ADBព្រមាន​ជាថ្មី​ពី​ហានិភ័យ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា បើ​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA

ដោយ មាន ឫទ្ធិ
2019.09.25
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ៦២០ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។
Photo: RFA

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ជាថ្មី​ម្ដង​ទៀត ព្រមាន​ពី​ហានិភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ ដែល​អាច​បណ្ដាល​មក​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ​» ឬ​ហៅ​កាត់​ថា EBA របស់​សហភាព​អឺរ៉ុប​។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព ស្ដីពី​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ​២០១៩ ទើបនឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ។

ផ្អែក​តាម​របាយការណ៍​បច្ចុប្បន្នភាព​ចុងក្រោយ របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​នេះ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ចំនួន​ពីរ។ ធនាគារ ផ្ដល់​អំណះអំណាង​ថា ហានិភ័យ​ក្រៅ​ស្រុក គឺ​លទ្ធភាព​ដែល​សហភាព​អឺរ៉ុប អាច​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ខ្លួន ដោយ​ផ្នែក ឬ​ទាំងស្រុង​តែម្ដង​ពី​កម្ពុជា​។ រីឯ​ហានិភ័យ​ក្នុងស្រុក​វិញ គឺ​ការ​បន្ត​ការ​កើនឡើង​នៃ​ឥណទាន​ផ្ដល់​ឱ្យ​ដល់​វិស័យ​អចលនទ្រព្យ និង​ធុរកិច្ច។ ធនាគារ​ក៏​ព្រមាន​ដែរ អំពី​ហានិភ័យ​បង្ក​ឡើង​ដោយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ធនាគារ​កត់សម្គាល់​ថា ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ពាក់​កណ្ដាល​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៩​នេះ ការណ៍​នេះ បាន​បង្អាក់​ទិន្នផល​ដំណាំ​កសិផល និង​ជលផល ដែល​តម្រូវ​ឱ្យ​ធនាគារ ត្រូវ​សើរើ​ឡើងវិញ​ចំពោះ​ការ​ព្យាករណ៍​របស់​ខ្លួន លើ​កំណើន​ក្នុង​វិស័យ​កសិកម្ម ពី ១,% មក​នៅ​ត្រឹម ១,% ក្នុង​ឆ្នាំ​២០១៩ ​នេះ។

យ៉ាងណាក៏ដោយ ធនាគារ​អភិវឌ្ឍន៍អាស៊ី នៅតែ​បន្ត​ជំហរ រក្សា​ការ​ព្យាករណ៍​របស់​ខ្លួន ដូច​កាលពី​ពេល​ចេញរ​បាយ​ការណ៍​ដំបូង​កាលពី​ខែ​មេសា ឆ្នាំ​២០១៩​នេះ ដែល​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ នឹង​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ​២០១៩​នេះ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០។

នាយក​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី អ្នកស្រី ស៊ុននីយ៉ា ដូររានី ចាម៉ាល់ (Sunniya Durrani-Jamal) ផ្តល់​អនុសាសន៍​ថា ដោយសារតែ​មានការ​កើន​ឡើង​នៃ​ភាព​មិន​ប្រាកដ​ប្រជា ក្នុង​បរិយាកាស​ពាណិជ្ជកម្ម​សាកល និង​ផល​ប៉ះពាល់​របស់​វា​មក​លើ​វិស័យ​សេវាកម្ម ដូចជា​វិស័យ​ទេសចរណ៍ កម្ពុជា​​ចាំបាច់​ត្រូវ​ផ្ដោត​លើ​ការពង្រីក​យុទ្ធសាស្ត្រ​ផលិតផល និង​សេវាកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ និង​ជាក់លាក់ ជាបន្ទាន់​។ អ្នកស្រី​ពន្យល់​ថា ដើម្បី​សម្រេច​បាន​យុទ្ធសាស្ត្រ​នេះ តម្រូវ​ឱ្យ​មានការ​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ហួសហេតុ​ពេក ការអភិវឌ្ឍន៍​កម្លាំង​ការងារ​ជំនាញ និង​ប្រកប ដោយ​ផលិតភាព​ឱ្យ​បាន​ច្រើនជាង​មុន ដើម្បី​សម្រប​តាម​ប្រាក់​ឈ្នួល និង​ទាក់ទាញ​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​តម្រូវ​ឱ្យ​មាន​នូវ​អភិបាលកិច្ច និង​ស្ថាប័ន​រឹងមាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។