"ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បន្ថែម​ទៀត​នឹង​ធ្លាក់ខ្លួន​ក្រ​ពេល​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប"

ដោយ មួង ណារ៉េត
2019-02-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​អនាថា​ក្រីក្រ​សម្រាក​តាម​​ចិញ្ចើម​ថ្នល់​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០១៤។
ជន​អនាថា​ក្រីក្រ​សម្រាក​តាម​​ចិញ្ចើម​ថ្នល់​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០១៤។
Photo: RFA

ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ នឹង​រអិល​ធ្លាក់ខ្លួន​ក្រ​វិញ​ភ្លាម ដោយសារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច ពេល​អង់គ្លេស​ដក​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប។ អង់គ្លេស​គ្រោង​នឹង​ផ្តាច់​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប​នេះ នៅ​ចុង​ខែ​មីនា ខាងមុខ​នេះ។

តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អភិវឌ្ឍ​អាល្លឺម៉ង់ (DIE) ចេញ​ផ្សាយ​នៅ​ដើមខែ​កុម្ភៈ​នេះ ឱ្យ​ដឹង​ថា នៅ​ពេល​អង់គ្លេស ដក​ខ្លួន​ពី​សហភាព​អឺរ៉ុប​នេះ ប្រទេស​កម្ពុជា នឹង​រង​គ្រោះ​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន រួមមាន​ឡាវ ភូមា ឬ​មីយ៉ាន់ម៉ា និង ទីម័រ​ខាងកើត ដែល​សុទ្ធតែ​ទទួល​ផល​​ពី​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​អង់គ្លេស ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ខ្លាំង ទៅលើ​ទីផ្សារ​អង់គ្លេស សម្រាប់​ការ​នាំ​ទំនិញ និង​ផលិតផល​របស់​ខ្លួន ក្រោម​កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពន្ធ EBA

សព្វថ្ងៃ​ទំនិញ និង​ផលិតផល​របស់​កម្ពុជា នាំ​ចេញទៅ​អង់គ្លេស មាន ៧.% នៃ​ការនាំចេញ​សរុបទៅ​ទីផ្សារ​អន្តរជាតិ។ របាយការណ៍​ដដែល​រក​ឃើញ​ថា ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ ក្នុង​ការ​នាំចេញ​ទំនិញ និង​ផលិតផល​របស់​កម្ពុ​ជា ទៅ​អង់គ្លេស​នេះ នឹង​ធ្វើ​ឱ្យ​ផល​ទុន​ក្នុងស្រុក​សរុប ឬ GDP របស់​កម្ពុជា នឹង​ធ្លាក់​ចុះ ១%

មិនតែប៉ុណ្ណោះ វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​កម្ពុជា នឹង​បាត់បង់ ៣% ក្នុង​ការ​នាំ​ចេញទៅ​អង់គ្លេស។ ការ​នាំចេញ​ចំណីអាហារ ក៏​នឹង​ធ្លាក់​ចុះ ៤.១៤%

ធនាគារ​ពិភពលោក ធ្លាប់​បាន​ព្រមាន​ប្រទេស​កម្ពុជា ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ងើប​ផុត​យ៉ាង​ប្រផុតប្រផើយ​ពី​ភាព​ក្រីក្រ ឬ​ប៊ិះ​ក្រ​នោះ ងាយ​នឹង​រអិល​ធ្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ ដោយ​គ្រាន់តែ​ជួប​បញ្ហា​សេដ្ឋកិច្ច ឬ​បញ្ហា​វិបត្តិ​អ្វី​ផ្សេង តែ​បន្តិច​ប៉ុណ្ណោះ។ ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ជាមួយ​អង់គ្លេស​នេះ គឺ​អាច​ជា​បញ្ហា​សេដ្ឋកិច្ច ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប៊ិះ​ក្រ ធ្លាក់ខ្លួន​ក្រ​វិញ រាប់​លាន់​នាក់។

បើ​តាម​តួលេខ​របស់​ធនាគារ​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៤ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ ៤​លាន​កន្លះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប៊ិះ​ក្រ ដែល​ងាយ​នឹង​ធ្លាក់ខ្លួន​ក្រ​វិញ​ភ្លាម បើ​វិបត្តិ​អ្វី​តែ​បន្តិចបន្តួច។ ប៉ុន្តែ បើ​តាម​ការ​រក​ឃើញ របស់​អង្គការ​អន្តរជាតិ​ពីរ​ផ្សេងទៀត រួមមាន​អង្គការ UNDP និង អង្គការ GIZ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ដែល​បាន​រក​ឃើញ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា នៅ​មាន​ចន្លោះ​ពី ២០-៣៥% នៅឡើយ​នោះ បាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​រហូតដល់​កន្លះ​ប្រទេស ឬ ៨​លាន​នាក់ អាច​នឹង​រអិល​ធ្លាក់ខ្លួន​ក្រ​វិញ​ភ្លាម ក្នុង​ស្ថានភាព​វិបត្តិ​បែបនេះ។

ប្រទេស​អង់គ្លេស​ជា​សមាជិក​មួយ ក្នុងចំណោម​សមាជិក ២៨ ប្រទេស​នៃ​សហភាព​អឺរ៉ុប។ ប៉ុន្តែ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦ ពលរដ្ឋ​អង់គ្លេស​ជាង ៥០% (៥១.%) គាំទ្រ​ការ​ធ្វើ​ប្រជាមតិ ឱ្យ​អង់គ្លេស​ដក​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប។

កម្ពុជា​ទទួល​បាន​ផលប្រយោជន៍ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ ឬ EBA ពី​អង់គ្លេស​ដោយសារតែ អង់គ្លេស​នៅ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប និង ជាប់​កាតព្វកិច្ច​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​។

ពេល​អង់គ្លេស​ដក​ខ្លួន​ពី​សហភាព​អឺរ៉ុប ប្រទេស​នេះ​លែង​ជាប់​កាតព្វកិច្ច​នេះ​ទៀតហើយ ហើយ​កម្ពុជា​នឹង​បាត់បង់​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​ស្វ័យប្រវត្តិ ពេល​អង់គ្លេស​ដក​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប កម្ពុជា​ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ធំ​ជាង​នេះ​ទៀត នៅ​ពេល​ដែល​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ អំពី​ផល​ប៉ះពាល់​នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់​អះអាង​ជាប្រចាំ​ថា កម្ពុជា​មិន​ស្លាប់​ទេ ទោះ​អត់​មានការ​អនុគ្រោះ​ពន្ធ​នេះ ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល