"កូនប្រសា​រលោក ហ៊ុន សែន និង​ក្រុម​ឧកញ៉ា​ឈ្មួញ​អង្ករ​ជា​អ្នក​ខាត​បង់​​ខ្លាំង​​ក្រោយ​​អឺរ៉ុប​យក​ពន្ធ"

ដោយ មាន ឫទ្ធិ
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។
លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។
រូបថត​ផ្សព្វផ្សាយ​លើ​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​តាកែវ

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មើល​ឃើញ​ថា ក្រុម​បក្ខពួក​លោក ហ៊ុន សែន ជាពិសេស​កូន​ប្រសា​របស់​លោក គឺ​លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុម​ឧកញ៉ា​ដែល​ជា​ឈ្មួញ​រកស៊ី​វិស័យ​កសិកម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា ជា​អ្នក​ត្រូវ​ចេញ​ការខាតបង់​ខ្លាំង​ពី​ការ​ត្រូវ​បង់ពន្ធ​អង្ករ​នាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១៧ មករា បាន​សម្រេច​ជា​ផ្លូវការ​យកពន្ធ​លើ​អង្ករ​កម្ពុជា រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ចាប់ពី​ឆ្នាំ២០១៩ នេះ​តទៅ។

លោក គឹម សុខ មើលឃើញ​ថា កម្ពុជា​ត្រូវ​ខាតបង់​ក្នុង​មួយឆ្នាំៗ​មិន​តិច​ជាង ៥០​លាន​ដុល្លារ​អាមេរិក​ឡើយ ក្រោយ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​បង់ពន្ធ​លើ​អង្ករ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប។ លោក គឹម សុខ ថា កន្លង​ទៅ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​មិនទាន់​គិត​ពន្ធ​ពី​អង្ករ​កម្ពុជា ក្រុម​លោក ហ៊ុន សែន និង​បក្ខពួក បាន​ឆ្លៀត​កេងប្រវ័ញ្ច និង​យក​ចំណេញ​ពីលើ​ខ្នង​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ថោកៗ ហើយ​យក​ទៅ​កែច្នៃ​ជា​អង្ករ​នាំ​ចេញទៅ​លក់​ឲ្យ​អឺរ៉ុប ចំណេញ​កប់​ក្ដោង ដោយ​មិន​បាច់​បង់ពន្ធ៖ «ក្រុម​លោក ហ៊ុន សែន ខាត​ធំ​។ ខាត​ទី ១ លែង​បាន​ប្រព្រឹត្តិ​នូវ​រឿង​អាក្រក់​ដែល​ខ្លួន​ប្រមូល​ផលប្រយោជន៍​ពី​កម្មវិធី​នាំ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​។ ផល​ដែល​គាត់​ធ្លាប់​បាន គឺ​មិនបាន មានន័យថា​គាត់​ធ្លាប់​បាន​ក្នុង​ការ​មិន​ចាំបាច់​បង់​ពន្ធ​ទៅ​អឺរ៉ុប​ហ្នឹង​មួយ។ គាត់​ធ្លាប់​បាន​ពី​ការ​ឃុបឃិត​ចែក​ផល​គ្នា នៃ​ប្រាក់ចំណេញ​ជាមួយ​ឈ្មួញ​ទុច្ចរិត​ហ្នឹង​មួយ ហើយ​គាត់​ធ្លាប់តែ​គាប​ពលរដ្ឋ​បាន​ចំណេញ​មួយ​ជាន់​ទៀត​ពី​ការទិញ​ស្រូវ​របស់​ពល​រដ្ឋ​។ ដូច្នេះ​គឺថា រឿង​ទាំងអស់​នេះ កាលណា​វា​កើតមានឡើង គឺ​ធ្វើ​ឲ្យ​ក្រុម​គាត់​បាត់​ប្រយោជន៍​លុយ​វាល់​លាន​ដុល្លារ។ លុយ​ទាំងនេះ អត់​ចូលជាតិ​ទេ»

ការ​លើកឡើង​របស់​លោក គឹម សុខ នេះ ធ្វើឡើង​ក្រោយពី​គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ជា​ផ្លូវការ គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា ឬ​ភូមា ទៅកាន់​ទីផ្សារ​អឺរ៉ុប​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា គិត​ចាប់ពី​ឆ្នាំ២០១៩ នេះ​តទៅ ក្នុង​អត្រា​ខ្ពស់​បំផុត​ជិត ២០០ ដុល្លារ​អាមេរិក ក្នុង​អង្ករ​មួយ​តោន សម្រាប់​ឆ្នាំ​ដំបូង ២០១៩​នេះ​។ ការសម្រេច​នេះ គឺ​ក្រោយពី​គណៈកម្មការ​អឺរ៉ុប ដែល​តំណាង​ឲ្យ​ប្រទេស​សមាជិក​ចំនួន ២៨​ប្រទេស បាន​បើក​ការស៊ើបអង្កេត​រយៈពេល​ស្ទើរ​ពេញ​មួយ​ឆ្នាំ ២០១៨ តប​តាម​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី ដែល​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ចាត់​វិធានការណ៍​ការ​ពារ​តាមរយៈ​ការ​គិត​ពន្ធ លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា ដោយសារតែ​ប្រទេស​នេះ​យល់ថា អង្ករ​នាំចូល​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ បាន​បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្ទាល់​របស់​ខ្លួន។

លោក គឹម សុខ បន្ត​ថា សហភាព​អឺរ៉ុប ចាប់ផ្ដើម​ជំហាន​ដំបូង​តាមរយៈ​ការ​យកពន្ធ​ពីលើ​ស្រូវ​អង្ករ​កម្ពុជា​នេះ បើ​ទោះ​ជា​ចំណាត់​ការ​នេះ​ធ្វើឡើង​ក្រោយ​ប្រទេស​អ៊ីតាលី​បាន​ដាក់​ពាក្យ​ប្ដឹង​ក៏​ពិតមែន​ក៏ដោយ តែ​លោក​ថា សហភាព​អឺរ៉ុប​ដឹង​ថា ផល​ចំណេញ​ពិតប្រាកដ​ពី​ការ​មិន​យកពន្ធ​កាល​ពី​ពេល​កន្លង​ទៅ​នេះ តាមរយៈ​កម្មវិធី​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​នេះ គឺ​បាន​ទៅ​ក្រុម​លោក ហ៊ុន សែន ទេ ពោល​គឺ​មិនមែន​បាន​ទៅ​កសិករ​ក្រីក្រ​តោកយ៉ាក​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល​នោះ​ឡើយ។ លោក​ថា របប​លោក ហ៊ុន សែន តាម​ការពិត​កំពុងតែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​រឿង​អឺរ៉ុប​យកពន្ធ​អង្ករ​នេះ បន្ថែម​ពីលើ​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ដែល​អឺរ៉ុប​គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA ដែល​អាច​ក្លាយ​ជា​បន្ទុក​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​របប​នេះ​បន្ថែម​ទៀត៖ «គ្រាន់តែ​អង្ករ​ហ្នឹង​គឺ​ធ្វើ​ឲ្យ​គាត់​ពិបាក​ដោះស្រាយ​រួច​ទៅ​ហើយ ពីព្រោះ​ឈ្មួញ​នៅ​ជុំវិញ​គាត់​បះ​ដៃ​បះជើង​។ ទីផ្សារ​ចិន​មិន​អាច​ប្រកួតប្រជែង ឬ​នាំទៅ​យក​ចំណេញ​បាន​ច្រើន​នោះ​ទេ ពីព្រោះ​ចិន​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា ធ្វើ​អ្វីៗ​ដើម្បី​ទាញ​ផល​ពី​ចិន​ងាយៗ ដូចដែល​ក្រុម​លោក ហ៊ុន សែន គិត​នោះ​ទេ​។ អ្វី​ដែល​ចិន​អាច​ជួយ​បាន គឺ​ជួយ​សម្រាប់​តែ​សម្រួល​បន្តិច ដកដង្ហើម​បាន​ខ្លះ​ប៉ុណ្ណឹង​ទេ។ រឿង​ធ្វើ​ឲ្យ​ដូច​ទីផ្សារ​អឺរ៉ុប គឺ​ទៅ​អត់​រួច​នោះ​ទេ»

ការសម្រេច​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ដោយ​កូនប្រសា​រលោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ ដែល​បាន​ចេញមុខ​ទៅ​តវ៉ា និង​បាន​សម្រុក​ធ្វើ​យុទ្ធនាការ​ការទូត ដល់​ទី​ស្នាក់ការ​កណ្ដាល​របស់​អឺរ៉ុប​នៅ​ទីក្រុង ប្រ៊ុចសែល កាលពី​ចុង​ឆ្នាំ ២០១៨។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំ​ជាងគេ​ពី​កម្ពុជា មាន​ចំនួន​ស្មើនឹង​ជិត ២៧​ម៉ឺន​តោន ឬ​ស្មើនឹង​ជិត ៤៣ភាគរយ នៅ​ឆ្នាំ២០១៨ ខណៈ​ក្នុង​ឆ្នាំ​ដដែល​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​សរុប​ចំនួន​ជាង ៦​សែន​តោន ហើយ​ប្រទេស​ចិន ជា​ប្រទេស​នាំ​មុខ​គេ​នៃ​ការទិញ​អង្ករ​ពី​កម្ពុជា ក្នុង​ចំនួន​ដល់​ទៅ​ជាង ១៧ម៉ឺន​តោន ស្មើនឹង​ជាង ២៧ ភាគរយ។ ផ្អែក​តាម​តួលេខ​នេះ កម្ពុជា អាច​ត្រូវ​ខាតបង់​ដល់​ទៅ​ជាង ៥៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​បង់ពន្ធ​ទៅ​ឲ្យ​អឺរ៉ុប​ក្នុង​ឆ្នាំ​ដំបូង​នេះ។

បើ​ទោះជា​មាន​ពេល​ខ្លះ លោក ហ៊ុន សែន បាន​ប្រកាស​ក្តែ​ងៗ​ពី​ការ​មិន​ខ្លាច​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ធ្វើជា​ឌឺដង​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រញាប់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច មក​លើ​របប​លោក​ឲ្យ​កាន់តែ​ឆាប់​នោះ នា​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​យក​វត្តមាន​នៃ​គណបក្សប្រឆាំង​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្វើជា​ចំណាប់ខ្មាំង ដោយ​លោក​ព្រមាន​ថា បើ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា នោះ​លោក​នឹង​ឈាន​ទៅ​កម្ទេច​បក្ស​ប្រឆាំង​ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ គិត​មក​ទល់​ពេល​នេះ យ៉ាងហោចណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ហើយ ត្រូវ​បាន​របប​នេះ​ចាប់ខ្លួន ដោយសារតែ​បាន​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ករណី​អឺរ៉ុប​យកពន្ធ​នេះ។

គ្រាន់​តែ​បើ​ឆាក​ឆ្នាំ២០១៩ មិន​ទាន់​បាន​រយៈពេល ១​ខែ​ស្រួលបួល​ផង របប​ក្រុងភ្នំពេញ ចាប់ផ្ដើម​ទទួលរង​នូវ​សម្ពាធ​អន្តរជាតិ​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច បណ្តើរៗ​ហើយ ដែល​អ្នកវិភាគ​ចាត់ទុកថា របប​នេះ​កំពុង​ត្រូវ​បាន​យីអ៊ុន​ដាក់​អារក្ខ​ជាន់​ផ្ទួនៗ ដោយសារតែ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​តាមរយៈ​ការ​ប្លន់ និង​សម្លាប់​ឆន្ទៈ​រាស្ត្រ​ខ្មែរ​ជិត​កន្លះ​នគរ​រួចមក។ បើ​ទោះ​ជា​សំណុំរឿង​យកពន្ធ​លើ​អង្ករ​នេះ ជា​សំណុំរឿង​មួយ​ផ្សេង​ដាច់ដោយឡែក​ពី​ចំណាត់​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA ក៏ដោយ ក៏ប៉ុន្តែ​ការ​គិត​ពន្ធ​លើ​អង្ករ​នេះ កំពុង​ក្លាយ​ជា​បន្ទុក​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​របប​ក្រុងភ្នំពេញ ដែល​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​មិន​អាច​មើល​រំលង​បាន ព្រោះថា​ភាគច្រើន​លើសលប់​នៃ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ ខណៈ​ដែល​ពួកគេ​អាច​នឹង​ងើប​តវ៉ា ឬ​បះបោរ​ឡើង ប្រសិនបើ​របប​នេះ​ពុំ​អាច​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​ជូន​ពួកគេ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dan

ពី LA

គេនឹងបន្ថោកតំលៃទិញចូលពីកសិករខ្មែរ។ រឿងឈ្មួញមិនចេះខាតទេ អ្នកចាតគឺកសិករទេ។ ម៉េចក៏ខ្មែរល្ងង់អីម៉្លេះ

Jan 18, 2019 04:25 AM

គេហទំព័រ​ទាំងមូល