ពលរដ្ឋ​ជាង​១០០​គ្រួសារ​ប្រកប​របរ​ដុត​ក្រឡាន​លក់​នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2017.03.20
ដុត​ក្រឡាន​លក់ បាត់ដំបង ២០១៧ ១៤៤០ កន្លែង​ដុត និង​លក់​ក្រឡាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ប្រកប​របរ​ដុត​ក្រឡាន​លក់​រក​ប្រាក់​ចំណូល​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។ អភិបាល​ស្រុក​ឯកភ្នំ បញ្ជាក់​ថា ពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​ពី​របរ​នេះ​បាន​យ៉ាង​ហោច​ណាស់​ពី ៤​ម៉ឺន​ទៅ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​រៀង​រាល់​ថ្ងៃ​ដែរ។

អ្នក​ស្រុក​ដែល​ប្រកប​របរ​ដុត​ក្រឡាន​នៅ​ខេត្ត​បាត់ដំបង ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ ដាក់​លក់​នៅ​តាម​ចិញ្ចើម​ថ្នល់ ដែល​ភាគច្រើន​ផលិត​អស់​អង្ករ​ចន្លោះ​ពី ៣​គីឡូក្រាម​ទៅ ១៥​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។

អ្នក​ផលិត​ក្រឡាន​ម្នាក់​រស់នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ លោកស្រី វរ ចាន់ថា ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​អង្គុយ​សក​សម្បក​ក្រឡាន​នៅ​ក្រោម​រោង​ចិញ្ចើម​ផ្លូវ​មាត់​អូរ ខាង​មុខ​ផ្ទះ​ថា លោកស្រី​ប្រកប​របរ​នេះ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រមាណ ២០​ឆ្នាំ​ហើយ។ ស្ត្រី​សម្បុរ​ស​វ័យ ៤៧​ឆ្នាំ​រូប​នេះ​បន្ត​ដោយ​សម្ដី​មួយៗ​ថា ថ្វីត្បិតតែ​របរ​មួយ​នេះ​មិន​អាច​រក​ប្រាក់​ចំណូល​ធ្វើ​ជា​អ្នក​មាន​ក៏ដោយ ក៏ប៉ុន្តែ​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោកស្រី​រស់នៅ​ជួបជុំ​គ្នា ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ឡើយ។

លោកស្រី​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ លោកស្រី​ផលិត​ក្រឡាន​អស់​អង្ករ​ចំនួន ១០​គីឡូក្រាម ហើយ​លក់​បាន​ប្រាក់​ចំណេញ​បន្ទាប់​ពី​ផាត់​ថ្លៃ​ដើម​ទុន ដូចជា​ថ្លៃ​អង្ករ​ដំណើប សណ្ដែក​ខ្មៅ ផ្លែ​ដូង និង​ដើម​ឫស្សី​ហើយ បាន​ប្រាក់​ចន្លោះ​ពី ៥​ម៉ឺន​ទៅ ៧​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ៖ «ខ្ញុំ​លក់​នៅ​មួយ​កន្លែង មិន​បាន​បោះ​ម៉ូយ​ឲ្យ​ទៅ​លក់​បន្ត​នៅ​កន្លែង​ផ្សេង​នោះ​ទេ។ ចំណែក​អ្នក​ដែល​មក​ទិញ​ច្រើនៗ​មក​ពី​ឆ្ងាយ​ដូចជា​មក​ពី​ភ្នំពេញ និង​ពី​ខេត្ត​សៀមរាប ជាដើម ចំណែក​ភ្ញៀវ​បរទេស​គេ​គ្រាន់​តែ​មក​មើល ហើយ​ភ្លក់​រសជាតិ​ក្រឡាន​មួយ ឬ​ពីរ​ប៉ុណ្ណោះ»

លោកស្រី​បន្ត​ថា ប្រកប​របរ​មួយ​នេះ លោកស្រី​ត្រូវ​ចំណាយ​ពេល​ផលិត ដោយ​ក្រោក​តាំង​តែ​ពី​ម៉ោង ៣​ទៀប​ភ្លឺ ហើយ​ទម្រាំ​តែ​លក់​ក្រឡាន​អស់​នៅ​ម៉ោង​ប្រមាណ​ពី ១០​ព្រឹក​ទៅ​ម៉ោង ២​រសៀល។

របរ​មួយ​នេះ​ពុំ​មែន​មាន​តែ​អ្នក​ផលិត​ក្រឡាន​ប៉ុណ្ណោះ​ទេ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ មាន​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត ក៏​មាន​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​របរ​នេះ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ដូច​គ្នា។

អ្នក​ទិញ​ក្រឡាន​ទៅ​លក់​បន្ត​ម្នាក់​រស់នៅ​ភូមិ​សំរោងអូរទ្រា ឃុំ​សំរោងក្នុង លោកស្រី ឈឿន ឆេត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​មក​យក​ក្រឡាន​ពី​អ្នក​ផលិត​នៅ​ភូមិ​សំរោងក្នុង ថា លោកស្រី​ប្រកប​របរ​នេះ​ដឹក​ដោយ​កង់​យក​ទៅ​លក់​នៅ​តាម​ចំណត​ឡាន និង​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​បាត់ដំបង ប្រមាណ ៥​ឆ្នាំ​ហើយ គឺ​ក្នុង​មួយ​ថ្ងៃ​ចំណាយ​អស់​ដើម​ទុន​ប្រមាណ ១០​ម៉ឺន​រៀល ហើយ​នៅ​ពេល​លក់​ក្រឡាន​អស់​ចំណេញ​បាន​ប្រាក់​ប្រមាណ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោកស្រី​បន្ថែម​ថា របរ​នេះ​គឺ​ជា​របរ​បន្ថែម​ក្រោយ​ពេល​ទំនេរ​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ ហើយ​ក៏​ជា​របរ​ដែល​ចំណាយ​អស់​ដើម​ទុន​តិច ដែល​សម​ល្មម​នឹង​សមត្ថភាព​របស់​លោកស្រី៖ «ព្រោះ​អី​បើ​សិន​ជា​យើង​ទៅ​ធ្វើ​កម្មករ​សំណង់ និង​ទៅ​ធ្វើ​ការ​តាម​ហាង​គេ ទាល់​តែ​ដល់​ខែ​បាន​បើក​លុយ​ម្ដង តែ​យើង​លក់​ក្រឡាន​បាន​លុយ​រាល់​ថ្ងៃ គ្រាន់​បាន​ប្រើប្រាស់​ក្នុង​គ្រួសារ​បាន​ទាន់​ពេល»

កន្លែង​ដុត និង​លក់​ក្រឡាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។
កន្លែង​ដុត និង​លក់​ក្រឡាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដុត​ក្រឡាន​នៅ​ស្រុក​មួយ​នេះ សរុប​ប្រមាណ​ជាង ១០០​គ្រួសារ ភាគច្រើន​នៅ​ភូមិ​សំរោងតាកុក និង​ភូមិ​សំរោងក្នុង។ លោក​អះអាង​ថា ក្នុង​នោះ​អ្នក​ភូមិ​ខ្លះ​ធ្វើ​លក់​នៅ​មុខ​ផ្ទះ​ដោយ​ខ្លួន​ឯង និង​មួយ​ចំនួន​ទៀត​មាន​ឈ្មួញ​ទិញ​មក​យក​ទៅ​លក់​បន្ត​នៅ​តាម​ចំណត​ឡាន​ក្នុង​ក្រុង​បាត់ដំបង។ លោក​បន្ថែម​ថា សព្វថ្ងៃ​ការ​ផលិត​ក្រឡាន​នៅ​ឃុំ​សំរោងក្នុង ក្លាយ​ទៅ​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ជា​រៀង​រាល់​ថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ស្រុក​ត្រៀម​ដាក់​បញ្ចូល​ផលិតផល​ក្រឡាន​ទៅ​ជា​ទំនិញ​សំខាន់​របស់​ស្រុក គឺ​ឃុំ​មួយ​ផលិតផល​មួយ​ប្រចាំ​ខេត្ត​បាត់ដំបង៖ «នេះ​គ្រាន់​តែ​ជា​របៀប​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន គាត់​នាំ​គ្នា​ដុត​ទៅ ហើយ​គ្រួសារ​មួយៗ​គាត់​ឃើញ គាត់​ចេះ​តែ​ដុត​តាម​គ្នា។ ដោយសារ​តែ​ក្រឡាន​របស់​ពួក​គាត់​មាន​រសជាតិ​ឆ្ងាញ់​ជាង​គេ ហើយ​មាន​ឈ្មោះ​ល្បី​តៗ​គ្នា​ទៅ គេ​ក៏​នាំ​គ្នា​មក​ទិញ។ ចំណែក​ពួក​គាត់​រៀន​រូបមន្ត​ពី​គ្នា​ទៅ​វិញ​ទៅ​មក»

ប្រធាន​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​បាត់ដំបង លោក ប៉ុក សុជាតិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើត​តំបន់​នោះ​ធ្វើ​ជា​សហគមន៍​ផលិត​ក្រឡាន ហើយ​ប្រមូល​ពលរដ្ឋ​អ្នក​ប្រកប​របរ​នេះ​ទាំងអស់​ចូល​ទៅ​ក្នុង​សហគមន៍ ដើម្បី​ងាយ​ស្រួល​ផលិត​ក្រឡាន​ឲ្យ​បាន​ទាន់​តម្រូវការ និង​ឲ្យ​មាន​គុណភាព​ប្រសើរ​ជាង​មុន។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​តំបន់​នោះ​កាន់​តែ​ច្រើន៖ «បើ​យើង​ចងក្រង​ជា​ក្រុម វា​អាច​ធ្វើ​ជា​ទីផ្សារ ដូច​ថា​ធ្វើ​ជា​សហគមន៍​ក្រឡាន ហើយ​មាន​តំណាង​ម្នាក់​ចុះ​ផ្សព្វផ្សាយ ឬ​ទាក់ទង​សុំ​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ដឹង​ផលិតផល​របស់​ពួក​គាត់»

អាជ្ញាធរ​ស្រុក​អះអាង​ថា អាជ្ញាធរ​កំពុង​រក​ទីតាំង​ដើម្បី​បង្កើត​តំបន់​នោះ​ធ្វើ​ជា​សហគមន៍​ផលិត​ក្រឡាន ដើម្បី​ជួយ​ពង្រឹង​ការ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ។

ទោះ​ជា​យ៉ាង​ណា បញ្ហា​ទីផ្សារ គឺ​ជា​កត្តា​សំខាន់​របស់​ពួក​គាត់ ដើម្បី​លក់​ក្រឡាន​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ពួក​គាត់​បាន​ប្រាក់​ចំណូល​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត។ ម្យ៉ាង​ទៀត ពលរដ្ឋ​ភាគច្រើន​ផលិត​ក្រឡាន​ជា​លក្ខណៈ​គ្រួសារ និង​មាន​កម្រិត​តិចតួច ហើយ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​តាម​ធម្មជាតិ គឺ​លក់​នៅ​តាម​មុខ​ផ្ទះ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។