តំណាងរាស្ត្រ​អាមេរិក​ទាមទារ​ឱ្យ​ប្រធានាធិបតី​ខ្លួន​ប្ដូរ​គោល​ជំហរ​​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ឱ្យ​ខ្លាំង​ជាង​នេះ

ដោយ តាំង សារ៉ាដា
2018-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA/Chun Chanboth

អ្នកបង្កើត​ច្បាប់​របស់​អាមេរិកាំង​ប្ដេជ្ញា​ថា ពួកគេ​នឹង​ដាក់​សំណើ​ជា​ផ្លូវការ​មួយ ទៅកាន់​សេត​វិមាន​ដើម្បី​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី ដូណាល ត្រាំ (Donald Trump) ប្ដូរ​គោលជំហរ​របស់​ខ្លួន​ពី​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា ងាក​មក​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​វិញ បើ​សិន​របប​ក្រុងភ្នំពេញ នៅតែ​រឹងទទឹង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា ខែ​កក្កដា ខាងមុខ។

ខាង​ក្រោម​នេះ​ជា​បទសម្ភាសន៍​របស់​លោក តាំង ស​រ៉ាដា ជាមួយ​លោក អាឡាន់ ឡូវែន ថល (Alan Lowenthal) តំណាងរាស្ត្រ ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ អំពី​វិបត្តិ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖

សារ៉ាដា- សួស្ដី​លោក អាឡាន់ ឡូវែនថល

អាឡាន់ ឡូវែនថល៖ បាទ​សួស្ដី​លោក តាំង សារ៉ាដា

សារ៉ាដា៖ លោក អាឡាន់ ឡូវែនថល រហូត​មក​ទល់​ពេលនេះ តើ​សេចក្ដី​ព្រាងច្បាប់​លេខ ២៤១២ ស្ដីពី​ការទទួលខុសត្រូវ និង​ការ​វិនិយោគទុន របស់​ព្រឹទ្ធសភា​អាមេរិកាំង​បាន​ដំណើរការ ដល់​ណា​ហើយ?

អាឡាន់៖ សេចក្ដីព្រាង​ច្បាប់​នោះ​កំពុងតែ​ដំណើរការ​ក្នុង​ដៃ​ព្រឹទ្ធសភា​នៅឡើយ។ ចំណែក​ខាង​រដ្ឋសភា​វិញ យើង​មាន សេចក្ដីព្រាង​ច្បាប់​ស្រដៀង​គ្នា​នេះ​ដែរ។ ប្រធាន​គណៈកម្មាធិការ កិច្ចការ​បរទេស​លោក អេដ រ៉យ (Ed Royce) លោក ថិត យូហូ (Ted Yoho) លោក ស្ទីវ ឆាបុត្រ (Steve Chabot) និង​តំណាងរាស្ត្រ​មួយ ចំនួន​ទៀត កំពុង​ដំណើរការ​លើ​សេចក្ដីព្រាង​ច្បាប់​នេះ។ នៅ​ពេល ដែល​សេចក្ដីព្រាង​ច្បាប់​នេះ​រៀបរៀង​ហើយ យើង​ដំណើរការ​អនុម័ត តែម្ដង។ ពេលនោះ​យើង​នឹង​ដំណើរការ​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​ពីរ គឺ​សេចក្ដីព្រាង​ច្បាប់​មួយ​នោះ យើង​មិនទាន់​ឃើញ​រូបរាង​ជាក់លាក់​ទេ ប៉ុន្តែ​វា​ជា​ប្រភេទ​ច្បាប់​ដែល​ដាក់ទណ្ឌកម្ម និង​ការ​អំពាវនាវ​ឱ្យ​ក្រសួង ការបរទេស​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា។ សេចក្ដីព្រាង​ច្បាប់ មួយទៀត​លេខ​៦៦១ ដែល​ខ្ញុំ​បាន​រៀបរៀង​ឡើង​ដើម្បី​ទាមទារ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។ សេចក្ដីព្រាង​ច្បាប់​នេះ បាន​រៀបចំ​រួចហើយ ហើយ​សេចក្ដីព្រាង​ច្បាប់​របស់​លោក អេដ រ៉យ (Ed Royce) អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​បញ្ចប់​នៅ​ក្នុង​ពេល​ឆាប់​នេះ​ដែរ។ ដូច្នេះ​រដ្ឋសភា​នឹង​ធ្វើ​ការ​អនុម័ត សេចក្ដីព្រាង​ច្បាប់​ទាំងពីរ​នេះ​តែម្ដង។

សារ៉ាដា៖ លោក មាន​ប្រសាសន៍​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា តើ​វា​ជា​ទណ្ឌកម្ម​ប្រភេទ​ណា​ដែរ?

អាឡាន់៖ ខ្ញុំ​នៅ​មិនទាន់​បាន​ឃើញ​សេចក្ដីព្រាង​ច្បាប់​របស់​លោក អេដ រ៉យ (Ed Royce) នៅឡើយ​ទេ។ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង​លោក អេដ រ៉យ (Ed Royce) ចង់​ធ្វើ​ច្បាប់​នោះ​ឱ្យ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ដាក់ទណ្ឌកម្ម ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ដូច្នេះ​យើង​នឹង​ចាំ​មើល​នៅ​សប្ដាហ៍​ក្រោយនេះ​។ រហូត​មក​ទល់​ពេលនេះ​គាត់​នៅ​មិនទាន់​បញ្ចេញ​ច្បាប់​នោះ​នៅ​ឡើយ​ទេ។

សារ៉ាដា៖ ចុះ​ចំណែក​សេចក្ដីព្រាង​ច្បាប់​របស់​លោក​លេខ​៦៦១ ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ កម្ពុជា​វិញ តើ​វា​មាន​ឥទ្ធិពល​អ្វីខ្លះ​ដែរ?

អាឡាន់៖ សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​មាន​ឥទ្ធិពល​នៅ​ពេល​ដែល រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​បន្ត​គាបសង្កត់​លើ​គណបក្សប្រឆាំង និង​លុបបំបាត់​គណបក្សប្រឆាំង ពេលនោះ​ហើយ​វា​នឹង​ជំរុញ​ឱ្យ​ច្បាប់​នេះ ដាក់​សម្ពាធ​ខាង​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ​សេចក្ដីព្រាង​ច្បាប់​របស់ខ្ញុំ និង​របស់​លោក អេដ រ៉យ (Ed Royce) មាន​ភាព​ស៊ី​សង្វាក់​គ្នា​ក្នុង​ន័យ​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ប្រាស់​ចាក​ពី​កិច្ច​ព្រមព្រៀង​នយោបាយ​របស់​លោក ដែល​បាន​ធ្វើ​ឡើងជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ នោះ។ ដូច្នេះ​សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ហើយ​ខ្ញុំ នឹង​គាំទ្រ​ឱ្យ​មានការ​ដាក់ទណ្ឌកម្ម​នេះ។

សារ៉ាដា៖ ចាប់​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលា​យមក តើ​ក្រុម​គណបក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​បាន​ធ្វើ​សកម្មភាព យុទ្ធសាស្ត្រ និង​ផែនការ​របស់​ខ្លួន​គ្រប់គ្រាន់​ដែរ​ទេ​ក្នុង​ការ​តតាំង ជាមួយ​របប​ក្រុងភ្នំពេញ​នោះ?

អាឡាន់៖ ដូច​លោក​ដឹង​ហើយ​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម រំខាន​ដល់​ការ​បោះឆ្នោត​ជាតិ​ដែល​មាន​រយៈពេល​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ។ គាត់​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​មនុស្ស របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ ដូចជា​លោក កឹម សុខា និង​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដល់​លោក សម រង្ស៊ី និង​ការ​បណ្តេញ​តំណាងរាស្ត្រ​របស់​គណបក្ស​នេះ​ចេញពី​រដ្ឋសភា​ថែមទៀត។ លោក ហ៊ុន សែន ត្រូវតែ​បញ្ឈប់​សកម្មភាព​បែបនេះ។ មូលហេតុ​ដែល យើង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​របប​ក្រុងភ្នំពេញ ដោយសារ យើង​មិន​មាន​ពេល​ច្រើន​ទៀត​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​ជាតិ​កំពុង ខិត​ជិត​ចូល​មក​ដល់​ហើយ។ ប្រសិនបើ​យើង​មិន​ធ្វើ​ច្បាប់​បែបនេះ​ទេ នោះ​វា​នឹង​គ្មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ខណៈ​លោក ហ៊ុន សែន មិន​ចង់​អោយ​គណបក្ស​សង្គ្រោះជាតិ រស់​ឡើង​វិញ ជា​ជាង​ការ​ចង់​បាន​ការបោះឆ្នោត​បែប​ឯក​បក្ស​នោះ។

សារ៉ាដា៖ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ធ្វើដំណើរ​ដល់​កម្ពុជា​រហូត​ដល់ ឆ្នាំ​២០២០​។ តើ​នេះ​ជា​ការ​លើកទឹកចិត្ត ឬ​រង្វាន់​ដល់​របប​ក្រុងភ្នំពេញ ដែរ​ទេ?

អាឡាន់៖ អត់​ទេ យើង​បាន​កាត់​ជំនួយ​ជាច្រើន​តាមរយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍ របស់​អង្គការ​សហប្រជាជាតិ និង​ជំនួយ​ផ្សេងៗ​ជាច្រើន ទៀត​តាមរយៈ​ក្រសួងការបរទេស​អាមេរិក។ នៅ​ពេល​នេះ​យើង នៅ​សល់​តែ​ជំនួយ​មនុស្សធម៌​មួយ​ចំនួន​ប៉ុណ្ណោះ។ ដូច្នេះ​យើង​បាន កាត់​ជំនួយ​ច្រើន​ណាស់​ដល់​កម្ពុជា ប៉ុន្តែ​យើង​ក៏​ចង់​ឱ្យ​មានការ​ប៉ះទង្គិច ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ដែរ។ យើង​គ្រាន់តែ​ចង់​ផ្ញើ​សារ​ទៅ​លោក ហ៊ុន សែន ថា​ទី​មួយ​យើង​កាត់​ជំនួយ​ដល់​អ្នកឯង ហើយ​ជំហាន​ទី​ពីរ យើង​នឹង​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ជាបន្ទាន់​មួយ​ដើម្បី​ចាត់​វិធាន​ដ៏​ខ្លាំងក្លា​មួយ ក្នុង​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​តែម្ដង។

សារ៉ាដា៖ សារព័ត៌មាន​និង​សង្គម​ស៊ីវិល​ជាច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ និយាយ​ថា សហរដ្ឋអាមេរិក​ហាក់​មាន​ជំហរ​បន្ធូរបន្ថយ​សម្ពាធ​របស់​ខ្លួន ដល់​កម្ពុជា​ទៅវិញ ទោះ​បីជា​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​ចូល​មក ដល់​ក៏ដោយ ហើយ​លោក ហ៊ុន សែន ក៏​នូវ​មិនទាន់​បង្ហាញ​ភ្លើង​ខៀវ ឬ​សញ្ញា​ណាមួយ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខ​នោះ​ឡើយ។ តើ​លោក​មាន​ប្រតិកម្ម យ៉ាងណា​ដែរ?

