វិនិយោគិន​ជំរុញ​ឲ្យ​ដាំ​ដំណាំ​ល្ម៉ើ​នៅ​កម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​តំបន់​អាស៊ី

ដោយ អ៊ុំ រង្សី
2016.10.27
ដំណាប់​ល៉្មើ ៧៥៥ ២០១៦ ផលិតផល​ដែល​កែច្នៃ​ចេញ​ពី​ផ្លែ​ល្ម៉ើ ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​ស្ដី​អំពី​ការ​ពង្រឹង​គុណភាព​បច្ចេកទេស​ដំណាំ​ល្ម៉ើ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Um Raingsy

វិនិយោគិន​ជាតិ និង​អន្តរជាតិ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ល្ម៉ើ​កម្ពុជា មាន​តម្រូវការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពី​ទីផ្សារ​តំបន់​អាស៊ី។ ទន្ទឹម​គ្នា​នេះ ក្រុម​វិនិយោគិន​បាន​ជំរុញ​ឲ្យ​កសិករ​កម្ពុជា ដាំ​ដំណាំ​ល្ម៉ើ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស។

វិនិយោគិន​ជាតិ និង​អន្តរជាតិ​អះអាង​ថា តម្រូវការ​ផលិតផល​ល្ម៉ើ​កម្ពុជា ពី​ទីផ្សារ​តំបន់​អាស៊ាន ក៏​ដូចជា​ក្នុង​តំបន់​អាស៊ី មាន​ការ​កើន​ឡើង​នេះ ដោយសារតែ​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​មិន​អាច​ដាំ​បាន ព្រម​ទាំង​មាន​ការ​ទុក​ចិត្ត​លើ​គុណភាព​ផលិតផល​ល្ម៉ើ​ពី​សំណាក់​អតិថិជន។

ការ​លើក​ឡើង​របស់​ក្រុម​វិនិយោគិន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆមាស​ស្ដី​អំពី​ការ​ពង្រឹង​គុណភាព​បច្ចេកទេស​ដំណាំ​ល្ម៉ើ​នៅ​កម្ពុជា រវាង​ក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប និង​ក្រុមហ៊ុន​ប្រទេស​ថៃ ព្រមទាំង​ក្រុមហ៊ុន​ប្រទេស​អ៊ីស្រាអែល (Israel) ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា នា​រាជធានី​ភ្នំពេញ។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប (OENG SOTHY Group Co., Ltd) លោក ឡេង មុនីនាថ លើក​ឡើង​ថា ដំណាំ​ល្ម៉ើ​ត្រូវ​បាន​ប្រជាជន​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី ចាត់​ទុក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ដែល​មាន​គុណប្រយោជន៍​ខ្ពស់​ដល់​សុខភាព។ ជាង​នេះ​ទៀត ល្ម៉ើ​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ​មាន​តម្រូវការ​ច្រើន​ពី​ទីផ្សារ​អាស៊ាន ក្នុង​នោះ​មាន ប្រទេស​ថៃ ប្រទេស​ហ្វីលីពីន ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាឡេស៊ី កំពុង​ត្រូវការ​ផលិតផល​ល្ម៉ើ ខណៈ​ប្រជាជន​កម្ពុជា មិន​ទាន់​ដឹង និង​ដាំ​ដំណាំ​ល្ម៉ើ​បាន​តិចតួច​នៅ​ឡើយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិត​ខាង៖ «ជនជាតិ​ឥស្លាម​នៅ​លើ​ពិភពលោក មាន​ទាំង​ពី​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន អ៊ីចឹង​សួរ​ថា តំបន់​ទាំង​នេះ​ដាំ​ល្ម៉ើ​អត់​បាន។ ប្រទេស​ដែល​មាន​តម្រូវការ​ទាំង​នេះ នឹង​ងាក​មក​តិច​ល្ម៉ើ​កម្ពុជា ព្រោះ​នៅ​អាស៊ាន​ដាំ​បាន​តែ ៤​ប្រទេស​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ថៃ កម្ពុជា ចំណែក​ភូមា និង​វៀតណាម ដាំ​បាន​តិចតួច​ប៉ុណ្ណោះ»

តំណាង​ក្រុមហ៊ុន​រូប​នេះ​អះអាង​ថា ដោយ​សម្លឹង​ឃើញ​ពី​សក្ដានុពល​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ល្ម៉ើ​ទៅ​ទីផ្សារ​អាស៊ាន ក្រុមហ៊ុន​លោក​បាន​សម្រេច​ចុះ​អនុស្សរណៈ​ជាមួយ​ប្រទេស​ថៃ និង​អ៊ីស្រាអែល ដែល​ជា​ប្រទេស​ដាំ និង​កែច្នៃ​ផលិតផល​ដំណាំ​ល្ម៉ើ​ធម្មជាតិ​ល្អ​ជាង​គេ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិយោគ​ដាំ​ដំណាំ​ល្ម៉ើ​ឲ្យ​បាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា៖ «បើ​សិន​ជា​ល្ម៉ើ​មាន​អត្ថប្រយោជន៍​បែប​ហ្នឹង មិន​ភ័យ​ខ្វះ​ទីផ្សារ​នោះ​ទេ ហើយ​បច្ចុប្បន្ន​កម្ពុជា យើង​បាន​សហការ​ជាមួយ​ប្រទេស​ថៃ ធ្វើ​ជា​ទឹក​ផ្លែ​ឈើ​ល្ម៉ើ និង​កែច្នៃ​ល្ម៉ើ​ផ្សេងៗ ហើយ​បាន​ចូល​ទៅ​ដល់​ទីផ្សារ​ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ហើយ​នៅ​ពេល​ល្ម៉ើ​យើង​បាន​អាយុ ៣​ឆ្នាំ អាច​ប្រមូល​ផល​បាន​ហើយ យើង​នាំ​ចេញ​ទៅ​វៀតណាម និង​ចិន ដូច្នេះ​ប្រជាពលរដ្ឋ​កុំ​បារម្ភ​រឿង​ទីផ្សារ»

ទន្ទឹម​គ្នា​នេះ អគ្គនាយក​ក្រុមហ៊ុន កញ្ចនៈបូរី (Kachanaburi) ប្រទេស​ថៃ លោក អានូរ៉ាក់ ប៊ុនលឺ (Anurak Boonlue) ដែល​ជា​ក្រុមហ៊ុន​ដាំ​ដំណាំ​ល្ម៉ើ​ធំ​មួយ​ប្រចាំ​ប្រទេស​ថៃ និង​តំបន់​អាស៊ាន ហើយ​ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រទេស​ថៃ ដាំ​ដំណាំ​ល្ម៉ើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ចាត់​ទុក​ជា​ដំណាំ​មួយ​ដែល​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ថៃ ដែរ។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​កសិករ​កម្ពុជា គួរ​ងាក​វិនិយោគ​ដាំ​ដំណាំ​ល្ម៉ើ​ឲ្យ​បាន​ច្រើន ព្រោះ​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ និង​អាកាសធាតុ​ដូច​ប្រទេស​ថៃ ផ្ទុយ​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ដែល​មាន​តម្រូវ​ការ​ខ្លាំង តែ​មិន​អាច​ដាំ​បាន។ បន្ថែម​ពី​នេះ លោក អានូរ៉ាក់ ប៊ុនលឺ អះអាង​ថា ក្រុមហ៊ុន​លោក​នឹង​ជួយ​បច្ចេកទេស និង​ពូជ​ល្ម៉ើ​ដែល​មាន​គុណភាព​ល្អ​ដល់​កសិករ​កម្ពុជា ដើម្បី​ទាញ​យក​ឱកាស​នាំ​ចេញ​ផលិតផល​ល្ម៉ើ​ទៅ​កាន់​ទីផ្សារ​អាស៊ាន​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ចំណែក​ឯ​កសិករ​ដាំ​ដំណាំ​ល្ម៉ើ​មក​ខេត្ត​ពោធិ៍សាត់ លោក ស្រ៊ាង វណ្ណរ័ត្ន លើក​ឡើង​ដែរ​ថា លោក​សាកល្បង​ដាំ​ដំណាំ​ល្ម៉ើ​នៅ​លើ​ផ្ទៃដី ២​ហិកតារ។ លោក​យល់​ថា ដំណាំ​ល្ម៉ើ​ងាយ​ស្រួល​ដាំ និង​ថែទាំ​ជាង​ដំណាំ​ក្រូច​ពោធិ៍សាត់ ពិសេស​អាច​ទទួល​ផល​ច្រើន​ជាង​ដំណាំ​ម្រេច។ លោក​ចង់​ឃើញ​រដ្ឋាភិបាល ពិសេស​ក្រសួង​កសិកម្ម ជំរុញ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ដំណាំ​ប្រភេទ​ឧស្សាហកម្ម​នេះ​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត៖ «ស្រូវ​ដាំ និង​ថែទាំ​ជាង​ក្រូច ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជា​កសិករ អ៊ីចឹង​មិន​សូវ​ហត់​នឿយ និង​បាន​ផល​ច្រើន»

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ម៉ាក់ សឿន ដើម្បី​ដឹង​ពី​ផែនការ​របស់​ក្រសួង​ចំពោះ​ដំណាំ​ល្ម៉ើ​យ៉ាង​ណា​បាន​នៅ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា។ ប៉ុន្តែ​បើ​តាម​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប លោក ឡេង មុនីនាថ អះអាង​ថា នៅ​ជំនួប​រវាង​ក្រុមហ៊ុន និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ពេល​ថ្មីៗ​នេះ លោក វេង សាខុន ក៏​បាន​ជំរុញ​ឱ្យ​ប្រជា​កសិករ​ខ្មែរ​ងាក​ទៅ​ចាប់​អារម្មណ៍​ដាំ​ដុះ​ដំណាំ​ល្ម៉ើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ច្រើន ដោយ​លោក​អះអាង​ថា ដំណាំ​ប្រភេទ​នេះ​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​ក្នុង​តំបន់​អាស៊ី។

​វិនិយោគិន​ជាតិ និង​អន្តរជាតិ អះអាង​ថា ដំណាំ​ល្ម៉ើ​ជា​ឈើ​មួយ​ប្រភេទ​សន្តាន​ត្នោត តែ​មាន​ស្លឹក និង​បន្លា​ផ្សេង​គ្នា​ពី​ត្នោត មាន​ផ្លែ​តូចៗ មាន​រស​ជាតិ​ផ្អែម គេ​អាច​ប្រើ​វា​ធ្វើ​ជា​បង្អែម ដំណាប់ ភេសជ្ជៈ ទឹក​ឃ្មុំ​ល្ម៉ើ ជា​តែ​ល្ម៉ើ និង​ស្ករ​ល្ម៉ើ​ជាដើម។

បច្ចុប្បន្ន ផលិតផល​ល្ម៉ើ​ត្រូវ​បាន​ក្លាយ​វា​ជា​អាហារ​ពេញ​និយម​បំផុត​សម្រាប់​ប្រជាជន​ឥស្លាម​នៅ​លើ​ពិភពលោក។ ជាង​នេះ ដំណាំ​ល្ម៉ើ​ជា​ដំណាំ​ដែល​មិន​រើស​ប្រភេទ​ដី ធន​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្រោយ​ដាំ ៣​ឆ្នាំ អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​ដើម ចាប់​ពី ៤០​គីឡូ ទៅ ១០០​គីឡូក្រាម។

ទន្ទឹមគ្នា​នេះ​ដែរ វិនិយោគិន​ជាតិ និង​អន្តរជាតិ​យល់​ថា ខណៈ​ពិភពលោក​កំពុង​ជួប​វិបត្តិ​ប្រែប្រួល​អាកាសធាតុ ពិសេស​គ្រោះ​រាំង​ស្ងួត​ខ្លាំង ហេតុ​នេះ​វា​ជា​ទិសដៅ​ដំណាំ​ប្រភេទ​ថ្មី​សម្រាប់​វិនិយោគិន​ក្នុង​តំបន់​អាស៊ី។

បន្ថែម​ពី​នេះ​ទៀត​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក៏​បង្ហាញ​ក្តី​រំពឹង​ដែរ​ថា ប្រសិនបើ​មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាំដុះ ដំណាំ​ល្ម៉ើ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​កាន់​តែ​ទូលាយ​ថែម​ទៀត​នោះ​ដំណាំ​ល្ម៉ើ​នឹង​ក្លាយ​ជា​ដំណាំ​ឧស្សាហកម្ម​ដ៏​សំខាន់​ទី​២ បន្ទាប់​ពី​អង្ករ ដែល​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូចជា​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។