របាយការណ៍របស់គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ឆ្នាំ ២០១៨ របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បង្ហាញថា ការ​គោរព​លក្ខខណ្ឌ​ការងារ​តាម​រោងចក្រ មាន​ភាព​ប្រសើរ​ជាង​មុន

ដោយ សេក បណ្ឌិត
2018-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

របាយការណ៍របស់គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ឆ្នាំ ២០១៨ របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) រក​ឃើញ​ថា ការ​គោរព​លក្ខខណ្ឌ​ការងារ​តាម​រោងចក្រ មាន​ភាព​ប្រសើរ​ជាង​មុន

របាយការណ៍ប្រចាំ​ឆ្នាំ ដែល​ចេញ​ផ្សាយ​ថ្ងៃ​ទី៤ ធ្នូ បង្ហាញ​ថា ចំនួន​រោងចក្រ ដែល​បាន​អនុលោម​តាមច្បាប់​ស្តីពីបញ្ហា​ចម្បង មានចំនួន​កើនឡើង​ពី ៣២% មក ៤១%។ ទោះជាយ៉ាងនេះក្តី របាយការណ៍​ បាន​កត់​សម្គាល់ថា ការ​កែលម្អ​ នៅ​តែ​មិន​ទាន់​បាន​គ្រប់​ចំណុច​ទាំងអស់នៅឡើយ។ ផ្នែក​ដែល​នៅ​ទាមទារ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​បន្ថែម​ទាំង​នោះ គឺ​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ការ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់ និង​ការ​រើសអើង​នៅ​កន្លែង​ការងារ​ជា​ដើម។

ប្រធាន​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ អ្នកស្រី Esther Germans ទាមទារ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ដឹក​នាំ​ភាព​ផ្លាស់ប្តូរ នៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ ដោយសារ​ការ​កែលម្អ​លក្ខខណ្ឌ​ការងារ នៅ​ក្នុង​រោងចក្រ ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ភាព​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​កាត់​ដេរ ដែល​ជួយ​ឲ្យ​កម្ពុជា មាន​កេរិ៍្ត​ឈ្មោះ​ល្បី និង​ជា​ទី​ផលិត​ទំនិញ ដែល​មាន​ក្រម​សីលធម៌​ល្អ។

របាយការណ៍ប្រចាំឆ្នាំនេះ វាយតម្លៃ​ស្ថានភាព​ការងារ​ពី​ខែ​ឧសភា ឆ្នាំ២០១៧ ដល់​ខែ​មិថុនា ឆ្នាំ២០១៨ និង​ពិនិត្យ​មើល​រោងចក្រ​ចំនួន ៤៦៤រោងចក្រ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា លក្ខខណ្ឌ​ការងារ​តាម​រោងចក្រ និង​ការ​គោរព​សិទ្ធិ​កម្មករ គិត​មក​ត្រឹម​ចុង​ឆ្នាំ២០១៨ មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ។ លោក​ថា យ៉ាង​ហោច​ណាស់ នៅ​សល់​ប្រមាណ​ជាង ៥០%​ទៀត ដែល​ជា​ចំណុច​ខ្វះខាត និង​ត្រូវ​កែ​លំអ​ឲ្យ​បាន​ប្រសើរ​ឡើង​នៅ​ក្នុង​រោងចក្រ។ បញ្ហា​ទាំង​នោះ​រួម​មាន បរិស្ថាន ខ្សល់​ចេញ​ចូល​ក្នុង​រោងចក្រ បញ្ហា​ការ​ថែទាំ​សុខភាព​កម្មករ​ក្នុង​រោងចក្រ សិទ្ធិ​សេរីភាព​របស់​សហជីព នៅ​តែ​មាន​ការ​គាប​សង្កត់ និង​គំរាមកំហែង​ពី​ថៅកែ​ជា​បន្ត​បន្ទាប់ ជាពិសេស​ច្បាប់​សហជីព ក៏​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ច្រើន​ដែរ៖ «ច្បាប់​នេះ​មិន​ទាន់​បាន​កែលំអ​នៅ​ឡើយ​ទេ ដោយ​នៅ​មាន​មាត្រា​ជា​ច្រើន បាន​ដាក់​ពន្ទុក​លើ​សហជីព ហើយ​បញ្ហា​ចម្បង​មួយ​ទៀត​នោះ គឺ​ការ​ប្រើប្រាស់​កិច្ច​សន្យា​កាងារ​ខ្លីៗ ជា​ដើម»

លក្ខខណ្ឌការងារ គឺ​ជា​កត្តា​កំណត់​មួយ ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប។ ទោះ​ជា​យ៉ាង​នេះ​ក្តី លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ ប្រជាធិបតេយ្យ ក៏​ជា​កត្តា​ចម្បង​ក្នុង​កិច្ច​ព្រម​ព្រៀង នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល