អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន​ កំពុង​បង្វែរ​ស្ថានការណ៍​រឿង​បាត់ EBA ២០%

ដោយ វ៉ែន សុមេធ
2020.08.19
EBA លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
RFA

គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ឃ្លាំមើល​សង្គម​យល់ថា មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កំពុង​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ទៅ​ជា​រឿង​ព្រំដែន​ និង​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​វិញ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា នេះ​ជា​ការ​លើក​ឡើង​មិន​ត្រឹម​ត្រូវ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជឿថា លោក ហ៊ុន សែន ​កំពុង​ព្រួយ​បារម្ភ​​អំពី​ចលនា​ងើប​ឡើង​របស់​កម្មករ​ ដែល​ខឹង​សម្បារ​នឹង​របប​ក្រុង​ភ្នំពេញ​ករណី​​បណ្ដោយ​ឱ្យ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ប៉ះពាល់​ដល់​ប្រយោជន៍​កម្មករ​។ លោក​ថា ហេតុ​ដូច្នេះ​ហើយ​ទើប​លោក ហ៊ុន សែន រុញ​រឿង​ព្រំដែន​ជា​បញ្ហា​ធំ ដោយ​ចាប់​ខ្លួន​លោក រ៉ុង ឈុន និង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។

ក្រៅ​ពី​នេះ លោក អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន ទំនង​ជា​ខ្លាច​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន ៨០% ទៀត ទើប​បាន​ជា​បុរស​ខ្លាំង​រូប​នេះ រក្សា​ភាព​ស្ងៀម​ស្ងាត់ ពេល​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា ជា​ផ្លូវ​ការ៖ «តាម​ការ​ពិត លោក ហ៊ុន សែន នៅក្នុង​ខ្លួន នៅ​ក្នុង​ចិត្ត​ហ្នឹង មហា​ខ្វាយខ្វល់​ហើយ។ ខាង​ក្រៅ​ហ្នឹង គ្រាន់​តែ​និយាយ​ទេ ព្រោះ​យើង​ដឹង​ហើយ សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហ្នឹង​ វា​រួម​រឹត​ធ្ងន់ធ្ងរ​មែនទែន​ទៅ​ហើយ ហើយ​បើ​កាល​ណា​ វា​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថែម​ទៀត វា​កាន់​តែ​សង្កត់​ធ្ងន់​ថែម​ទៀត»

សេចក្ដី​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% បាន​ចូល​ជាធរមាន​ ចាប់​តាំង​ពី​ថ្ងៃទី១២ សីហា​ ក៏​ប៉ុន្តែ​រយៈពេល​មួយ​សប្តាហ៍​មក​នេះ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ ​តបត​​នឹង​សហភាព​អឺរ៉ុប​នៅឡើយទេ។ ជាពិសេស នៅក្នុង​សុន្ទរកថា​រយៈពេល​ជាង១ ម៉ោង កាល​ពី​ថ្ងៃ​ទី១៦ សីហា លោក​មិន​បាន​និយាយ​ដល់​រឿង​បាត់ EBA នេះ​ទេ ផ្ទុយទៅវិញ​លោក​ផ្ដោត​ជាពិសេស​លើ​រឿង​បង្ក្រាប​​អ្នករិះគន់​​បញ្ហា​ព្រំដែន និង​ព្រមាន​ចាប់​ខ្លួន​ជន​ណា​ក៏ដោយ​ដែល​បន្ត​លើក​ឡើង​ពី​បញ្ហា​នេះ។

ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បកស្រាយ​​ថា ប្រមុខ​រដ្ឋាភិបាល​មិន​​និយាយ​រឿង EBA នេះ​​ទៀត​ទេ ព្រោះ​លោក​​ធ្លាប់​បាន​បញ្ជាក់​ជំហរ​ច្បាស់​ហើយ​ថា មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ការ​អនុគ្រោះ​ពន្ធ​នោះ​ឡើយ។ លោក​ថា ​ការ​បាត់បង់ EBA ចំនួន ២០% មិន​មែន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប និង​កម្ពុជា​បែរ​ខ្នង​ដាក់​គ្នា​នោះ​ទេ ហើយ​ក៏​មិន​មែន​​បាន​ន័យ​ថា កម្ពុជា​បាត់​បង់​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ​ដែរ។ លោក ផៃ ស៊ីផាន ចំអក​ថា អ្នក​និយាយ​ថា រដ្ឋាភិបាល​កំពុង​​បង្វែរ​ស្ថាន​ការណ៍​នេះ ជា​អ្នក​មិន​យល់​ពី​ស្ថានភាព​ពិត«ការ​វិភាគ​បែប​នេះ គឺ​ជា​ការ​វិភាគ​មួយ​ដែល​គ្មាន​សមត្ថភាព ពីព្រោះ​ការ​វិភាគ​ហ្នឹង មិន​ឆ្លើយតប​នឹង​ភាព​ជាក់​ស្ដែង​ទេ។ ក្នុង​រឿង EBA ហ្នឹង យើង​បាន​និយាយ​រួច​ស្រេច​ទៅ​​ហើយ​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដូច្នេះ​មិន​មែន​ប្រយោជន៍​អ្វី​និយាយដដែលៗ ហើយ​ជំហរ​យើង​នៅ​តែ​ដដែលៗ​នោះ​ទេ»

លោក ផៃ ស៊ីផាន អះអាង​ទៀត​ថា កម្ពុជា​នឹង​បន្ត​ជជែក​គ្នា​ជាមួយ​សហភាព​អឺរ៉ុប​ចំពោះ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន​ ៨០% ទៀត។ នៅ​ពេល​អាស៊ី​សេរី​សួរ​ថា តើ​រដ្ឋាភិបាល​នឹង​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បាន EBA ចំនួន ២០% នោះ​វិញ ដែរ​ឬ​អត់ ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​ ឆ្លើយ​ថា លោក​មិន​មាន​ព័ត៌មាន​នេះ​ក្នុង​ដៃ​ទេ។

ទោះ​ជា​យ៉ាង​ណា អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក វាយ​តម្លៃ​ថា ការ​បាត់​បង់ EBA នេះ ស្ដែង​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​គិត​ពី​អំណាច​របស់​ខ្លួន​ ជាង​ប្រយោជន៍​កម្មករ​ពិត​ប្រាកដ។ លោក​បន្ត​ថា ការ​ដែល​ លោក ហ៊ុន សែន និយាយ​មិន​ត្រូវ​រឿង​បាត់ EBA ហើយ​ងាក​ទៅ​ផ្ដោត​លើ​រឿង​ចាប់​ចង​អ្នក​រិះគន់​បញ្ហា​​ព្រំដែន និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នោះ បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​​បង្វែរ​ស្ថានការណ៍ និង​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ៖ «ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% នេះ គឺ​ជា​ជំហាន​ទី​មួយ​របស់​សហភាព​អឺរ៉ុប  អ៊ីចឹង​នៅ​មាន​ជំហាន​បន្ត​បន្ទាប់​ទៀត នៅ​ពេល​ដែល​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​​សិទ្ធិមនុស្ស​។ កាល​ណា​ប្រជាពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ច្រើន ពេល​នោះ​គឺ​នឹង​ផ្ទុះ​បាតុកម្ម​ ឬ​កូដកម្ម​កើត​ឡើង​នៅ​ក្នុង​ប្រទេស អ៊ីចឹង​អ្វី​ដែល​សម្ដេច​មិន​បាន​ឆ្លើយតប​ គឺ​ដើម្បី​បង្វែរ​ស្ថានការណ៍​នៃ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល»

សហភាព​អឺរ៉ុប​ប្រកាស​​ថា ការសម្រេច​​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ជា​ផ្លូវការ​នេះ គឺ​ដោយសារ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​យ៉ាង​ជាក់​លាក់​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា សហភាព​គូស​បញ្ជាក់​ថា បើ​ស្ថានការណ៍​ដុនដាប​ផ្នែក​សិទ្ធិមនុស្ស​នេះ​មាន​ការ​ជឿន​លឿន​ទៅ​រក​ភាព​ប្រសើរ​ឡើង នោះ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​វិញ។

គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល និង​ក្រុម​អ្នក​សង្កេតការណ៍​ វាយ​តម្លៃ​ថា សហភាព​អឺរ៉ុប​មិន​ចង់​ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ណាមួយ​ពី​កម្ពុជា​នោះ​ទេ ដូច្នេះ​ទើប​បណ្ដុំ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ ទុក​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​​របប​ក្រុង​ភ្នំពេញ​កែ​ប្រែ​ខ្លួន​។ ពួក​គេ​បន្ថែម​ថា បើ​របប​លោក ហ៊ុន សែន ពិត​ជា​គិត​គូរ​ដល់​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​មែន របប​នេះ​ត្រូវ​តែ​ស្ដារ​​ស្ថាន​ការណ៍​ដុន​ដាប​នេះ​ឡើងវិញ ដើម្បី​ធានា​ថា កម្មករ​បន្ត​​​មាន​ការងារ​ធ្វើ ហើយ​ពលរដ្ឋ​ដែល​អាស្រ័យ​​ផល​នឹង​វិស័យ​កាត់​ដេរ អាច​បន្ត​មាន​ប្រាក់​ចំណូល។

សមាគម​ថៅកែ​រោងចក្រ​បាន​អះអាង​កាល​ពី​ខែកុម្ភៈ​ថា ការ​ដក EBA ចំនួន ២០% នេះ អាច​នឹង​ធ្វើ​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់​បង់​ការងារ និង​បង្កើត​ឱ្យ​មាន​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ការ​អះអាង​បែប​នេះ​របស់​ក្រុម​ថៅកែ​រោងចក្រ មិន​បាន​រួម​បញ្ចូល​វិបត្តិ​កូវីដ-១៩ ដែល​កំពុង​វាយ​ប្រហារ​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដំណំ​នោះ​នៅ​ឡើយ​ទេ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។