រដ្ឋាភិបាល​ចាប់​ផ្ដើម​ខ្ចី​បុល​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ យក​ទៅ​ទប់ទល់​នឹង​វិបត្តិ​កូវីដ១៩

ដោយ មាន ឫទ្ធិ
2020.07.09
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ៦២០ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។
Photo: RFA

រដ្ឋាភិបាល​ក្រុងភ្នំពេញ ចាប់​ផ្ដើម​ខ្ចីបុល​លុយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ក្នុង​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន ជា​បណ្តើរៗ ហើយ ដើម្បី​យក​ទៅ​ទប់ទល់​នឹង​វិបត្តិ​កូវីដ១៩។ ការ​ខ្ចី​បុល​លុយ​ពី​អន្តរជាតិ​នេះ កើត មាន​ឡើង បើ​ទោះ​បី​ជា​រដ្ឋាភិបាល​តែងតែ​អះអាង​ថា មានទឹកប្រាក់គ្រប់គ្រាន់ត្រៀមបម្រុងទុក​សម្រាប់​ទប់ទល់​នឹង​វិបត្តិ​នេះ​ក៏​ដោយ។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា រដ្ឋាភិបាល​គ្មានជម្រើស​អ្វី​ក្រៅ​តែ​ពី​ខ្ចី​បុល​ដៃគូ​អភិវឌ្ឍន៍​នោះ​ទេ ដើម្បីឆ្លើយតប​នឹងបញ្ហាអូសបន្លាយនៃ​វិបត្តិកូវីដ១៩នេះ។

នៅមិនដល់មួយខែផងចាប់តាំងពីរដ្ឋាភិបាលប្រកាសឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក និង​ងាយ​រង​គ្រោះ​ដោយសារជំងឺកូវីដ១៩ រដ្ឋាភិបាលបានចាប់ផ្តើមខ្ចីបុលលុយពីស្ថាប័ន ហិរញ្ញវត្ថុ​អន្តរជាតិ ក្នុង​ចំនួន​ដ៏ច្រើន។ ចុងក្រោយនេះគឺ រដ្ឋាភិបាលបានខ្ចីបុលលុយពីស្ថាប័ន ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់រហូតដល់ទៅ ២៥០លានដុល្លារ ដើម្បីឆ្លើយ​តបនឹងវិបត្តិកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្សាយកាលពីថ្ងៃទី០៨ កក្កដា ឲ្យដឹងថា ធនាគារនេះបានអនុម័តកម្ចី ២៥០លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​សាកលកូវីដ១៩។ ទឹកប្រាក់កម្ចីនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាល យកទៅពង្រឹងប្រព័ន្ធ​សុខាភិបាល បង្កើនជំនួយសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និង ចាក់សាច់ប្រាក់ជួយដល់​អាជីវកម្ម​នានា រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម។

ការខ្ចីបុលពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះ កើតមានឡើងស្របពេលដែលទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមវាទរបស់លោក តែងអួតក្តែងៗថា រដ្ឋាភិបាលមានថវិកាបម្រុងទុក រហូត​ដល់​ទៅជាង ២ពាន់លានដុល្លារឯណោះ។ នេះគេនៅមិនទាន់គិតពីថវិកាបានមកពី ការបរិច្ចាគប្រាក់​ខែ​ផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលពេលនេះ រដ្ឋាភិបាលអះអាងថា បាន​កើន​ដល់ ២០លានដុល្លារ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន នៅ​មិន​ទាន់​ឆ្លើយ​តប សំណួរ​របស់អាស៊ីសេរីតាម​តេឡេក្រាម ថា តើ​ការ​ចាប់​ផ្តើម​ខ្ចីបុល​លុយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ អន្តរជាតិ​នេះ បញ្ជាក់ថា រដ្ឋាភិបាលកំពុង​ខ្វះ​ថវិកា​យក​ទៅ​ទប់ទល់​នឹង​វិបត្តិកូវីដ១៩នេះ ឬយ៉ាងណានោះទេ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិសុទ្ធ ថ្លែង​កាល​ពី​ថ្ងៃ​ទី៨ កក្កដា ថា រដ្ឋាភិបាល​បាន​បម្រុងថវិកា​ជាង ១ពាន់​លាន​ដុល្លារ (.១៦៤​លាន​ដុល្លារ) សម្រាប់​ចំណាយ​លើ​ការ​ទប់ស្កាត់ ការពារ និងស្តារសេដ្ឋកិច្ចពីជំងឺ កូវីដ១៩៖ «ក្នុង​ចំណាយ ១.១៦៤លាន​ដុល្លារ​នេះ ចំណាយ​ខាង​ផ្នែក​អន្តរាគមន៍ លើ​ការ​ចំណាយ​ថវិកា​មាន ៥៦៤លាន​ដុល្លារ និង ចំណាយ​លើ​អន្តរាគមន៍ លើ​ការ​ផ្ដល់​ឥណទាន​មាន ៦០០លាន​ដុល្លារ»

ជុំវិញការចាប់ផ្តើមខ្ចីបុលពីអន្តរជាតិនេះ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាព​សង្គម កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីខ្ចីបុលបរទេស​នោះ​ទេ ក្នុង​ស្ថានភាព ដែល​កម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរបែបនេះ។ លោកចង់ឃើញរដ្ឋាភិបាល យកលុយ​កម្ចី​ទាំង​នេះ​ទៅ​ប្រើប្រាស់ឲ្យចំគោលដៅ ជាពិសេសជួយពលរដ្ឋក្រីក្រពិតប្រាកដ៖ «ដើម្បីដោះស្រាយ​បញ្ហា​ជា​បន្ទាន់ យើងមើលឃើញថា ភាពនៅទន់​ខ្សោយ​នៃ​ផ្នែក​សេដ្ឋកិច្ចនេះ គ្មានជម្រើសអ្វីក្រៅតែ​ពី​ការ​ខ្ចី​លុយ​ពី​ដៃគូអភិវឌ្ឍន៍ ដើម្បីទប់ទល់​ស្ថានការណ៍​នេះ​ទេ។ បើប្រទេសគេអ្នកមាន គេមានរបៀបនៃ​ការទប់ទល់ និងការឆ្លើយតបដោយ​ប្រើប្រាស់​ធនធានក្នុងស្រុក។ សម្រាប់កម្ពុជាគឺជា​ទិដ្ឋភាពមួយ​ដែល មានលក្ខណៈខុស​ពីបណ្តា​ប្រទេស​ដែលមានសេដ្ឋកិច្ចរឹងមាំ។ សម្រាប់ខ្ញុំ មធ្យោបាយ ឬ​ជម្រើស​បែបនេះ វាជៀសមិនរួច ក៏ប៉ុន្តែ យើងនៅតែចង់ឃើញការប្រើប្រាស់កម្ចីនេះ ឲ្យមាន​ប្រសិទ្ធភាព ហើយនឹងចំគោលដៅ ជាពិសេស គឺ​ជួយ​ទៅ​ដល់ក្រុមអ្នកងាយរងគ្រោះ នៅ​ក្នុង​ស្ថានភាព​លំបាកបែបនេះ»

រីឯ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា វិធានការ​ឆ្លើយ​តប​នឹង​វិបត្តិ​កូវីដ១៩ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ហៅ​វិធានការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​វិបត្តិ​កូវីដ១៩ របស់​រដ្ឋាភិបាល ជា​វិធានការ​ខ្យល់ ធ្វើ​ឡើង​ដើម្បី​ជា​ប្រជាភិថុតិ មិន​ចំ​អាទិភាព និង​មាន​ភាព​បក្ស​ពួក​និយម៖ «បើ​ថា​ចែក​បន្តិចបន្តួច​ហ្នុង គ្មាន​ដល់​ដៃ​អ្នក​ក្រ​ទេ។ ខ្ញុំ​ចាំ​កាល​ពេល​មាន ទឹក​លិច ទឹក​ជំនន់​ម្តងៗ ថា​ទៅ​ចែក​ជន​រង​គ្រោះ ប៉ុន្តែ​ប្រជា​រាស្ត្រ​តាម​ភូមិ ពេល​នោះ​គេ​ប្រាប់ ខ្ញុំ គេ​ថា អា​លង់​បាន​មួយ​កំប៉ុង អាលិច​បាន​មួយ​តៅ អា​នៅ​លើ​ឡៅ​បាន​មួយ​តោន។ ហ្នុង​ហើយ គេ​ចង្អុល​ពួក​លិច លិច​ហ្នុង​លិច​បន្តិចបន្តួច ប៉ុន្តែ​អ្នក​ដែល​ស្លាប់ ដែល​ដាច់​ខ្យល់ គឺ​អត់​បាន អី​ទាំង​អស់! ហ្នុង​ហើយ ដែល​ខ្ញុំ​មិន​ជឿ​ទាល់​តែ​សោះ​ថា វិធានការ​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​នោះ មាន​ប្រសិទ្ធភាព សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ»

ចាប់តាំងពីមានការផ្ទុះជំងឺរាតត្បាត​សាកល​កូវីដ១៩ ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​មិន​តិច​ជាង ១០ទេ បាន​ផ្តល់ជំនួយដល់កម្ពុជា​ក្រោម​រូបភាព​ជា​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន។ សរុប​ជា​ទឹក​ប្រាក់​ត្រួសៗ គិត​ត្រឹម​ខែ​កក្កដា​នេះ ជំនួយ​ទាំង​នេះ គឺ​អាច​មាន​ក្នុង​រង្វង់​ទឹក​ប្រាក់​មិន​តិច​ជាង ៧០០លាន​អាមេរិក​នោះ​ទេ ក្នុង​នោះ​សហរដ្ឋ​អាមេរិក ជួយ​កម្ពុជា​ជាង ១១លាន​ដុល្លារ ជប៉ុន​ជាង ៦,៣លាន​ដុល្លារ សហភាព​អឺរ៉ុប​ប្រមាណ ៤៨៣លាន​ដុល្លារ។ ក្រៅពីនោះ ក៏មាន​ប្រទេស​បារាំង អាល្លឺម៉ង់ អូស្ត្រាលី ចិន វៀតណាម ព្រមទាំងស្ថាប័ន​អន្តរជាតិ​ដូចជា អង្គការ​សុខភាព​ពិភព​លោក WHO ធនាគារ​ពិភពលោក ហើយចុងក្រោយនេះគឺ ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB

ធនាគារអភិវឌ្ឍន៍អាស៊ី ADB នា​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​មក​នៅ​ទាប​ជាង​ការ​ព្យាករ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដទៃ​ទៀត គឺ​រហូត​ដល់​នៅ​ក្រោម -5.5% ក្នុង​ឆ្នាំ២០២០ នេះ។ ធនាគារ​នេះ​ថា ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​កំណើន​នេះ នឹង​រុញ​ច្រាន​ពលរដ្ឋ​កម្ពុជា ប្រមាណ ១,៣ លាន​នាក់​បន្ថែម​ទៀត ឲ្យ​ធ្លាក់​ខ្លួន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ បើ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB កម្ពុជា​មាន​ភាព​ងាយ​រង​គ្រោះ​ខ្លាំង​ប្រឈម​នឹង ផល​ប៉ះ​ពាល់​អវិជ្ជមាន​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ជា​សេដ្ឋកិច្ច​បើក​ចំហរ មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត ហើយ​មាន​ពលរដ្ឋ​ផ្លាស់​ទី​ច្រើន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។