មន្ត្រីធនាគារជាតិថា ប្រាក់យ័នចិនអនុញ្ញាតឲ្យចរាចរណ៍តែក្នុងធនាគារ និងមីក្រូហិរញ្ញវត្ថុ តែអ្នកជំនាញសេដ្ឋកិច្ចថា ប៉ះពាល់ប្រាក់រៀលខ្មែរ
2019.04.30
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អះអាងថា រូបិយប័ណ្ណចិន ឬប្រាក់យ័ន ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍តែក្នុងធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមែនចរាចរណ៍ក្នុងទីផ្សារកម្ពុជា ដូចប្រាក់ដុល្លារ និងប្រាក់រៀលខ្មែរនោះទេ។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចព្រួយបារម្ភ ពីផលប៉ះពាល់ រូបិយប័ណ្ណជាតិ ឬប្រាក់រៀល។
អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែ ជូ ឲ្យដឹងនៅថ្ងៃទី២៩ មេសាថា រដ្ឋាភិបាលអនុញ្ញាតឲ្យចរាចរណ៍ រូបិយប័ណ្ណចិន ក្នុងធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងបង្កលក្ខណៈងាយស្រួល ដល់ប្រភពទុនវិនិយោគចិនធ្វើពាណិជ្ជកម្មឆ្លងដែនមកកម្ពុជា ក៏ប៉ុន្តែលោកបារម្ភថា បញ្ហានេះអាចបង្កភាពអវិជ្ជមានមួយចំនួន ប៉ះពាល់ដល់គោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែររបស់ធនាគារជាតិ។ លោកបញ្ជាក់ថា កម្ពុជាមានទិសដៅកាត់បន្ថយប្រាក់បរទេស ជាពិសេសប្រាក់ដុល្លារ ដែលធនាគារជាតិបានរុញឲ្យប្រើប្រាស់ប្រាក់រៀលខ្មែរ ក៏ប៉ុន្តែប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យចរាចរណ៍រូបិយប័ណ្ណទី៣ ឬប្រាក់យ័នចិន វាយលុកក្នុងទីផ្សារកម្ពុជា មានន័យថា កិច្ចខំប្រឹងប្រែងលើកកម្ពស់ប្រាក់រៀលខ្មែរ នឹងជួបការលំបាក៖ «បញ្ច្រាសចរន្តបន្តិច ទាក់ទងនឹងការជំរុញឲ្យ មានការប្រើប្រាស់ប្រាក់រៀលហ្នឹង។ យើងកំពុងតែកាត់បន្ថយការប្រើក្រដាសប្រាក់បរទេស ជាពិសេស ដុល្លារហើយ ជំរុញការប្រើប្រាស់ក្រដាសក្នុងស្រុកអីចឹង។ ប្រសិនបើយើងមានក្រដាសប្រាក់ទី ៣ ចូលក្នុងទីផ្សារគឺ កិច្ចខំប្រឹងប្រែងលើកកម្ពស់ប្រាក់រៀលហ្នឹង វាអាចនឹងមានការលំបាកខ្លះ ដោយសារយើងបានណែនាំនូវក្រដាសប្រាក់ថ្មី»។
អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី បានប្រាប់កាសែតក្នុងស្រុកនៅថ្ងៃទី២៩ មេសាថា រូបិយប័ណ្ណចិននឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ឬទូទាត់ទំនិញនានានោះទេ គឺគ្រាន់តែទូទាត់ក្នុងប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន១៥ ដែលកំពុងប្រតិបត្តិការប្រាក់យ័នចិនក្នុងប្រទេសកម្ពុជា។
កាលពីចុងសប្ដាហ៍មុនក្រសួងទេសចរកម្ពុជាបានចុះអនុស្សរណៈ យោគយល់ជាមួយធនាគារចិន(Bankof China) ក្នុងទិសដៅសម្រួលបង្កើតការទូទាត់តាមរូបិយប័ណ្ណចិនតាមរយៈប្រព័ន្ធអ៊ីនធើណិត ឬប្រព័ន្ធអនឡាញសម្រាប់ដោះដូរទំនិញ និងសេវាកម្មម្ហូបអាហារ សណ្ឋាគារ ភោជនីយដ្ឋាន និងទីភ្ញាក់ងារទេសចរណ៍ផ្សេងៗ ជាដើម។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានអះអាងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៧ មេសាថា រូបិយប័ណ្ណចិន ឬលុយយ័ន ត្រូវបានធ្វើចរាចរណ៍ពាសពេញទ្វីបអាស៊ី ដូចជា កូរ៉េ និងថៃឡង់ដ៍ ជាដើម។ លោកថា ការធ្លាក់លុយយ័នចិនមកកម្ពុជានឹងធ្វើឲ្យកម្ពុជាទទួលប្រយោជន៍ច្រើនជួយសេដ្ឋកិច្ចជាតិ ដែលជាផ្នែកមួយជួយពង្រឹងការបណ្ដាក់ទុន និងចរាចរណ៍រូបិយប័ណ្ណចិនក្នុងវិស័យពាណិជ្ជកម្មឆ្លងដែនផងដែរ៖ «អ្នកមកវិនិយោគទុនស្រុកខ្មែរ អ្នកយកលុយអាមេរិកកាំងក៏បាន អ្នកយកលុយយ័នក៏បាន យកយ៉េនក៏បាន យកលុយអីក៏បាននេះជាទូទៅ។ កម្ពុជាជាប្រជាជាតិអធិបតេយ្យ យើងអត់មានខ្ញុំនរណា ត្រូវបម្រើនរណា ត្រូវតែប្រើប្រាស់ផ្ដាច់មុខរូបិយវត្ថុរបស់នរណា អត់មានទេ។ ចរាចរណ៍សេរី នៅលើទីផ្សារកម្ពុជា។ អ្វីទៅដែលជាការបើកចំហជើងមេឃ នៃការបណ្ដាក់ទុន ក៏ដូចជា ពាណិជ្ជកម្ម ដែលមិនរើសអើងនូវរូបិយវត្ថុ»។
របាយការណ៍ធនាគារជាតិនៃកម្ពុជាបង្ហាញថា បច្ចុប្បន្នកម្ពុជាបានចរាចរណ៍ប្រាក់រៀលខ្មែរជិត ២០ភាគរយនៅទូទាំងប្រទេស។ ចំណែកលុយដុល្លារអាមេរិចមានប្រមាណ ៨៣ភាគរយកំពុងធ្វើចរាចរណ៍ទូទាត់ទំនិញក្នុងប្រទេសកម្ពុជា និងពាណិជ្ជកម្មឆ្លងដែនជាដើម។
ទោះយ៉ាងណាយុវជន ដែលប្រកាសជំហរព្រមានធ្វើបាតុកម្ម បើរដ្ឋាភិបាលអនុញ្ញាតឲ្យចាយលុយយ័នចិនក្នុងទីផ្សារកម្ពុជា គឺលោក ជុំ ហួត ទទូចឲ្យរដ្ឋាភិបាលសិក្សាឲ្យបានច្បាស់លាស់ក្នុងការចរាចរណ៍លុយយ័នក្នុងប្រទេសកម្ពុជា ជៀសវាងវិបត្តិសេដ្ឋកិច្ច ឬអតិផរណានៅថ្ងៃខាងមុខ។ លោកបារម្ភថា ការចរាចរណ៍លុយចិន ដែលជាប្រទេសកុម្មុយនិស្តក្នុងប្រទេសកម្ពុជា នឹងបង្កើនអំណាច ឬឥទ្ធិពលដល់អ្នកវិនិយោគចិនធ្វើព្យុះភ្លៀងបង្កផលប៉ះពាល់ដល់បរិស្ថានធម្មជាតិសន្តិសុខជាតិ និង វិបត្តិសង្គមជាដើម៖ «ចិនយកលុយមក គេអាចយកកង្វក់បន្ទាប់មក គេប្ដូរលុយមួយ ដែលស្អាត។ ចិនមានគម្រោងកសាងទំនប់វារីអគ្គិសនីចុះ អីចឹងវាយកលុយហ្នឹងឯង សម្រាប់កសាង។ មួយទៀតវាបង្កើតឥទ្ធិពល ទៅដល់ប្រជាជនចិនដែលមកខ្មែរយើង ជាពិសេស គឺពួកវិនិយោគធំៗ ដូចជា ក្រុមហ៊ុនធំៗ គឺបង្កើតឲ្យពួកហ្នឹងមានអំណាច និងមានឥទ្ធិពលទៀត ដោយសារតែវាហ្នឹង ដែលខ្មែរយើងមានច្បាប់ MOU (អនុសារណៈ) សម្រាប់ចាយលុយចិន។ អីចឹងវាអាចបង្វិលសេដ្ឋកិច្ចគ្រប់រូបភាព មិនថា ទំនិញនាំចេញ និងទំនិញនាំចូល»។
ចំណែកអ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរក្នុងហ្វេសបុករបស់ខ្លួនថា ជនជាតិចិនប្រើប្រាស់លុយក្រៅប្រព័ន្ធអាចបញ្ចូលការប្រើប្រាស់ប្រាក់យ័នចិនក្នុងប្រព័ន្ធរបស់ពួកគេ ធ្វើឲ្យលោកបារម្ភថា អាចនឹងបង្កើតរដ្ឋចិនក្នុងរដ្ឋខ្មែរ ដូចសម័យបារាំងត្រួតត្រាកម្ពុជាដូច្នោះដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។