សមាជិក​បក្ស​សមរង្ស៊ី​រិះគន់​អាជ្ញាធរ​ថា​រើសអើង​ក្នុង​ការ​ចែក​ប័ណ្ណ​សុខភាព

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​គណបក្ស សម រង្សី បាន​រិះគន់​អាជ្ញាធរ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​ថា មាន​ការ​រើស​អើង និង​ប្រកាន់​គណបក្ស​នយោបាយ ដែល​លម្អៀង​ទៅ​បក្ស​កាន់​អំណាច គឺ​បក្ស​ប្រជាជន ក្នុង​ការ​ចែក​ប័ណ្ណ​ឲ្យ​ប្រជាជន​ទៅ​ពិនិត្យ​ជំងឺ​ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​វៀតណាម ឥត​គិត​ថ្លៃ ជូន​ប្រជាពលរដ្ឋ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ឯ​វិទ្យាល័យ​បរិបូណ៌។
ដោយ មណ្ឌលកែវ
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ជៀង សារុន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ខាង​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា​ថា អាជ្ញាធរ​ស្រុក​ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​មាន​ការ​រើស​អើង​ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​និន្នាការ​នយោបាយ​លម្អៀង​តាម​គណបក្ស សម រង្ស៊ី ដោយ​គេ​មិន​ចែក​ប័ណ្ណ​ពិនិត្យ​ជំងឺ​ឥត​គិត​ថ្លៃ​ឲ្យ​នោះ​ទេ។

លោក ជៀង សារុន បាន​ប្រាប់​ដូច្នេះ ៖ «មាន​ការ​ខុស​ឆ្គង​ច្រើន។ ឧទាហរណ៍ ការ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ទទួល​ការ​ព្យាបាល ក៏​ដូច​ជា​ទទួល​អំណោយ​នេះ គេ​យក​តាម​ខ្សែ​គណបក្ស​ច្រើន​ជាង»

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ជា​សមាជិក​គណបក្ស សម រង្ស៊ី សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម ៖ «ការ​រៀបចំ​ចាត់ចែង​មិន​ល្អ​សម្រាប់​រដ្ឋ​អំណាច។ ប្រធាន​ភូមិ ឃុំ គេ​ហៅ​យក​តែ​ខាង​គណបក្ស​ប្រជាជន​ច្រើន​លើស​លុប មិន​មែន​ផ្អែក​ទៅ​លើ​មូលដ្ឋាន​អ្នក​ហ្នឹង​ក្រីក្រ ឬ​មាន​ជំងឺ​នោះ​ទេ»

ប៉ុន្តែ​អភិបាល​រង​ស្រុក​បរិបូណ៌ លោក ឃួន សៅរ៉ុម បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​មាន​ប្រសាសន៍​ថា ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​វៀតណាម ដែល​មក​ជួយ​ព្យាបាល​នេះ​មាន​គ្នា​តែ ២៥​នាក់ ហើយ​លទ្ធភាព​គឺ​អាច​ព្យាបាល​ក្នុង​មួយ​បាន​ប្រជាពលរដ្ឋ​តែ ៨០០​នាក់។ ដូច្នេះ​អ្នក​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល និង​ចែក​ថ្នាំ​ជូន គាត់​ក៏​ខឹង​ហើយ​ចេះ​តែ​ចោទ​ទៅ។

លោក ឃួន សៅរ៉ុម មាន​ប្រសាសន៍​ដូច្នេះ ៖ «ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​ដឹង​មិន​ហើយ​ថា មុខ​ជា​មាន​បញ្ហា​ខ្លះ ដោយសារ​ប័ណ្ណ​យើង​មាន​ចំនួន​តិច ប្រជាពលរដ្ឋ​ចង់​ព្យាបាល​មាន​ចំនួន​ច្រើន»

មេ​ភូមិ​ត្រពាំងពោធិ៍ ឃុំ​ខុនរ៉ង មាន​ប្រសាសន៍​ថា ក្នុង​ភូមិ​លោក​មាន​ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន​ជំងឺ​ច្រើន តែ​មាន​តែ ២១​នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល ៖ «ថ្ងៃ​នេះ ខ្ញុំ​នាំ​ប្រជាពលរដ្ឋ​មក​បើក​ថ្នាំ​ដែល​សុទ្ធ​តែ​ចាស់ៗ និង​មាន​ជំងឺ​ប្រចាំ​កាយ។ នៅ​មាន​ច្រើន​ទៀត តែ​គេ​ឲ្យ​បាន​តែ ២១​នាក់​ទេ​ក្នុង​ភូមិ​ខ្ញុំ»

ប្រភព​ពី​អាជ្ញាធរ​ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​គ្រប់​មុខ​ជំនាញ​នៃ​ទីក្រុង​ហូជីមិញ​ចំនួន ២៥​នាក់ បាន​ស្ម័គ្រ​ចិត្ត​មក​ជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជា​លក្ខណៈ​មនុស្ស​ធម៌​រយៈ​ពេល ២​ថ្ងៃ​នៅ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន​ចំនួន ១.៦០០​នាក់ ដោយ​បាន​ចែក​ថ្នាំ និង​មី​កញ្ចប់​ផង​ដែរ។ ការ​ព្យាបាល​នោះ​មាន​ដូច​ជា​ជំងឺ​ភ្នែក ជំងឺ​ធ្មេញ និង​ជំងឺ​ចាស់​ជរា​ជាដើម។ ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​មក​ព្យាបាល​នេះ ភាគ​ច្រើន​ជា​បក្ស​ពួក​សែស្រឡាយ​អ្នក​ធ្វើការ​ក្នុង​ឃុំ និង​ស្រុក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល