ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​ឥទ្ធិពល​សេដ្ឋកិច្ច​អន្តរជាតិ

ដោយ មួង ណារ៉េត
2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តារាង​ស្ថិតិ​ព្យាករណ៍ពីកំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។
តារាង​ស្ថិតិ​ព្យាករណ៍ពីកំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។
Screenshot

ក្នុង​របាយការណ៍​ព្យាករណ៍​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០១៩ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចេញផ្សាយ​ថ្ងៃ​ពុធ​ទី៣ ខែ​មេសា​នេះ រក​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី ៧% នៅ​ឆ្នាំ ២០១៩ ទៅ ៦.% ក្នុង​ឆ្នាំ២០២០។

របាយការណ៍​បង្ហាញ​ថា បញ្ហា​ប្រឈម​ជាច្រើន ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​នេះ រួមមាន​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ដែល​ជា​ទិសដៅ​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា​ដែរ។ បញ្ហា​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅ​ចិន និង វិស័យ​ទេសចរណ៍​ផង។

បញ្ហា​ប្រឈម​ដទៃ​ទៀត ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែរ គឺ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ទាំងមូល ដែល​នឹង​ធ្លាក់​ចុះ​ខ្លាំង ជាង​ការ​រំពឹង​ទុក។ ម្យ៉ាង​ទៀត កម្ពុជា​ក៏​ប្រឈម​នឹង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​កើន​ឡើង​ខ្លាំង នៃ​ប្រាក់​កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ នឹង​បង្ក​គ្រោះថ្នាក់​ដល់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា។ កត្តា​គ្រោះ​រាំងស្ងួត​នៅ​ឆ្នាំ២០១៩ នេះ ក៏​ជា​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែរ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ធនាគារ​អភិវឌ្ឍន៍​អាស៊ី សង្កត់ធ្ងន់​លើ​បញ្ហា​ប្រឈម​ខ្លាំង​មួយទៀត​របស់​ប្រទេស​កម្ពុជា គឺ​បញ្ហា​ខ្វះ​ធនធានមនុស្ស​ដែល​មាន​ជំនាញ ព្រោះ​កម្លាំង​ពលកម្ម​មាន​ច្រើន​មែន ប៉ុន្តែ ខ្វះ​កម្លាំង​ជំនាញ ដែល​និយោជក​ត្រូវការ​ចាំបាច់។

ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប នឹង​សម្រេច​ជា​ស្ថាពរ នូវ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នៅ​ដើម​ឆ្នាំ​២០២០ កម្ពុជា​បាន​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អឺរ៉ុប រួច​ទៅ​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ គ្រោះ​រាំងស្ងួត បាន​ប៉ះពាល់​ខ្លាំង​ដល់​របរ​កសិកម្ម និង​វិស័យ​ថាមពល​អគ្គីសនី ដោយសារ​គ្មាន​ទឹក​សម្រាប់​ទំនប់​វារីអគ្គិសនី នៅ​ទូទាំង​ប្រទេស​កម្ពុជា។

របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី២៩ ខែ​មីនា បាន​ដាក់​ចេញ​នូវ​កញ្ចប់​កំណែទម្រង់សេដ្ឋកិច្ច​ថ្មី​មួយ ដែល​របប​នេះ អះអាង​ថា នឹង​ជួយ​ដល់​អ្នក​វិនិយោគ កុំ​ឱ្យ​រត់ចោល​កម្ពុជា ពេល​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​។ ប៉ុន្តែ អ្នកវិភាគ​គោលនយោបាយ​យល់​ថា កំណែទម្រង់​នេះ មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ដល់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នៅ​ពេល​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល