សហជីព ស្និទ្ធរបបក្រុងភ្នំពេញ និងសមាគមថៅកែរោងចក្រ កម្មករ និងសហជីពឯករាជ្យ មានមតិផ្ទុយគ្នាជុំវិញការកាត់ផ្តាច់ការអនុគ្រោះពន្ធនាំចូល លើកលែងតែអាវុធ ហៅកាត់ថា អ៊ីប៊ីអេ (EBA) ពីកម្ពុជាក្រោយព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដាទទួលការបានការរិះគន់គ្រប់ទិសទីជុំវិញពិភពលោក។
កម្មករ និងសហជីពសម្ដែងក្ដីបារម្ភថា សហភាពអឺរ៉ុបនឹងកាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូលនៅកម្ពុជា នៅពេលឆាប់ៗ ខាងមុខនេះ ដោយសារតែវិបត្តិនយោបាយ និងការបាត់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេបន្ដថា អ្នកដែលប៉ះពាល់ផ្ទាល់ គឺជាក្រុមកម្មកររោងចក្រ នឹងត្រូវអត់ការងារ ដែលអាចបង្កអសន្ដិសុខនឹងកើតឡើងពាសពេញប្រទេស ឯអ្នកដែលទទួលរងផលប៉ះពាល់ដោយប្រយោល គ្រួសាររបស់កម្មករ ដែលកម្មករតែផ្ញើប្រាក់ទៅផ្គត់ផ្គងរៀងរាល់ខែ ប្រជាពលរដ្ឋទូទៅ រួមទាំងមន្ត្រីរាជការផង ដែលទទួលផលពីកម្មករតាមរយៈការប្រមូលពន្ធ និងការជួលផ្ទះ ទិញទំនិញជាដើម។
កម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រ វីអូលែត (Violet) នៅរាជធានីភ្នំពេញ អ្នកស្រី អ៊ុង ចាន់ធឿន ប្រាប់អាស៊ីសេរីថា ក្រុមកម្មករ បារម្ភអំពីនិរន្តរភាពការងារណាស់ នៅពេលលឺថា សហភាពអឺរ៉ុបអាចនឹងកាត់ផ្ដាច់ការលើកលែងការអនុគ្រោះពន្ធ ដោយសារតែកត្តានយោបាយនៅកម្ពុជា។ កម្មកររូបនេះ ចង់ឲ្យអ្នកនយោបាយ បញ្ឈប់សកម្មភាពឈ្លោះគ្នាដូចសព្វថ្ងៃនេះ ព្រោះសកម្មភាពចម្រូងចម្រាស់ដាក់គ្នា ធ្វើឲ្យមានច្របូកច្របល់ដូចសព្វថ្ងៃនេះ នឹងនាំក្ដីវេទនាឲ្យកម្មករនៅថ្ងៃខាងមុខមិនខាន៖ «»
ការអនុគ្រោះពន្ធនាំចូលសហភាពអ៊ឺរ៉ុប ពីកម្ពុជា ហៅថា អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬ អ៊ីប៊ីអេ (Everything But Arms-EBAs) ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១ (លេខ No.416/2001)។ ការអនុគ្រោះពន្ធនាំចូលនេះ ឬ អ៊ីប៊ីអេ (EBA) គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល។ អ៊ីប៊ីអេ (EBA) ជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១ និងគ្មានកំណត់ពេលវេលាបញ្ចប់ទេ។
អត្ថបទរបស់ នាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក នៃក្រសួងពាណិជ្ជកម្មកម្ពុជា ដែលផ្សាយនៅលើគេហទំព័រខ្លួន ចុះផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ បង្ហាញថា ទំនិញនាំចូលទាំងអស់ នឹងត្រូវទទួលបាននូវការអនុគ្រោះ មិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផង ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ពន្ធគយ ដែលត្រូវបានលើកលែងចូលសហភាពអឺរ៉ុប មានប្រមាណ ៧.២០០មុខ ឬហៅថា បន្ទាត់ពន្ធគយ។ ក្រសួងពាណិជ្ជកម្មបន្ដថា ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលីជាដើម។ ដូចគ្នាដែរ ការនាំចេញសំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើង គួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅបាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញ ដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ផ្ញើលិខិតទៅលោក ហ៊ុន សែន កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញទំហំប្រាក់ការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារ EU ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ចំនួន ៦.២៥៩លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ប្រាប់ទៅលោក ហ៊ុន សែន ថា បើមិនទទួលបានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារមួយនេះ មិនមែនមានតែសំលៀកបំពាក់ ស្រោមជើង ស្បែកជើងទេ គឺនៅមានអង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយានជាដើម។
រីឯការនាំចេញទៅសហរដ្ឋមេរិកវិញ គឺមានទំហំប្រាក់ ២.៩១៦លានដុល្លារ ក្នុងឆ្នាំ២០១៦។ ទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឲ្យរដ្ឋាភិបាលអាមេរិកមានប្រមាណជាង ៣០០លានដុល្លារ (ក្នុងអត្រាពន្ធមធ្យម ១២ភាគរយ)។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកបានបង់ពន្ធស្ទើរទាំងស្រុង លើកលែងតែផលិតផល traveling goods ដែលរដ្ឋាភិបាលអាមេរិកអនុគ្រោះដល់កម្ពុជាកាលពីចុងឆ្នាំ២០១៦។ បើសិនកម្ពុជាត្រូវបង់ប្រាក់ពន្ធលើទំនិញនេះ គឺមានទឹកប្រាក់ប្រមាណ ១០លានដុល្លារ (ក្នុងអត្រាពន្ធ ៥ភាគរយ)។ ផលិតផលរបស់កម្ពុជាចូលទីផ្សារសហរដ្ឋអាមេរិក រួមមាន សំលៀកបំពាក់ ស្រោមនិងស្បែកជើង ប្រដាប់ក្មេងលេង វត្ថុធ្វើពីស្បែក ស្រោមពូក និងគ្រឿងសង្ហារឹម ជាដើម។
កាលណោះ លោក ប៉ាន សូរស័ក្ដិ បានផ្ដល់យោបល់ឲ្យលោក ហ៊ុន សែន ថា ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលើគ្រប់មុខទំនិញដោយសភាអឺរ៉ុប ជាយថាហេតុ កម្ពុជាគួរបញ្ចុះបញ្ចូលបណ្ដាប្រទេសជាមិត្ត ជាសមាជិកសហភាពអឺរ៉ុប តាមរយៈបណ្តាញការទូត និងពាណិជ្ជកម្ម ព្រោះសហភាពអឺរ៉ុបច្រើន មានភាពទន់ភ្លន់ និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា។
ក្រៅពីយោបល់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របបក្រុងភ្នំពេញបានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅកាន់សហភាពអឺរ៉ុបដោយស្ងាត់ៗ ដើម្បីទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប កុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជា។ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានចាត់តាំងឱ្យ លោក សុក ស៊ីផាណា ទីប្រឹក្សា និងជាអ្នកជំនាញខាងការទូត ឱ្យដឹកនាំបេសកកម្មបញ្ចុះបញ្ចូលសហភាពអឺរ៉ុប តាំងពីថ្ងៃទី១៨ ខែមិថុនា ហើយបញ្ចប់នៅថ្ងៃទី១ ខែកក្កដា។
ដំណឹងស្ដីពីការបញ្ជូនក្រុមគណៈប្រតិភូទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ត្រូវបានក្រសួងការបរទេសនៃរបបក្រុងភ្នំពេញ ចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៨ ខែមិថុនា គឺតែប៉ុន្មានថ្ងៃ មុនបេសកម្មត្រូវបញ្ចប់ និងដល់ពេលមន្ត្រីសហភាពអឺរ៉ុប ចុះទៅពិនិត្យមើលរកការពិតនៅកម្ពុជា។ ដំណឹងនេះ ក៏ត្រូវបានអ្នកតាមដាននយោបាយ បង្ហាញការភ្ញាក់ផ្អើល ព្រោះតែលោក ហ៊ុន សែន ក្រុមមេទាហាន ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ រួមទាំងអ្នកនាំពាក្យឲ្យរបបមួយនេះ សុទ្ធតែប្រកាសជំហរនៅមុខកម្មករ នៅមុខពលរដ្ឋនៅពេលចុះឃោសនារកសំឡេងឆ្នោតនៅមូលដ្ឋានថា មិនព្រួយបារម្ភពីសម្ពាធ ទណ្ឌកម្ម ឬការកាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប ឬទៅទីផ្សារអន្ដរជាតិ។
ដើមខែកក្កដា មុនពេលរបបក្រុងភ្នំពេញរៀបចំឲ្យមានព្រឹត្តិការណ៍បោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា មន្ត្រីរបស់សហភាពអឺរ៉ុប បានធ្វើបេសកកម្មស៊ើបអង្គេតស្វែងរកការពិតនៅកម្ពុជា ហើយជួបសម្ភាសន៍ភាគីពាក់ព័ន្ធ មានមេដឹកនាំរបបក្រុងភ្នំពេញ ក្រុមអង្គការសង្គមស៊ីវិល អ្នកវិភាគ អ្នកស្រាវជ្រាវ គណបក្សនយោបាយ និងសហជីពឯករាជ្យ សហជីពស្និទ្ធរបបក្រុងភ្នំពេញជាដើម ដើម្បីស្វែងរកការពិត ជុំវិញស្ថានភាពនៅកម្ពុជា។
កាលពីថ្ងៃទី១០ ខែកក្កដា សហជីពស្និទ្ធនឹងរបបក្រុងភ្នំពេញចំនួន៥ គឺសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានដាក់ញ្ញត្តិទៅគណៈប្រតិភួសហភាពអឺរ៉ុប ដើម្បីកុំឲ្យកាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូលពីកម្ពុជា។
ក្រោយបញ្ចប់បេសកម្មបានមួយថ្ងៃ គឺនៅថ្ងៃទី១២ ខែកក្កដា ក្រុមការងាររបស់អឺរ៉ុប ថ្លែងថា បើមិនអាចស្តារក្ដីព្រួយបារម្ភបានទេ គឺជម្រើសចុងក្រោយ សហភាពអឺរ៉ុបនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា។ ទោះយ៉ាងណា មកដល់ពាក់កណ្ដាលខែសីហានេះ សហភាពអឺរ៉ុបនៅមិនទាន់សម្រេចបែបណានៅឡើយទេ។
ទោះបីមានក្តីបារម្ភពីរបបលោក ហ៊ុន សែន និងកម្មករទូទៅពីវិបត្តិកាត់ការអនុគ្រោះពន្ធនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងក៏ដោយ ប៉ុន្តែសមាគមថៅកែរោងចក្រនៅកម្ពុជា និងសហជីពស្និទ្ធរបបក្រុងភ្នំពេញ បង្ហាញភាពជឿជាក់ថា សហភាពអឺរ៉ុបនឹងកាត់សេចក្តីច្បាស់លាស់ ដោយមិនសម្រេចកាត់ផ្ដាច់ការលើកលែងការអនុគ្រោះពន្ធនាំចូលពីកម្ពុជា ដោយសារតែស្ថានភាពនយោបាយទេ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ (Ken Loo) ថា កាលពីកំឡុងខែកក្កដា សមាគមថៅកែរោងចក្រ បានជួបជជែកជាមួយ ក្រុមស្វែងរកការពិតនៅកម្ពុជារបស់សហភាពអឺរ៉ុប និងបានពន្យល់ប្រាប់យ៉ាងច្បាស់ថា ស្ថានភាពនយោបាយមិនអាចជាកត្តា ដែលត្រូវសម្រេចកាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូលពីកម្ពុជាទេ។ លោក ខេន លូ ពន្យល់ថា មូលហេតុដែលធ្វើឲ្យសហភាពអឺរ៉ុប កាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូល មាន ២៧ចំណុច ហើយបើគ្រាន់តែរឿងស្ថានភាពនយោបាយមួយចំនុច នឹងមិនអាចធ្វើឲ្យសហភាពអឺរ៉ុបកាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូលទេ៖ «»
ចំណែកអនុប្រធានសហព័ន្ធសហជីពស្មារតីខ្មែរ លោក ហ៊ីង ប៊ុនធឿន ដែលមាននិន្នាការគាំទ្ររបបលោក ហ៊ុន សែន យល់ថា សហភាពអឺរ៉ុប មិនគួរមើលតែជ្រុងនយោបាយតែមួយទេ ព្រោះថា នៅពេលដែល សហភាពអឺរ៉ុបបញ្ឈប់ការអនុគ្រោះពន្ធនាំចូលមែន មិនមែនតែកម្មករទេ ដែលទទួលរងផលប៉ះពាល់៖ «»
ទោះបីជាយ៉ាងណាក៏ដោយ សហជីពឯករាជ្យមានទស្សនៈផ្សេងវិញ។ សហភាពសហជីពកម្ពុជា (CCU) កាលថ្ងៃទី៧ ខែសីហា ចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យអ្នកនយោបាយនៅគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បន្ទន់ឥរិយាបថចរចារគ្នារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចៀសកលិយុគនៅកម្ពុជា។ ប្រធានសហជីព លោក រ៉ុង ឈុន ជាអតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យ និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពន្យល់ថា នៅពេលដែលកម្មករគ្មានការងារធ្វើ អ្នកដែលរងគ្រោះមិនត្រឹមតែកម្មករទេ គឺពលរដ្ឋទាំងអស់នឹងរងគ្រោះ។ លោក រ៉ុង ឈុន បន្ដថា នៅពេលដែលកម្មកររាប់លាននាក់ គ្មានការងារធ្វើ របបក្រុងភ្នំពេញ មិនអាចប្រមូលពន្ធបានគ្រប់គ្រាន់ ក៏មិនអាចមានប្រាក់បៀវត្សរ៍គ្រប់គ្រាន់ បើកឲ្យមន្ត្រីរាជការ ហើយកើតអំពើចោរកម្ម អសន្ដិសុខ ធ្វើឲ្យសង្គមច្រួលច្របល់។
អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា លោក ម៉ៃ សុភត្រា យល់ថា សហភាពអឺរ៉ុបអាចនឹងដកកម្ពុជា ចេញពីប្រទសដែលត្រូវអនុគ្រោះពន្ធនាំចូលទៅអឺរ៉ុប ហើយប្រសិនបើសហភាពអឺរ៉ុបបញ្ឈប់ការអនុគ្រោះពន្ធពិតមែន សហជីពរូបនេះយល់ថា មិនមែនជាកំហុសរបស់កម្មករ ឬពលរដ្ឋទេ នេះជាកំហុសរបស់អ្នកដឹកនាំរដ្ឋ៖ «»
អ្នកវិភាគនយោបាយ ព្រមានថា បើស្ថានភាពនៅតែបន្ដចម្រូងចម្រាស់បែបនេះទៀត មិនមែនមានតែសហភាពអ៊ឺរ៉ុបទេ ដែលបញ្ឈប់ការអនុគ្រោះពន្ធនាំចូល ហើយសូម្បីតែសហរដ្ឋអាមេរិក និង ប្រទេសប្រជាធិបតេយ្យផ្សេងទៀត ក៏អាចបញ្ឈប់ការនាំចូល ឬលែងនាំចូលតែម្ដង។ ពលរដ្ឋ ព្រមានថា នៅពេលដែលកម្មកររងគ្រោះ ផលប៉ះពាល់មិនមែនត្រឹមតែពលរដ្ឋ មន្ត្រីរាជការទេ សូម្បីគ្រួសាររបស់របស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ក៏ត្រូវទទួលរង ពីផលប៉ះពាល់នេះដែរ។ កម្មករ និងសហជីព ជំរុញឲ្យក្រុមមេដឹកនាំរបបក្រុងភ្នំពេញ គិតគូរពីសុខទុក្ខរបស់កម្មករ តាមរយៈការបញ្ឈប់សកម្មភាពរឹតត្បិតសេរីភាព និងស្ដារលទ្ធិប្រជាធិតេយ្យ តាមការចង់បានរបស់សហភាព
អឺរ៉ុបឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។