ធនាគារវិនិយោគអឺរ៉ុបផ្ដល់ប្រាក់កម្ចីថ្មីជិត៨៦លានយូរ៉ូសម្រាប់ពង្រីកប្រព័ន្ធទឹកស្អាតនៅជាយក្រុង

ធនាគារវិនិយោគអឺរ៉ុប ហៅកាត់ថា EIB បានផ្ដល់ហិរញ្ញប្បទាន ឬប្រាក់កម្ចីជិត៨៦លានយូរ៉ូ ឬអាចស្មើនឹងជាង ៩៦លានដុល្លារអាមេរិក សម្រាប់ពង្រីកប្រព័ន្ធទឹកស្អាត ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សេចក្ដីប្រកាសព័ត៌មានរួម របស់ធនាគារវិនិយោគអឺរ៉ុប និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា គម្រោងនេះនឹងនាំយកទឹកស្អាតសម្រាប់ទទួលទានជូនប្រជាពលរដ្ឋប្រមាណ ២លាន៥សែន នាក់ នៅកម្ពុជា ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាអ្នកទទួលទឹកប្រាក់ ដើម្បីដំណើរការគម្រោង។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ធនាគារវិនិយោគអឺរ៉ុប និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាផ្តក់ និងទទួលហិរញ្ញប្បទានថ្មីនេះ សម្រាប់សាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង ដែលធ្វើឡើងនៅក្នុងទិវានៃកិច្ចអភិវឌ្ឍន៍អឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល ដើម្បីកែលម្អការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋ នៅជុំវិញរាជធានីភ្នំពេញ។ គម្រោងនេះ ក៏ទទួលបានការគាំទ្រហិរញ្ញប្បទានវិនិយោគឥតសំណង ពីកម្មវិធីវិនិយោគនៅអាស៊ី នៃសហភាពអឺរ៉ុប ក្នុងទឹកប្រាក់ ១៣លាន ៥ សែន យូរ៉ូ ឬអាចស្មើនឹងជាង១៥លានដុល្លារអាមេរិក និងមានការគាំទ្រ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ហៅកាត់ថា AFD) ក្រោមគំនិតផ្ដួចផ្ដើមពឹងផ្អែកលើគ្នាទៅវិញទៅមក (Mutual Reliance Initiative)។
អនុប្រធានធនាគារ EIB ទទួលបន្ទុកប្រតិបត្តិការ EIB ប្រចាំប្រទេសកម្ពុជា លោក អានឌ្រូ ម៉ាក់ដូវែល(Andrew McDowell) ក៏មានប្រសាសន៍ឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានដែរថា៖ «គម្រោង ទឹកស្អាតនេះ នឹងជួយកាត់បន្ថយវិសមភាព និងនាំមកនូវការរីកចម្រើនពិតប្រាកដដល់សុខភាព និងការអប់រំរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេហ្គា (George Edgar) ក៏បានឱ្យដឹងដែរថា៖ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពទី៦ មានបញ្ចូលចំណុចគោលដៅ ដើម្បីធានាឱ្យមានទឹក និងការគ្រប់គ្រងទឹកប្រកបដោយចិរភាព សម្រាប់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០។ សហភាពអឺរ៉ុប ប្ដេជ្ញាជួយដល់ប្រទេសកម្ពុជាលើបញ្ហានេះ។
ទឹកស្អាតប្រមាណ ៧១ពាន់លានលីត្រ នឹងត្រូវចែកចាយជារៀងរាល់ឆ្នាំ ទាំងក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋប្រមាណ១០% ក្នុងចំណោមប្រជាពលរដ្ឋសរុបកំពុងរស់នៅ និងជាកន្លែងដែលមានសកម្មភាពឧស្សាហកម្មភាគច្រើននៅកម្ពុជា៕