ប៉ូលិសឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន១នាក់នៅស្ទឹងត្រែង
2011.08.09
ប៉ូលិសខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ាន់ ឌីតេង អាយុ ២៥ឆ្នាំ រស់នៅភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈពេលជនសង្ស័យកំពុងនាំគ្រឿងញៀននេះពីតំបន់ព្រំដែនឡាវ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បំណងនាំចូលមកទីរួមខេត្ត ហើយត្រូវប៉ូលិសដាក់កម្លាំងចាប់បាន។
នាយការិយាល័យប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក នូ ហួរ មានប្រសាសន៍បញ្ជាក់ថា ជនសង្ស័យគឺជាអតីតពិរុទ្ធជនក្នុងបទជួញដូរថ្នាំញៀនទើបចេញពីពន្ធនាគារ ហើយបានបន្តសកម្មភាពជួញដូរគ្រឿងញៀននេះជាថ្មីទៀត។
លោកបន្តថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា ឆ្នាំ២០១១ ហើយប៉ូលិសកំពុងរៀបចំសំណុំរឿងហ្នឹងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៖ «ព្រោះយើងចាប់តាំងពីឆ្នាំ២០០៣ ទើបនឹងចេញប្រហែលជា ៨ខែទេ។ យើងតាមតាំងពីអូរស្វាយ មករហូតមកដល់ជិតខេត្តបានយើងដាក់ស្ទាក់សុំត្រួតពិនិត្យ តែវាមិនឈប់ឲ្យយើងត្រួតពិនិត្យ វាបានបើកឡានកាន់តែលឿនទៅៗ ហើយរត់ចូលផ្ទះ ដល់យើងតាមទាន់ក៏រកឃើញវត្ថុតាង»។
វិទ្យុអាស៊ីសេរី មិនមានការអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ជាមួយជនសង្ស័យដែលប៉ូលិសបានឃាត់ខ្លួនជុំវិញករណីជួញដូរគ្រឿងញៀននោះទេ។
របាយការណ៍របស់ការិយាល័យប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តឲ្យដឹងថា នៅចាប់ពីខែកក្កដា ឆ្នាំ២០១១ រហូតបច្ចុប្បន្ន ការបង្ក្រាបការជួញដូរគ្រឿងញៀនក្នុងខេត្តនេះបាន ៥ករណី និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង ៩០០គ្រាប់ និងមេតំហ្វេតាមីនប្រភេទទឹកកកបាន ១,៤ក្រាម៕