ចិន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ផ្លែ​ចេក​ពី​ប្រទេស​កម្ពុជា

ដោយ ថន ថារ៉ូ
2019-04-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចេក​អំបូង​លឿង​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ RFA
ចេក​អំបូង​លឿង​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ RFA
Photo: RFA

ប្រទេស​ចិន​បាន​សម្រេច​ឱ្យ​កម្ពុជា​នាំចូល​ផ្លែ​ចេក ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

សារព័ត៌មាន Global Times បាន​ផ្សាយ​ឱ្យ​ដឹង​ថា ទីភ្នាក់ងារ​គយ​រដ្ឋបាល​ទូទៅ​របស់​ប្រទេស​ចិន (The General Administration of Customs) បាន​ប្រកាស​យល់ព្រម​ឱ្យ​មានការ​នាំចូល​ផ្លែ​ចេក​ពី​ចំការ​ចេក​ចំនួន​៥ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៧ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រកាស​យល់ព្រម​ឱ្យ​មានការ​នាំចូល​ផ្លែ​ចេក​ពី​ប្រទេស​កម្ពុជា ធ្វើឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​នៅ​ចុងខែ​មេសា​ខាងមុខនេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​វិថី​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន នៅ​ទីក្រុង​ប៉េកាំង។

លោក ហ្សាវ លី (Zhao Lei ) សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ជាតិ​រដ្ឋបាល​ក្នុង​ប្រទេស​ចិន លើកឡើង​ថា ការប្រកាស​របស់​ចិន​នៅ​ពេល​នេះ​ធ្វើឡើង​ចំ​ពេល​វេលា​ល្អ ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​គំរូ​នៃ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ប្រទេស​ចិន​ផង​ដែរ។ លោក​បន្ត​ថា ផលិតផល​កសិកម្ម​ដែល​មាន​គុណភាព​ខ្ពស់​នៅ​ក្នុង​តំបន់ នឹង​ត្រូវ​បាន​គេ​នាំចូល​មកកាន់​ប្រទេស​ចិន​ក្នុង​ពេល​អនាគត បន្ទាប់ពី​ការ​នាំ​ចូល​ផ្លែ​ចេក​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ លោក​បន្ត​ទៀត​ថា វិស័យ​កសិកម្ម​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ការនាំចេញ​នូវ​ផលិតផល​កសិកម្ម​នឹង​ផ្ដល់​សារ​ប្រ​យោ​ជន៍​ដ៏​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា។

កន្លងមក​ប្រទេស​ចិន បាន​ចរចា​ជាមួយ​កម្ពុជា​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ​ស្ដីពី​ការ​នាំ​ចូល​បន្លែ​និង​ផ្លែឈើ​ពី​ប្រទេស​កម្ពុជា តែ​មិនបាន​ទទួល​លទ្ធផល​ដោយសារតែ​ផលិតផល​នាំចូល​ពី​កម្ពុជា មិន​ស្របតាម​បទដ្ឋាន​ម្ហូបអាហារ​របស់​ប្រទេស​ចិន។ បន្ទាប់ពី​ការ​ចរចា​គ្នា​អស់​ពេល​មួយ​រយៈ ទើប​ប្រទេស​ទាំងពីរ​បាន​សម្រេច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​មួយ​នៃ​ការ​នាំ​ចូល​ផ្លែ​ចេក​ពី​ប្រទេស​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល