បក្សប្រឆាំងស្នើរបបក្រុងភ្នំពេញចាត់វិធានការផ្អាកការសងបំណុលរយៈពេល៣ខែសម្រាប់ពលរដ្ឋ
2020.05.25
គណបក្សសង្គ្រោះជាតិ ទទូចឱ្យរបបក្រុងភ្នំពេញ ចាត់វិធានការឱ្យមានប្រសិទ្ធិភាពក្នុងការពន្យាពេល ឬផ្អាកការសងបំណុលរបស់ប្រជាពលរដ្ឋខ្មែររយៈពេលយ៉ាងតិច ៣ខែទៅមុខទៀត ខណៈពលរដ្ឋខ្មែររាប់លាននាក់កំពុងជួបទុក្ខលំបាកផ្នែកជីវភាពដោយសារជំងឺ កូវីដ-១៩។ ចំណែក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាល មិនអាចដោះស្រាយតាមសំណើររបស់បក្សប្រឆាំងដែលបង្កប់ហេតុផលនយោបាយបានទេ។
គណបក្សសង្គ្រោះជាតិ លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែឧសភា ថា វិបត្តិសេដ្ឋកិច្ច បង្កដោយការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់ជួបទុក្ខលំបាកយ៉ាង ខ្លាំងក្នុងជីវភាពរស់នៅ ដោយសារបាត់បង់ការងារ និងប្រាក់ចំណូល ជាពិសេសពលរដ្ឋដែលជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ស្ថិតក្នុងស្ថានភាពដែលពលរដ្ឋខ្មែររាប់លាននាក់កំពុងប្រឈមនឹងវិបត្តិជំពាក់បំណុលនេះ គណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យរបបក្រុងភ្នំពេញ ចាត់វិធានការជាក់លាក់ និងម៉ឹងម៉ាត់ ដើម្បីធានាឱ្យមានការពន្យារពេល ព្យួរ ឬផ្អាកការសងបំណុលទាំងប្រាក់ដើម និងការប្រាក់របស់ប្រជាពលរដ្ឋដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធិភាពពេញលេញ សម្រាប់រយៈពេល ៣ខែទៅមុខទៀត និងធានាកុំឱ្យមានការរឹបអូសផ្ទះសម្បែង និងដីធ្លីរបស់ពលរដ្ឋ។ គណបក្សប្រឆាំងដ៏ធំមួយនេះ ក៏ស្នើសុំឱ្យរបបក្រុងភ្នំពេញ ត្រូវបញ្ចេញកញ្ចប់ថវិកាជាតិបន្ទាន់មួយ ដើម្បីជួយទ្រទ្រង់ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងបំណងធានានិរន្តរភាពនៃ ការផ្តល់កម្ចីឥណទាន ព្រមទាំងប្រតិបត្តិការរបស់ធានាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យធនាគារជាតិ នៃកម្ពុជាអ្នកស្រី ជា សិរី បានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការលើកឡើងរបស់គណបក្សប្រឆាំងនេះថា គ្រាន់តែជាវោហាស័ព្ទឱ្យពីរោះស្តាប់ និងឆ្លៀតកេងចំណេញផលប្រយោជន៍នយោបាយប៉ុណ្ណោះ៖ «មិនមែនជាការពិតស្តែងកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ យើងឃើញធនាគារកណ្តាលកម្ពុជា បានធ្វើកិច្ចការបានពន្យល់ប្រាប់ដល់រាល់សាខាធនាគារមីក្រូហិរញ្ញវត្ថុ ហើយនៅពេលថ្មីៗនេះ ដូចជាម្សិលមិញនេះ គឺឯកឧត្តម ជា ចាន់តូ បានទៅដល់ខេត្តប៉ៃលិន និងបានពន្យល់ប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់អំពីរឿងហិរញ្ញវត្ថុនេះឯង ហើយយើងមានវិធានការមួយចំនួន ប៉ុន្តែការងារហិរញ្ញវត្ថុ គេអត់ផ្សាយជាសាធារណៈទេ ពីព្រោះយើងដឹងថា អ្នកខ្លះដេកផ្សំដួល»។
ទោះជាយ៉ាងណា គណបក្សបក្សប្រឆាំង បានលើកឡើងដូចក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនដែរថា វិធានការមួយចំនួនរបស់រដ្ឋាភិបាលកន្លងមកដែលលើកទឹកចិត្តឱ្យគ្រឹះស្ថាន ផ្តល់ប្រាក់កម្ចីពិនិត្យលទ្ធភាពនៃការសងបំណុលរបស់ពលរដ្ឋ តាមករណីជាក់ស្តែងនីមួយៗនោះ មិនមានប្រសិទ្ធភាពពេញលេញនោះទេ។ គណបក្សបក្សប្រឆាំង កត់សម្គាល់ថា ស្ថាប័នផ្តល់ប្រាក់កម្ចី មួយចំនួន នៅតែបន្តឱ្យពលរដ្ឋសងបំណុលដូចធម្មតា ដែលធ្វើឱ្យពលរដ្ឋខ្លះបង្ខំចិត្តលក់កេរអាករឬរកកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ ឬអ្នកខ្លះបង្ខំចិត្តធ្វើចំណាកស្រុកប្រថុយប្រថានទៅប្រទេសថៃជាថ្មី ដើម្បីរកប្រាក់ដោះស្រាយបំណុល។ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ថ្លែងថា ចំពោះការស្នើសុំរបស់គណបក្សសង្គ្រោះជាតិនេះ គឺខាងស្ថានប័នមីក្រូហិរញ្ញវត្ថុ បានដោះស្រាយរួចហើយ។ លោកបញ្ជាក់ថា គិតមកទល់ពេលនេះ មានអតិថិជន ១៧ម៉ឺននាក់ បានស្នើសុំរៀបចំកម្ចីឡើងវិញ ហើយក្នុងនោះមានជាង ១៥ម៉ឺននាក់ ត្រូវបានដោះស្រាយជូន និងកំពុងពិនិត្យដោះស្រាយជាបន្តបន្ទាប់ទៀត៖ «ទាក់ទងនឹងការសុំកុំឱ្យរឹបអូសដីធ្លីអីនេះ សមាគម រួមទាំង សមាជិករបស់ខ្លួនបានប្តេជ្ញាចិត្តរួចទៅហើយថា ក្នុងរយៈពេលនៃការលំបាកបណ្តាលមកពីកូវីដ-១៩នេះ នឹងមិនមានការរឹបអូសដីធ្លីផ្ទះសម្បែងអតិថិជននោះទេ។ វាមិនមែនត្រឹមតែជាការប្តេជ្ញាចិត្តនោះទេ ប៉ុន្តែក៏មានការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាផងដែរ»។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង ២លាន ៥សែននាក់ មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣ពាន់ ៨រយដុល្លារ ( ៣.៨០០ដុល្លារ) ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក។អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី មានប្រសាសន៍ថា រដ្ឋាភិបាល មិនគួរបដិសេធភ្លាមៗចំពោះសំណើរទាំងនោះ ដោយសារតែជាសំណើររបស់បក្សប្រឆាំង ឬរបស់ក្រុមអង្គការសង្គម ស៊ីវិលឡើយ។ លោកពិនិត្យឃើញថា ក្នុងអំឡុងពេលនៃរីករាលជំងឺកូវីដ-១៩នេះ ពលរដ្ឋមិនមែនជួបបញ្ហាប្រឈមតែរឿងជំពាក់បំណុលនោះទេ សូម្បីតែរឿងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ក៏កំពុងប្រឈមបញ្ហាធ្ងន់ធ្ងរដែរ។ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ យល់ថា វិធានការរបស់រដ្ឋាភិបាល ដែលណែនាំឱ្យស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុវត្តឥណទានរៀបចំឡើងវិញ ឬពន្យារពេលសងបណ្ដោះអាសន្នសម្រាប់អតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងក្នុងវិស័យចំនួន៤ រួមមាន៖ ទេសចរណ៍ វិស័យកាត់ដេរ វិស័យសំណង់ និងវិស័យដឹកជញ្ជូនកន្លងមកនោះ មិនគួរជា ដំណោះស្រាយចុងក្រោយនោះទេ គួរតែមានដោះស្រាយជាបន្តបន្ទាប់ទៀត៖ «ដំណោះស្រាយមួយនេះ ហាក់ដូចជាពលរដ្ឋមិនទាន់យល់ដឹង ប៉ុន្មានទេ ហើយពលរដ្ឋមួយចំនួនទៀតដែលជាប់បំណុលធនាគារនេះ មិនស្ថិតនៅក្នុងនៅក្នុងវិស័យ អាទិភាពដែលធនាគារជាតិបានកំណត់ទៅទៀត។ ដំណោះស្រាយតទៅទៀតនេះគឺជាពិសេសកម្មករដែលបាត់បង់ការងារជិត ២០ម៉ឺននាក់ គឺគួរត្រូវតែទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនពីរដ្ឋ ដែលលោក នាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសថា យើងមានទុនបម្រុងសម្រាប់ដោះស្រាយបញ្ហានេះប្រមាណពី ៨រយ ទៅ ២ពាន់លាន (ដុល្លារ) គឺគួរតែដល់ពេលវេលាមួយ ឬពិចារណាបញ្ចេញថវិកានោះមកដើម្បីជួយទប់ជីវភាពរបស់ពលរដ្ឋ»។
គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល បង្ហាញការព្រួយបារម្ភដូចៗគ្នាថា ប្រសិនបើរដ្ឋាភិ បាល នៅតែពន្យារពេលមិនបញ្ចេញកញ្ចប់ថវិកាបម្រុងជួយដល់ពលរដ្ឋ និងមិនចាត់វិធានការដោះស្រាយវិបត្តិជំពាក់បំណុលទាំងនេះទេ នឹងធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ ហើយអាច នឹងកើតមានវិបត្តិសង្គមផ្សេងៗដែលកាន់តែពិបាកដោះស្រាយនៅពេលខាងមុខ៕