រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រមាណ​៤០%​បាន​បិទទ្វារ​និង​ក្ស័យធន

ដោយ អ៊ុំ រង្សី
2016-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៦។
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៦។
RFA

របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​វិស័យ​ស្រូវ-​អង្ករ​កម្ពុជា របស់​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា បញ្ហា​ខ្វះ​ទុន​សម្រាប់​ផ្គត់​ផ្គង់​ផលិតកម្ម និង​ការ​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រមាណ ៤០% បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ និង​ក្ស័យធន។

របាយការណ៍​ពី​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា អះអាង​ថា បញ្ហា​ខ្វះ​ទុន​សម្រាប់​ផ្គត់ផ្គង់​ផលិតកម្ម និង​ការ​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​ដែល​ខ្ចីបុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់​ប្រមាណ​ពី ៨% ទៅ ១២ % ចំពោះ​ធនាគារ​ពាណិជ្ជ និង​ពី ២០% ទៅ ៣០% សម្រាប់​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ ជា​មូលហេតុ​ចម្បង​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​តូច និង​មធ្យម ប្រកាស​បិទ​ទ្វារ និង​ក្ស័យធន។

របាយការណ៍​នេះ ត្រូវ​ឲ្យ​ដឹង​នៅ​ក្នុង​មហា​សន្និបាត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រចាំ​ឆ្នាំ ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា។

ក្រៅ​ពី​បញ្ហា​ខ្ចី​បុល​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់​នេះ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម បញ្ហា​ទិន្នផល​ផលិតកម្ម​ទាប ថ្លៃដើម​ផលិតកម្ម​ខ្ពស់ បញ្ហា​ខ្វះខាត​ទឹក ការ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ ថ្លៃ​អគ្គិសនី​ខ្ពស់ ខ្វះខាត​កម្លាំង​ពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ខ្ពស់ កំពង់ផែ​នាំ​ចេញ​នៅ​ឆ្ងាយ​ពី​ប្រភព​ផលិតកម្ម​ជាដើម។

​ជាមួយ​គ្នា​នេះ លំហូរ​ពូជ​ស្រូវ​ពី​បរទេស​ធ្វើ​ឲ្យ​ប្រជាកសិករ​យើង​ហាក់​ដូចជា​មាន​ទំនោរ​ទទួល​យក​ពូជ​ទាំង​នេះ​មក​ប្រើប្រាស់ ធ្វើ​ឲ្យ​ពូជស្រូវ​កម្ពុជា អាច​នឹង​ក្លាយ​ជា​ពូជ​មិន​សុទ្ធ ធ្វើ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ពូជ​ស្រូវ​ក្រអូប​ដែល​ធ្លាប់តែ​ល្បី​ឈ្មោះ។

ចំណែក​ឯ​បញ្ហា​អង្ករ​ពី​វៀតណាម ដែល​មាន​តម្លៃ​ថោក ត្រូវ​បាន​នាំ​ចូល​ទាំង​ស្របច្បាប់ និង​នាំ​ចូល​តាម​ច្រក​របៀង ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​បន្លំ​យក​មក​វេច​ខ្ចប់​លាយ​ជាមួយ​អង្ករ​កម្ពុជា ដើម្បី​នាំ​ចេញ​ក្រោម​រូបភាព​ជា​អង្ករ​មាន​ប្រភព​ដើម​ពី​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​របស់​លោក មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា បិទ​ទ្វារ និង​ក្ស័យធន ដោយសារ​តែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​នោះ​ខ្ចី​ក្នុង​ទំហំ​ធំ ជា​ប្រភេទ​ទុន​អចលនទ្រព្យ និង​រយៈពេល​យូរ។

ទន្ទឹម​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រៀបចំ​បញ្ហា​ផ្ទៃក្នុង​ឲ្យ​បាន​ត្រឹមត្រូវ និង​ពង្រឹង​កិច្ចសហការ​គ្នា​ទាំង​ក្រុម​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​រក្សា​ម៉ាស៊ីន​កិន​ស្រូវ​កុំ​ឲ្យ​ក្ស័យធន៖ «ឃើញ​ថា អ្នក​ក្ស័យធន ដោយសារ​មាន​អ្នក​មួយ​ចំនួន​លោភ គាត់​ចូល​ចិត្ត​ខ្ចី​លុយ​ធនាគារ​មក​ពង្រីក​ទុន ហើយ​ទុន​នេះ​មក​ពង្រីក​ទុន​អចលនទ្រព្យ។ ទុន​មាន​២ គឺ​ទុន​រយៈពេល​ខ្លី ហើយ​ទុន​អចលនទ្រព្យ​គឺ​ទុន​រយៈពេល​យូរ ហើយ​ដល់​ពេល​ត្រូវ​សង​ធនាគារ​វិញ​ធ្វើ​ឲ្យ​គាត់​ពិបាក​សង»

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ ទទួល​ស្គាល់​ថា ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្ស័យធន និង​បិទ​ទ្វារ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​ពង្រឹង​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល​ដែល​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ២០ ទៅ ៣០​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​វិស័យ​មួយ​នេះ៖ «យើង​នឹង​ពង្រឹង​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រួល​ដល់​សម្ពាធ​ពី​បច្ចុប្បន្ន ដោយសារ​ហានិភ័យ​ក្នុង​វិស័យ​កសិកម្ម​ពេល​បច្ចុប្បន្ន​កាន់តែ​កើន​ឡើង បាន​ធ្វើ​ឲ្យ​ធនាគារ​រឹត​បន្តឹង​ក្នុង​ការ​ឲ្យ​ខ្ចី អ៊ីចឹង​យើង​សង្ឃឹម​ថា ជួយ​ដល់​វិស័យ​នេះ»

របាយការណ៍​របស់​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ក៏​បាន​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាម​រយៈ​ការ​ស្វែង​រក​កម្ចី​ឥណទាន​ប្រមាណ ២៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​អត្រា​ការ​ប្រាក់​ទាប​ត្រឹម ៤% ក្នុង​មួយ​ឆ្នាំ ដើម្បី​បម្រើ​ដល់​ការ​ប្រមូល​ទិញ​ស្រូវ​ស្តុក និង​ការ​បង្វិល​សម្រាប់​នាំ​ចេញ។ ជាង​នេះ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ដែល​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​ធំ​កំពុង​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាល​គួរ​ពិនិត្យ​លទ្ធភាព​សងបំណុល​របស់​ខ្លួន​ជៀសវាង​ការ​បិទ​ទ្វារ និង​ក្ស័យធន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ក្នុងរបបគ្រប់គ្រងដោយប្រព័ន្ធ "ពុករលួយជាប្រព័ន្ធស្ថាប័នូបនីយកម្មនយោបាយ" ដែលប្រព័ន្ធសព្វថ្ងៃនេះកាន់កាប់ដោយបនអវិជ្ជានៃរបបញាត្តិពន្ធុនោះគឺវាបង្កើតឡើងជាបទឧក្រិដ្ឋទាំងសេដ្ឋកិច្ច នយោបាយ និងសង្គមដោយស្វ័យប្រវត្ត ហើយប្រព័ន្ធនេះវានឹងបំផ្លាញនូវស្ថេរភាពជាតិទាំងស្រុងនាបច្ចុប្បន្ននេះ។ បនកាន់អំណាចសព្វថ្ងៃនេះគឺពួកវាចងគ្នាជាប្រព័ន្ធក្បត់ជាតិឯងដោយមិនអាចប្រកែកបានឡើយ។ ចូរពិនិត្យមើលចុះ បនវានេះបានលើកបន្តុបតែក្រុមកូនចៅពួកវា តួយ៉ាងប្រធានសមាគមស្រូវអង្ករត្រូវតែងតាំងដោយកូនក្មេងនៅក្លិនទឹកដោះ ជាកូនសុខ អាន និងជាកូនប្រសារហ៊ុន សែន បើទោះជាក្មេងនេះវាបានដឹកនាំរហូតរលំរលាយម៉ាស៊ីនកិនស្រូវនិងក្ស័យធនយ៉ាងណាក៏ដោយគឺបនវានេះគ្មានឈឺក្បាលវិលមុខនោះឡើយ ចង់នណាស្លាប់ក៏ស្លាប់ទៅ កំុឲ្យតែក្រុមគ្រួសារបនក្បត់ជាតិឯងនៃបនពួកវាងាប់តៃហោងនោះបានឡើយ ហើយបននេះវាតែងតែគិតថាប្រទេសខ្មែរជារបស់កម្មសិទ្ធិនៃបនពួកវាដាច់ថ្លៃហើយមើលទៅ។

Jul 03, 2016 03:25 AM

គេហទំព័រ​ទាំងមូល