្យជាតិសាសន៍របស់ខ្លួនស្លាប់បាត់បង់ដូច្នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។