អាឡាន់៖ ខ្ញុំ​គិត​ថា​ចំនួន​ខ្លះ​វា​ជា​ការពិត ហើយ​ខ្ញុំ​យល់ថា​អាមេរិក​កំពុង ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង​ពាណិជ្ចកម្ម និង​សេដ្ឋកិច្ច ជាមួយ​កម្ពុជា ប៉ុន្តែ​អាមេរិក​នៅ​មិន​ទាន់​បាន​តតាំង​ឱ្យ​បាន​ខ្លាំងក្លា ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ករ​ណី​រំលោភ​សិទ្ធិ​មនុស្ស និង​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ​។ ដូច្នេះ​ខ្ញុំ​យល់ស្រប​ថា រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​គួរ​មាន​វិធានការ​លើស​ពី​នេះ​។ ខ្ញុំ​យល់ថា រដ្ឋបាល​របស់​លោក ដូណាល ត្រាំ និង​ក្រសួងការបរទេស​អាមេរិក ត្រូវតែ ចាត់វិធានការ​ទៅលើ រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដើរ​ខុស គន្លង​ប្រជាធិបតេយ្យ តាមរយៈ​ការ​ទាត់ចោល​គណបក្ស​សង្គ្រោះជាតិ​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត។ ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​ត្រូវតែ និយាយ​អំពី​បញ្ហា​នេះ។ ការ​លើកឡើង​របស់​លោក​ត្រឹមត្រូវ​ហើយ ពីព្រោះ​យើង​មិនដែល​ឮ​អ្វី​ចេញពី​មាត់​លោក​ប្រធានាធិបតី​ករណី​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។

សារ៉ាដា៖ ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ប្រព័ន្ធ អនុគ្រោះ​ពន្ធ GSP ខាង​ផ្នែក​ផលិតផល​ធ្វើដំណើរ​ដល់​កម្ពុជា​រហូត ដល់​ឆ្នាំ​២០២០ ខណៈ​ដែល​រដ្ឋសភា​អាមេរិក​កំពុង​ធ្វើ​ច្បាប់​ដើម្បី ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា​ទៅវិញ។ តើ​ហេតុអ្វី​បានជា លក្ខណៈ​ផ្ទុយគ្នា​ដូច្នេះ?

អាឡាន់៖ តួនាទី​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​ត្រូវ​ធ្វើ​ការ​ជំរុញ​ឱ្យ សេត​វិមាន​ប្រធានាធិបតី​ផ្លាស់ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​កម្ពុជា។ ហើយ​ពួកគេ​ត្រូវ​ប្រាប់​ដល់​ប្រធានាធិបតី​អាមេរិក ពួក​យើង​ចង់បាន​ឱ្យ​មានការ​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា។ បញ្ហា​នេះ​គឺ​យើង​ត្រូវ​ធ្វើ​ឡើង​ទាំងពីរ​គណបក្ស​តែម្ដង​។ អ្វី​​​ដែល​ខ្ញុំ ចង់បាន​គឺ​ត្រូវតែ​ដាក់ទណ្ឌកម្ម​ដល់​កម្ពុជា​ជាបន្ទាន់។ ហើយ​ប្រសិនបើ យើង​រង់ចាំ​យូរ​ពេក​រហូតដល់​ផុត​ការ​បោះឆ្នោត​ជាតិ​នោះ វា​នឹង​នាំ​ឱ្យ បាត់បង់​ឱកាស​ចុងក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​កំពុង​រង​នូវ​ការបំផ្លាញ​បាត់​ទៅ​ហើយ។

សារ៉ាដា៖ តើ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នៅ​ពេល​នេះ​អាច ជា​ការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​ជាមួយ​ប្រទេស​ចិន​ដែរ​ទេ?

អាឡាន់៖ សភា​សហរដ្ឋអាមេរិក​ត្រូវតែ​ចាប់ផ្ដើម​ធ្វើ​សេចក្ដីថ្លែងការណ៍ របស់​ខ្លួន​នៅ​ពេល​ឥឡូវនេះ​។ ជំហរ រដ្ឋាភិបាល​របស់​យើង​មិន​បាន​តតាំង​អ្វី​ជា​ដុំកំភួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ ជាង​នេះ ទៅ​ទៀត​រដ្ឋាភិបាល​របស់​លោក ដូណាល ត្រាំ ក៏​មិនបាន​ដាក់ទណ្ឌកម្ម អ្វី​ឱ្យ​ពិតប្រាកដ​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ដែរ។ នេះ​គឺជា​ការ​ទទួលខុសត្រូវ​របស់​សភា​អាមេរិកាំង​ទាំងមូល ដែល​ត្រូវ​ចាត់​វិធានការ ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ នោះ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា នឹង​បាត់បង់​ជា​មិនខាន។

សារ៉ាដា៖ តើ​លោក​ដឹង​ថា​នៅ​ពេល​ណា​ទើប​មាន​វិធានការ​ទាំងនេះ ពី​សភា​តំណាងរាស្ត្រ​របស់​អាមេរិក​ទាំងមូល?

អាឡាន់៖ ខ្ញុំ​បាន​ព្យាយាម​គោះ​ទ្វា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា ស្ទើរ​រាល់ថ្ងៃ។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់ និង​សមាជិកសភា​ជាន់ខ្ពស់​ដទៃ​ទៀត​ថា​ប្រញាប់​ចាត់វិធានការ​ករណី​កម្ពុជា​នេះ​ឡើង​។ ខ្ញុំ​ដឹង​ថា​លោក ស្ទីវ ឆាបុត្រ និង​ថិត យូហូ ចង់​ធ្វើ​ករណី​នេះ​ភ្លាមៗ​។ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា បញ្ហា​នេះ​វា​ជា​អាទិភាព​ខ្ពស់​សម្រាប់​លោក អេដ រ៉យ (Ed Royce) ដែរ។ ប៉ុន្តែ​កិច្ចការ​របស់ខ្ញុំ​គឺ​ស្វែងរក​ការ​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា​ជាបន្ទាន់។ តាម​ពិត​ទៅ​រដ្ឋសភា​មាន​កិច្ចការ​ច្រើន ខ្លាំង​ណាស់​ដែល​អាច​នាំ​ឱ្យ​ក្រុម​តំណាងរាស្ត្រ​ទាំងនោះ​ភ្លេច​អំពី​ករណី វិបត្តិ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​ជា​ប្រទេស​តូច​។ ដូច្នេះ​យើង​ត្រូវ​យកចិត្ត​ទុកដាក់​អំពី​បញ្ហា​កម្ពុជា​នៅ​ពេល​នេះ​តែម្ដង បើ​មិន​អ៊ីចឹង​ទេ នោះ​យើង​នឹង​បាត់បង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​។ យើង​គ្មាន ពេល​ច្រើន​ទៀត​នោះ​ទេ។

សារ៉ាដា៖ ជា​ចុងក្រោយ​តើ​លោក​មាន​អ្វី​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែរ​ទេ?

អាឡាន់៖ ខ្ញុំ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ​ទូទៅ​សូម​មេត្តា​ទូរស័ព្ទ​ទៅ តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ដែល​ពួកគេ​កំពុង​រស់នៅ ហើយ​ត្រូវ​និយាយ​ថា ដល់​ពេល​ដែល​ត្រូវ​នាំគ្នា​ដាក់​សម្ពាធ​ដល់​រដ្ឋ​កម្ពុជា គាំទ្រ​រាល់​សេចក្ដីព្រាង​ច្បាប់​របស់​ព្រឹទ្ធសភា និង​រដ្ឋសភា។ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ និយាយ​ថា ពួកគេ​គ្មាន​ពេល​ដែល​ត្រូវ​ត្រា​ប្រណី​របប​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​បំផ្លាញ​ប្រជាធិបតេយ្យ និង​បំផ្លាញ​ដំណើរការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។ ម្យ៉ាងទៀត​ពួកគេ​អាច និយាយ​បាន​ថា​សហរដ្ឋ​អាមេរិក​ត្រូវតែ​ដាក់​សម្ពាធ​ជាបន្ទាន់ ហើយ​ពលរដ្ឋ​ត្រូវ​បញ្ជាក់​ប្រាប់​តំណាងរាស្ត្រ​របស់​ពួកគេ​ថា ត្រូវ​ចាត់វិធានការ​នៅ​ថ្ងៃ​នេះ​ភ្លាម។

សារ៉ាដា៖ បាទ​សូម​អគុណ​ច្រើន​លោក អាឡាន់ ឡូវែនថល​!

អាឡាន់៖ ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​បាន​ធ្វើ​បទ​សម្ភាស​ជាមួយលោក។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល