អ្នក​ភូមិ​ប្ដឹង​ចៅហ្វាយ​ស្រុក​នៅ​ស្ទឹងត្រែង​ពី​បទ​គំរាមកំហែង

ករណី​ចោទ​ប្រកាន់​គ្នា​រវាង​អ្នក​ភូមិ និង​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អំពី​រឿង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​គ្នា​វិញ​ទៅ​មក បច្ចុប្បន្ន​ករណី​នេះ​កំពុង​ត្រូវ​បាន​ប្ដឹងផ្ដល់​គ្នា​តាម​ផ្លូវ​តុលាការ​ហើយ។
ដោយ រដ្ឋា វីសាល
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ភូមិ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចំនួន ៤​នាក់ បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​ថ្នាក់​អភិបាល​ស្រុក​របស់​ខ្លួន​ថា បាន​ដក​កាំភ្លើង​ហើយ​បញ្ចូល​គ្រាប់​ភ្ជង់​គំរាម​ពួកគាត់ ដោយសារ​តែ​ស្រវឹង​ស្រា។ ក៏​ប៉ុន្តែ​មន្ត្រី​អភិបាល​ស្រុក​បាន​ចោទ​ទៅ​លើ​អ្នក​ភូមិ​ទាំង ៤​នាក់​វិញ​ថា ជា​ក្រុម​ពាល មាន​បំណង​ប្រើ​ដំបង​វាយ​បង្ក​រឿង​ជាមួយ​លោក ហើយ​គំរាម​ទារ​ប្រាក់​សំណង។

អ្នក​ភូមិ​ទាំង ៤​នាក់ គឺ​លោក រ័ត្ន ប៊ុនហុង អ្នកស្រី ប៊ុន ណារិទ្ធ អ្នកស្រី ហេង សារួន និង​អ្នកស្រី ទុយ យឿន អ្នក​ទាំង​៤ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​ស្ទឹងត្រែង និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដើម្បី​រក​យុត្តិធម៌​ចំពោះ​អ្វី​ដែល​ពួកគាត់​អះអាង​ថា មន្ត្រី​អភិបាល​ស្រុក​ប្រើ​អំណាច និង​អាវុធ​ខុស​ច្បាប់​រំលោភ​មក​លើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក រ័ត្ន ប៊ុនហុង មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ពួកគាត់​ទាំង ៤​នាក់ ត្រូវ​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា ថាវរិទ្ធ ប្រើ​ពាក្យ​ប្រមាថ និង​ប្រើ​កាំភ្លើង​ដោយ​អំណាច គំរាម​មក​លើ​ពួកគាត់​កំពុង​ធ្វើ​ដំណើរ ដោយ​ចោទ​ថា ពួក​គាត់​នោះ​ជិះ​ម៉ូតូ​បុក​ឡាន​របស់​លោក។

លោក រ័ត្ន ប៊ុនហុង បន្ត​ថា ៖ «ដក​កាំភ្លើង​មក​មែន អាម៉េ​ច្រោក​បេះ​សោ ភ្ជង់​មក​លើ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង ភ័យ​ហើយ ទាំង​ខ្ញុំ អស់​ព្រលឹង​ហា​សិប​បាត់​ទៅ​ហើយ។ ប្រពន្ធ​ខ្ញុំ​សុទ្ធ​តែ​ស្រីៗ គ្នា​ម៉េច​នឹង​ទ្រាំទ្រ​បាន​ឃើញ​ទិដ្ឋភាព​អ៊ីចឹង មួយៗ​ចង់​រាក​នោម ហើយ​ក៏​នាំ​គ្នា​ស្រីៗ សំពះ​អង្វរ ខ្ញុំ​ក៏​ដក​ឃ្លា និយាយ​ទូរស័ព្ទ​ទាក់ទង​មក​សមត្ថកិច្ច»

ផ្ទុយ​ពី​ការ​ចោទ​នេះ លោក ជា ថាវរិទ្ធ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ខុស​ការ​ពិត ពីព្រោះ​អ្នក​ភូមិ​ទាំង​នោះ​ជា​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស ដែល​សមត្ថកិច្ច​កំពុង​ឃ្លាំ​មើល ហើយ​អ្នក​ទាំង​បួន​មាន​ម្នាក់​កាន់​ដំបង​ប៉ុន​ប៉ង​វាយ​ប្រហារ​មក​លើ​រូប​លោក ដើម្បី​បង្ក​រឿង ទើប​លោក​ដក​អាវុធ​គំរាម​ដើម្បី​ការពារ​ខ្លួន។

លោក​បន្ត​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ក្រុម​អ្នក​ភូមិ​នោះ​វិញ ព្រោះ​ក្រោយ​ហេតុការណ៍​អ្នក​ភូមិ​បាន​ជំរិត​ទារ​ប្រាក់​ពី​លោក ២០​លាន​រៀល ដោយសារ​តែ​កើត​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នេះ។

លោក ជា ថាវរិទ្ធ បញ្ជាក់​បន្ថែម ៖ «ហើយ​ម្ដុំ​ផ្ទះ​ខ្ញុំ​នេះ​មាន់​ទា​អស់​ហើយ​គ្មាន​សល់​ទេ។ គាត់​គំរាមកំហែង​ខ្ញុំ​ច្រងេងច្រងាង​សម្បើម​ណាស់​យប់​ហ្នុង ខ្ញុំ​ក៏​បើក​ទ្វារ​ឡាន​ចុះ​មក​ទាញ​កាំភ្លើង​ចុះ​យក​មក កាន់​ទាំង​ស្រោម​ទេ ដើម្បី​ការពារ​ខ្លួន។ សមត្ថកិច្ច​ឃ្លាំ​មើល។ ឥឡូវ​ដំបង​ព្រនង់​អី​នៅ​កន្លែង​នគរបាល​ខេត្ត​ហ្នុង»

អ្នក​ស៊ើប​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ធ្វើការ​អង្កេត​ករណី​នេះ​ទៅ​លើ​ភាគី​ទាំង​ពីរ ក៏​ប៉ុន្តែ​មិន​មាន​ភាគី​ណា​មួយ​ទទួល​ស្គាល់​កំហុស​នោះ​ទេ។ លោក​បន្ត​ថា ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មាន​ភារកិច្ច​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ភាគី​ណា​ដែល​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ខុស​ច្បាប់។

លោក ហូ សំអុល មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​សិន​ជា​បើក​ការ​ស៊ើប​អង្កេត​អាច​ឃើញ​លឿន​តែម្ដង ព្រោះ​អី​អ្នក​ទាំង​បួន​នាក់​ហ្នឹង​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ផ្ទះ​ឈ្មោះ ឡាន ពិត​ប្រាកដ អ៊ីចឹង​យើង​ទៅ​សួរ​ឈ្មោះ ឡាន ហ្នឹង​យើង​អាច​ដឹង​ដែរ​ហើយ។ ជន​រង​គ្រោះ​ហ្នឹង​ចេញ​ពី​ច្រៀង​ខារ៉ាអូខេ​ហ្នឹង​ដើរ​មក​ផ្ទះ​វិញ»

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក ច្រឹង ខ្មៅ នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​សំណួរ​ទាក់​ទិន​សេចក្ដី​រាយ​ការណ៍​ចោទ​ប្រកាន់​គ្នា​នេះ​ទេ ដោយ​ហេតុផល​រវល់​នឹង​ភារកិច្ច៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល