ប្រាក់​ជំនួយ​បរទេស​សម្រាប់​កម្ពុជា​ថយ​ចុះ​នៅ​ឆ្នាំ​២០១៥

ដោយ សាន សែល
2016-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១០-កុម្ភៈ-២០១៦៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។  Photo Provided
១០-កុម្ភៈ-២០១៦៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Photo Provided
Photo Provided

ទិន្នន័យ​របស់​ស្ថាប័ន​អន្តរជាតិ បង្ហាញ​ថា ជំនួយ​ថវិកា​បរទេស​សម្រាប់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥ ថយ​ចុះ​ប្រហែល ១៤​ភាគរយ។ អ្នក​វិភាគ​សេដ្ឋកិច្ច​នយោបាយ​យល់​ថា ការ​កាត់​បន្ថយ​ជំនួយ​នេះ ទាក់ទង​នឹង​ស្ថានការណ៍​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​នយោបាយ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ថយ​ជំនួយ​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា។

របាយការណ៍​របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) និង​ទិន្នន័យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (Economist Intelligent Unit) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ ឲ្យ​ដឹង​ថា ប្រាក់​ដែល​ម្ចាស់​ជំនួយ​បរទេស​ផ្តល់​ឲ្យ​កម្ពុជា មាន​ចំនួន ៨៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០១៥ ខណៈ​កាល​ពី​ឆ្នាំ​២០១៤ មាន​ចំនួន ​៩៧០​លាន​ដុល្លារ។ នេះ​ជា​ការ​ធ្លាក់​ចុះ​លើក​ទី​មួយ​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៤។

អ្នក​ផ្តល់​ជំនួយ​ធំៗ​មាន​ដូចជា ជប៉ុន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង បារាំង អូស្ត្រាលី សហភាព​អឺរ៉ុប អាល្លឺម៉ង់ មូលនិធិ​សកល (Global Fund) និង​ស៊ុយអែត។ ប្រាក់​ជំនួយ​ពី​បរទេស​ដែល​ធ្លាក់​ចុះ​នេះ មិន​បាន​រាប់​បញ្ចូល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នោះ​ទេ។

ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ កម្ពុជា ទទួល​ប្រាក់​ជំនួយ​ពី​បរទេស​ចំនួន ២,០៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ថវិកា​ប្រមាណ ៦៣៩​លាន​ដុល្លារ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គម្រោង​សាងសង់​ផ្លូវ​ថ្នល់។ ក្នុង​រយៈពេល​បី​ឆ្នាំ កម្ពុជា ខ្ចី​ប្រាក់​ពី​បរទេស​ជាង ១​ពាន់​លាន​ដុល្លារ។

សរុប​ទៅ ប្រាក់​ពី​បរទេស​ជាង ៣​ពាន់​លាន​ដុល្លារ​នេះ កម្ពុជា ទទួល​បាន​ពី​ចិន ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ។

អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (Economist Intelligent Unit) លោក Miguel Chanco បាន​ថ្លែង​នៅ​លើ​ថ្វីតធឺ (Twitter) របស់​លោក​ថា នេះ​ប្រហែល​ជា​មិន​មែន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​លោក​ថា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង និង​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស។

ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា យល់​ផ្សេង​ពី​នេះ។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​កាត់​បន្ថយ​ជំនួយ​បរទេស​នេះ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា រឹងប៉ឹង​ជាង​មុន។ លោក​ថា ប្រាក់​របស់​បរទេស​បង្វែរ​ពី​ជំនួយ​មក​ជា​ប្រាក់​វិនិយោគ។

បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប្រាក់​វិនិយោគ​បរទេស​នៅ​កម្ពុជា កើន​ឡើង​ពី ១,៤០៤ (មួយ​ក្បៀស​បួន​រយ​បួន) ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ដល់ ១,៤១៣ (មួយ​ក្បៀស​បួន​រយ​ដប់​បី) ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

វិនិយោគិន​ចិន ជា​ប្រភព​វិនិយោគ​បរទេស​ធំ​ជាង​គេ​នៅ​កម្ពុជា។ ចាប់​តាំង​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ចិន បាន​វិនិយោគ​នៅ​កម្ពុជា អស់​ទឹកប្រាក់​ប្រមាណ ៥​ពាន់​លាន​ដុល្លារ។

អ្នក​វិភាគ​មើល​ឃើញ​ថា ប្រាក់​របស់​ចិន ទាំង​ជំនួយ​ឥត​សំណង និង​កម្ចី​ជួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រក្សា​អំណាច។ ប្រាក់​របស់​ចិន មិន​ត្រូវ​ការ​លក្ខខណ្ឌ មិន​ខ្វល់​ពី​រឿង​ប្រជាធិបតេយ្យ ឬ​ការ​គោរព​សិទ្ធិ​មនុស្ស។

សភា​សហភាព​អឺរ៉ុប កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​ដែល​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ភ្លាមៗ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សើច​ចំអក​សហគមន៍​អន្តរជាតិ ដែល​គំរាម​ផ្តាច់​ជំនួយ​ឲ្យ​កម្ពុជា ថា​ការ​ផ្តាច់​ជំនួយ​នេះ នឹង​ប៉ះពាល់​ដល់​បុគ្គលិក​អង្គការ​មុន​គេ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ដើម្បី​កម្ពុជា (CCC) លោក សឿង សារឿន ឲ្យ​ដឹង​ថា ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​របស់ CCC មួយ​ចំនួន ត្រូវ​គេ​កាត់​បន្ថយ។ លោក​យល់​ថា ប្រាក់​ជំនួយ​បរទេស​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា៖ «តាម​ពិត​ទៅ ប្រាក់​ជំនួយ​នេះ​មិន​មែន​សំខាន់​សម្រាប់​តែ​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។ អ្វី​ដែល​សំខាន់ មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច វប្បធម៌ រហូត​ដល់​ការពារ​បរិស្ថាន សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទាំង​មូល។ អ្វី​ដែល​យើង​មើល​ឃើញ វា​មាន​សារសំខាន់​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់ ជា​ជាង​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​សង្គម​ស៊ីវិល ជា​ភ្នាក់ងារ​ដែល​សម្រាប់​ទទួល​ជំនួយ ព្យាយាម​កំណត់​បញ្ហា​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​យក​បញ្ហា​នោះ​ទៅ​សុំ​ជំនួយ​គេ ដើម្បី​មក​អន្តរាគមន៍»

លោក​បញ្ជាក់​ថា ប្រាក់​ជំនួយ​បរទេស​ទាំងនោះ​គួរ​ប្រើប្រាស់​ឲ្យ​មាន​តម្លាភាព និង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ឃើញ។

ម្ចាស់​ជំនួយ​បរទេស គ្រោង​ផ្តល់​ថវិកា ៩៦៦​លាន​ដុល្លារ និង​ឲ្យ​ខ្ចី ៥៣៤​លាន​ដុល្លារ​ដល់​កម្ពុជា នៅ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អ្នកខិតខំរកសុីចិញ្ចឹមជីវិតដោយកម្លាំងញើសឈាមខ្លួនឯង មិនខ្វល់នឹងប្រាក់ជំនួយនេះប៉ុន្មានទេ។ប៉ុន្តែសម្រាប់អ្នកដេកសុីស្រាប់និងលក់ខួរឲ្យបរទេសដូរយកដុល្លា ទើបជ្រួលច្របល់។

Dec 25, 2016 08:19 PM

គេហទំព័រ​ទាំងមូល