ជំងឺ​គ្រុនឈាម​សម្លាប់​កុមារ​២៩​នាក់​នៅ​ទូទាំង​ប្រទេស

មន្ត្រី​ជំនាញ​ខាង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ២៩​នាក់​ហើយ និង​មាន​អ្នក​កើត​ជំងឺ​នេះ​សរុប​ចំនួន​ជិត ១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ភាគ​ច្រើន​ជា​កុមារ​ក្រោម​អាយុ ១៦​ឆ្នាំ។
ដោយ សុខ សេរី
2010-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ខេត្ត​ក្រុង​នានា​ដែល​មាន​អ្នក​ស្លាប់ និង​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​ជាង​គេ គឺ​ខេត្ត​កំពង់ចាម ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ ដោយសារ​តែ​ខ្វះ​អនាម័យ មាន​មនុស្ស​រស់​នៅ​ច្រើន និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​នោះ ដែល​កើត​ជា​ជម្រក​មូស​ខ្លា​ញី​ចម្លង​មេរោគ​គ្រុន​ឈាម​នេះ។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ចន្ថា ជា​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​របស់​ក្រសួង​សុខាភិបាល ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា កម្មវិធី​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា អំពី​វិធី​បង្ការ​ជំងឺ​នេះ​កំពុង​តែ​បន្ត។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ចន្ថា មាន​ប្រសាសន៍​បន្ត​ថា ៖ «ពង្រឹង​របាយការណ៍​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ទាន់​ពេល​វេលា ហើយ​និង​ច្បាស់​លាស់។ បង្កើន​សមត្ថភាព​ការ​ព្យាបាល​របស់​គ្រូពេទ្យ របស់​វេជ្ជបណ្ឌិត ដើម្បី​ឲ្យ​បង​ប្អូន​សាធារណជន​មាន​ទំនុក​ចិត្ត។ កែប្រែ​ឥរិយាបថ​របស់​បង​ប្អូន​ប្រជាជន​របស់​យើង ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នៅ​ក្នុង​ការ​សម្អាត និង​អនាម័យ»

មន្ត្រី​ជំនាញ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា រដូវ​ជំងឺ​គ្រុនឈាម​កំពុង​តែ​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ជា​បណ្ដើរៗ​ហើយ ចាប់​ពី​ខែ​តុលា​ត​ទៅ ដោយសារ​រដូវ​ភ្លៀង​ធ្លាក់​កំពុង​តែ​ចុះ​ខ្សោយ​ផង​ដែរ។ ថ្នាំ​អាប៊េត​សម្លាប់​ដង្កូវ​ទឹក​ចំនួន​ជាង ៧០​តោន ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ​សម្រាប់​វគ្គ​ដំបូង និង​ថ្នាំ​អាប៊េត​ចំនួន​ជាង ៧០​តោន​ទៀត នឹង​ត្រូវ​ចែក​បន្ត​នៅ​ពេល​ឆាប់ៗ​នេះ នៅ​ចុង​រដូវ​ជំងឺ​គ្រុនឈាម។

ជំងឺ​គ្រុនឈាម​បាន​កើត​ឡើង​ដោយសារ​មូស​ខ្លា​ញី​ខាំ ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​កម្ដៅ​ក្នុង​ខ្លួន​ខ្លាំង​ជិត ៤០​អង្សាសេ មាន​កន្ទួល​ក្រហម​នៅ​លើ​ស្បែក អ្នក​ជំងឺ​ដេក​សន្លឹម មុខ​ក្រហម ឈឺ​ក្បាល ឈឺ​សាច់​ដុំ និង​មាន​លាមក​ពណ៌​ខ្មៅ។

ប្រជាពលរដ្ឋ​ឈ្មោះ មាស លី អាយុ ៦៨​ឆ្នាំ នៅ​ក្នុង​ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​លោក​គ្មាន​អ្នក​កើត​ជំងឺ​នេះ​ទេ។

លោក​បាន​ពន្យល់​ថា ៖ «ទឹក​ពាង ទឹក​អាង សំបក​កំប៉ុង ឬ​ក៏​សំបក​ប៉ោត កង់​ឡាន​ផ្សេងៗ ត្រូវ​ជម្រះ​ចោល ឬ​សម្អាត។ សម្អាត​របស់​ណា​ដែល​កើត​ជា​មេរោគ​បណ្ដាល​ឲ្យ​កើត​ជា​មូស យើង​ត្រូវ​យក​ទៅ​កប់​ដី​ទុក​ចោល​ទៅ របស់​ណា​ដែល​ត្រូវ​កប់​ដី ហើយ​របស់​ណា​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល បំផ្លាញ​ចោល បោស​សម្អាត​នៅ​ជុំវិញ​ខ្លួន ហើយ​ពិសេស​គឺ​គេង​ដាក់​មុង»

កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ អ្នក​ជំងឺ​គ្រុនឈាម​មាន​ចំនួន ១.០៦៩​ករណី និង​អ្នក​ស្លាប់​មាន​ចំនួន ៣១​នាក់ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ នៅ​ឆ្នាំ​២០១០ មាន​អ្នក​ស្លាប់​ចំនួន ២៩​នាក់ និង​អ្នក​ជំងឺ​ចំនួន ៩.៩៩៦​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល