កម្ពុជា​ដាក់​ប្ដឹង​ទៅ​តុលាការ​អឺរ៉ុប រឿង​យក​ពន្ធ​អង្ករ​ខ្មែរ

ដោយ មួង ណារ៉េត
2019-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៣-មេសា-២០១៦៖ រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth
២៣-មេសា-២០១៦៖ រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

កម្ពុជា បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប រឿង​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​ខ្មែរ។ សារព័ត៌មាន​រ៉យទ័រ (Reuters) ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី១១ ខែ​មេសា ដោយ​ដក​ស្រង់​ជំហរ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ថា សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប​នេះ គឺ​ជា​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​ប្រឆាំង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។

គណៈកម្មការ​អឺរ៉ុប សម្រេច​ជា​ផ្លូវការ​ លែង​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ លើ​អង្ករ​ខ្មែរ​ដែល​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា គិត​ចាប់ពី​​ថ្ងៃ​ទី១៨ មករា ឆ្នាំ២០១៩ ត​ទៅ។ ការ​សម្រេច​យក​ពន្ធ​លើ​អង្ករ​ខ្មែរ​នេះ​ ដោយសារ​ ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ទៅ​អឺរ៉ុប បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុងក្រោយ គឺ​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៧។ គណៈកម្មការ​អឺរ៉ុប​ថា ដោយសារ​ការ​អនុគ្រោះ​ពន្ធ​នេះ ធ្វើ​ឲ្យ​ការ​នាំ​ចូល​អង្ករ​ខ្មែរ​អាច​លក់​ក្នុង​តម្លៃ​ទាប ដែល​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ សម្រាប់​ក្រុម​អ្នក​ផលិត​អង្ករ​នៅ​អឺរ៉ុប។

ទោះ​ជា​យ៉ាង​នេះ​ក្តី កម្ពុជា​នៅ​តែ​អាច​នាំ​អង្ករ​ទៅ​អឺរ៉ុប​បាន​ដដែល ប៉ុន្តែ ត្រូវ​បង់​ពន្ធ​ពេញ​ថ្លៃ ក្នុង​អត្រា​ជិត ២០០ដុល្លារ​អាមេរិក​ សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ​ដំបូង ២០១៩ ហើយ​អត្រា​ពន្ធ​នេះ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១៧០ដុល្លារ សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ២០២០ និង​ជាង ១៤១ដុល្លារ​ ក្នុង​អង្ករ​មួយ​តោន នៅ​ឆ្នាំ២០២១។

តាំង​ពី​សហភាព​អឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធ​មក ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បាន​តែ​ជាង​ប្រាំ​ម៉ឺន​តោន (51,552 tons of milled rice) ប៉ុណ្ណោះ ទៅ​កាន់​ទីផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប។ ចំនួន​នេះ ថយ​ចុះ ៣៣% បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ កាល​ពី​ឆ្នាំ២០១៨។

របប​លោក ហ៊ុន សែន កាល​ពី​ចុង​ខែ មីនា បាន​ប្រកាស​ដាក់​ចេញ​ នូវ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ថ្មី​មួយ​ជា​កញ្ចប់​ ដែល​របប​នេះ​អះអាង​ថា អាច​ទប់​ទល់​នឹង​សម្ពាធ​អន្តរជាតិ ក្នុង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណា​មួយ​។ ក៏ប៉ុន្តែ បើ​តាម​តួលេខ​នៃ​ការ​ធ្លាក់​ចុះ ក្នុង​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប ក្រោយ​លែង​មានការ​អនុគ្រោះ​ពន្ធ កម្ពុជា​មិន​អាច​នាំ​ចេញ​អង្ករ​បាន​ច្រើន ទៅ​ទីផ្សារ​អឺរ៉ុប ដូច​កាល​មិន​ទាន់​ដាច់​ការ​អនុគ្រោះ​ពន្ធ​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល