ជំងឺគ្រុនឈាមរាតត្បាតនៅខេត្តរតនគិរី
2011.07.09
មេឃុំកាចាញ លោក ទន់ ពៅ នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១១ មានប្រសាសន៍បញ្ជាក់ថា ជំងឺនេះរាតត្បាតទៅលើមនុស្សចាស់ប្រមាណ ៥០% និងក្មេងប្រមាណ ៥០% ក៏ប៉ុន្តែអ្នកជំងឺត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។
លោកបន្តថា ក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីក្រុមមន្ត្រីសុខាភិបាលដើម្បីចុះទៅកាន់ទីកើតជំងឺរាតត្បាត ដើម្បីចាត់វិធានការទប់ស្កាត់បញ្ឈប់កុំឲ្យមានការរាតត្បាតដោយសារជំងឺនេះ ៖ «រហូតដល់អនុប្រធានភូមិវាគ្រុនឈាមដែរហ្នុង! ខ្ញុំបានរាយការណ៍ទៅខាងមណ្ឌលសុខភាពហើយ តែការឆ្លើយតបរបស់មណ្ឌលសុខភាពមិនដឹងជាយ៉ាងម៉េច»។
កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១១ មន្ត្រីក្រុមឆ្លើយតបរហ័សជំងឺរាតត្បាតនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងថា មន្ត្រីសុខាភិបាលបានរកឃើញសញ្ញាណមេរោគជំងឺគ្រុនឈាមចាប់ផ្ដើមរាតត្បាត នៅក្នុងភូមិមួយចំនួនក្នុងស្រុកចំនួនបី គឺស្រុកកូនមុំ ស្រុកវ៉ឺនសៃ និងក្រុងបានលុង តាមរយៈការពិនិត្យឈាមទៅលើមនុស្សដែលគេសង្ស័យថា មានជំងឺគ្រុនឈាម។
តួលេខផ្ដល់ដោយអង្គភាពដដែលឲ្យដឹងថា ចាប់ពីចុងខែឧសភា រហូតពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១១ គេបានរកឃើញករណីជំងឺគ្រុនឈាមចំនួន ៨៨ករណី ក្នុងនោះម្នាក់បានស្លាប់។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក ហ៊ីង ផានសុគន្ធា មានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យខេត្តទទួលបានអ្នកជំងឺគ្រុនឈាមកម្រិតស្រាល និងមានចំនួនតិចដែលបានចូលមកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ខែកក្កដា ឆ្នាំ២០១១។
លោកបន្តថា មិនមានអ្នកជំងឺគ្រុនឈាមថ្មីណាមានគ្រោះថ្នាក់ដល់អាយុជីវិតនៅមន្ទីរពេទ្យនោះទេ ៖ «មិនដឹងគេទៅដេកឯណាផង ឃើញមកពេទ្យតែប៉ុន្មាននាក់ហ្នឹង។ គ្រាន់តែស្ថានភាពគ្រុនឈាម ក៏ប៉ុន្តែវាស្រាលៗ វាអត់មានអីដល់បែកគ្រាប់ឈាមផងអត់ផង»។
មន្ទីរសុខាភិបាលខេត្តបានរៀបចំឲ្យប៉ុស្តិ៍សុខភាពនៅតាមតំបន់ងាយរងការឆ្លងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមធ្វើការចែកមុងជ្រលក់ថ្នាំការពារមូសប្រមាណ ២០.០០០មុងដល់ប្រជាពលរដ្ឋឲ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១១ កន្លងទៅ និងធ្វើការផ្សព្វផ្សាយតាមរថយន្តប្រដាប់ដោយឧបករណ៍បំពងសំឡេងឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នការពារពីការចម្លងមេរោគគ្រុនឈាមដោយសារមូសខាំប្រយោជន៍ការពារសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ និងជាផ្នែកជួយលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមឲ្យបានកាន់តែប្រសើរ។
អនុប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី និងជាអនុប្រធានក្រុមឆ្លើយតបរហ័សជំងឺរាតត្បាត លោកវេជ្ជបណ្ឌិត អ៊ុង រតនា មានប្រសាសន៍បញ្ជាក់ថា មន្ត្រីសុខាភិបាលកំពុងធ្វើការងារនេះជាប្រចាំ ដើម្បីទប់ស្កាត់ករណីរាតត្បាតនេះ។ លោកបន្តថា ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមអាចធ្វើបានលទ្ធផលល្អអាស្រ័យលើការចូលរួមថែរក្សាអនាម័យ និងកិច្ចការពារសុវត្ថិភាពពីការចម្លងមេរោគដោយមូសខ្លាពីសំណាក់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានឲ្យបានជាក់លាក់។
លោក អ៊ុង រតនា បន្ថែមដូច្នេះ ៖ «ភាគច្រើនគឺចូលមកមន្ទីរពេទ្យឯកជនច្រើន មិនមែនត្រឹមតែ ១០នាក់នោះទេ ច្រើនជាងហ្នឹងទៀត។ មន្ត្រីសុខាភិបាលយើងនៅតែផ្ដល់លទ្ធភាព ផ្ដល់ជំនួយ ទាំងស្មារតី ទាំងសម្ភារៈទាំងការព្យាបាលជូនគាត់ហ្នឹង»។
តួលេខផ្ដល់ដោយមន្ត្រីសុខាភិបាលដដែលឲ្យដឹងថា ចាប់ពីខែឧសភា ឆ្នាំ២០១១ រហូតបច្ចុប្បន្ន មានករណីរាតត្បាតជំងឺគ្រុនឈាមកើនឡើងដល់ជាង ១០០ករណី ហើយនិងធ្វើឲ្យកុមារពីរនាក់ស្លាប់៕