កុមារ​៤​នាក់​ស្លាប់ និង​៤០៥​នាក់​ឆ្លង​ជំងឺ​គ្រុនឈាម

មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ក្រោម​អាយុ ១៥​ឆ្នាំ​ចំនួន ៤​នាក់ និង​មាន​កុមារ​ចំនួន ៤០៥​នាក់​ទៀត កំពុង​តែ​កើត​ជំងឺ​គ្រុនឈាម ចាប់​ពី ​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១១។
ដោយ សុខ សេរី
2011.04.29

ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នេះ នៅ​ឆ្នាំ​២០១០ កន្លង​ទៅ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ៣​នាក់ និង​មាន​កុមារ​ចំនួន ៥២៦​នាក់ បាន​កើត​ជំងឺ​គ្រុនឈាម។ នៅ​ឆ្នាំ​២០០៩ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ២​នាក់ និង​មាន​កុមារ​ចំនួន ៨៧៦​នាក់​កើត​ជំងឺ​នេះ។

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម លោក ង៉ាន់ ចន្ថា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា ៖ «កុមារ​ចំនួន ៤​នាក់ ដែល​បាន​ស្លាប់​នោះ មាន ២​នាក់​នៅ​ខេត្ត​សៀមរាប ម្នាក់​នៅ​ខេត្ត​តាកែវ និង​ម្នាក់​ទៀត​នៅ​ខេត្ត​កណ្ដាល។ ជំងឺ​គ្រុនឈាម​កើត​ឡើង​ដោយសារ​មូស​ខ្លា​ញី​ខាំ។ រដូវ​ជំងឺ​គ្រុនឈាម​ដែល​កើត​ខ្លាំង​ជាង​គេ គឺ​នៅ​ចុង​ខែ​មេសា រហូត​ដល់​ខែ​តុលា ជា​រដូវ​វស្សា។

លោក ង៉ាន់ ចន្ថា បាន​មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​បាន​ត្រៀម​ថ្នាំ​អាបេត​ចំនួន ១២៥​តោន ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​កម្រៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ក្នុង​ពាង​ទឹក​សម្លាប់​ដង្កូវ​ទឹក។ លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​លុប​បំបាត់​ជម្រក​មូស​ពង និង​ចិញ្ចឹម​ត្រី​ក្រឹម ឬ​ត្រី ២​ពណ៌​ដើម្បី​ស៊ី​ដង្កូវ​ទឹក៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។