លោក ហ៊ុន ម៉ានី ថា ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម សមាជិក​អាស៊ាន​ទំនង​ជា​អាច​នឹង​ត្រូវ​ជ្រើសរើស​ថា​តើ​ត្រូវ​ចាប់​យក​មហាអំណាច​អាមេរិក ឬ​ចិន

ដោយ មាន ឫទ្ធិ
2018-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍ និង​អបអរ​សាទរ​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​អន្តរជាតិ​ឈ្មោះ ហ្គុស៊ី (The Gusi International Peace Prize) នា​ពហុកីឡាដ្ឋាន​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍ និង​អបអរ​សាទរ​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​អន្តរជាតិ​ឈ្មោះ ហ្គុស៊ី (The Gusi International Peace Prize) នា​ពហុកីឡាដ្ឋាន​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ដែល​សម្បូរ​ដោយ​រឿងអាស្រូវ​ផ្លូវ​ភេទ និង​មានបំណង​ចង់​ធ្វើជា​អនាគត​នាយករដ្ឋមន្ត្រី​បន្តវេន​ពី​ឳ​ពុក​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ថា កម្ពុជា ឬ​អាស៊ាន​ទាំងមូល​ទំនងជា​ត្រូវ​សម្រេចចិត្ត​នៅ​ថ្ងៃ​ណាមួយ ថា​តើ​ត្រូវ​ចាប់​យក​សហរដ្ឋអាមេរិក ឬ​ចិន ដោយសារតែ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាមេរិក ឬ​ចិន។ អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​ថា ក្នុង​កាលៈទេសៈ​បែបនេះ ការ​ទៅ​ចាប់​យក​មហាអំណាច​ណាមួយ ចោល​មហាអំណាច​មួយទៀត គឺជា​ការសម្រេចចិត្ត​ខុស និង​ប្រកបដោយ​គ្រោះថ្នាក់។

លោក ហ៊ុន ម៉ានី សំអាង​ថា ដោយសារតែ​បញ្ហា​នៃ​ការ​រីក​រាលដាល ឬ​ហៀរ​ចូល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន នៅ​ក្នុង​តំបន់ បញ្ហា​នេះ អាច​នឹង​ក្លាយ​ជា​សម្ពាធ​ដល់​សមាជិក​នីមួយៗ​នៃ​ប្រទេស​អាស៊ាន ឬ​សមាគម​អាស៊ាន​ទាំងមូល ឲ្យ​សម្រេចចិត្ត​ចាប់​យក​មហាអំណាច​មួយ​ជាក់លាក់។ លោក ហ៊ុន ម៉ានី ថ្លែង​យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី២១ វិច្ឆិកា ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ទី​ដែល​លោក​ទៅ​ចូលរួម​ធ្វើ​បាឋកថា​មួយ​ស្ដីពី «​អាស៊ី​ក្នុង​ភាព​ប្រែប្រួល​៖ កម្ពុជា និង​អាស៊ាន​» រៀបចំឡើង​ដោយ​កាសែត បាងកក ប៉ុស្តិ៍ របស់​ថៃ។

ទីភ្នាក់ងារសារព័ត៌មាន​បារាំង អា.អេហ្វ​.​ប៉េ ( AFP ) ស្រង់​ប្រសាសន៍​លោក ហ៊ុន ម៉ានី ថា នៅ​ពេល​ដែល​អ្នកកាសែត​ចោទ​សួរ ថា​តើ​កម្ពុជា នឹង​ចាប់​យក​មហាអំណាច​មួយ​ណា​ឲ្យ​ពិតប្រាកដ រវាង​សហរដ្ឋអាមេរិក និង​ចិន លោក ហ៊ុន ម៉ានី ព្យាយាម​មិន​ផ្ដល់​ចម្លើយ​ចំៗ ដោយ​លោក​គ្រាន់តែ​អះអាង​ថា នៅ​ទីបំផុត​ទៅ វា​អាស្រ័យ​ទៅ​លើ​មហាអំណាច​ខ្លួនឯង ដែល​ត្រូវតែ​ទទួលខុសត្រូវ​ច្រើន​ជាងគេ ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល។

អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ ថា សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន ជុំវិញ​បញ្ហា​ប្រឈម​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាមេរិក និង​ចិន​នេះ ការ​សម្រេចចិត្ត​ទៅ​ចាប់​យក​មហាអំណាច​មួយ​ចោល​មហាអំណាច​មួយទៀត គឺជា​ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់ ដែល​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​ស្ថិរភាព​ក្នុង​ប្រទេស ក៏ដូចជា​ក្នុង​តំបន់​ទាំងមូល៖ «និយាយ​ឲ្យ​ចំ​ទៅ​ការ​ចាប់​យក​ខាង​ណាមួយ​ក៏​ខុស​ដែរ។ ប្រវត្តិសាស្ត្រ​នៅ​ក្នុង​តំបន់​នេះ យើង​ឃើញ​ថា ប្រទេស​ដែល​មាន​ភាព​បត់បែន​ដូចជា​ប្រទេស​ថៃ ទទួល​បាន​ជោគជ័យ។ គេ​អត់​ចាប់​ទៅ​ខាង​ណា​ខាង​ណី​ទេ។ ប្រទេស​សិង្ហបុរី​ផ្នែក​សន្តិសុខ ចាប់​យក​អាមេរិក ក៏ប៉ុន្តែ​ផ្នែក​សេដ្ឋកិច្ច​នៅ​ចាប់​យក​ចិន។ អ៊ីចឹង​ទេ គេ​ខំ​ឲ្យ​មាន​តុល្យភាព។ ដូច្នេះ សម្រាប់​កម្ពុជា​យើង ធ្វើ​យ៉ាងណា​ឲ្យ​មាន​តុល្យភាព​នៅ​ក្នុង​ទំនាក់ទំនង​ហ្នឹង សូម្បីតែ​ភាព​តានតឹង​ហ្នឹង កាន់តែ​ឡើង​ក៏ដោយ ក៏ប៉ុន្តែ យើង​ត្រូវ​យក​នូវ​ផ្លូវ​អព្យាក្រឹត្យ​មួយ បើ​មិន​ដូច្នេះ​ទេ យើង​អាច​ក្លាយ​ជា​កូនអុក​របស់​ប្រទេស​មហាអំណាច»

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា នៅ​ចំពោះ​មុខ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នេះ​ផង​ដែរ។ ក្នុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី១៣ កាលពី​ថ្ងៃទី១៥ វិច្ឆិកា នៅ​ប្រទេស​សិង្ហបុរី លោក ហ៊ុន សែន ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមានឡើង​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​វិនិយោគ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សាកល ជាពិសេស​លោក​ថា បញ្ហា​នេះ បង្ក​ជា​ហានិភ័យ​ខ្ពស់​ដែល​រារាំង​ដល់​ការសម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព ឆ្នាំ​២០៣០ របស់​កម្ពុជា និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ទៀត។ លោក​បាន​ស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់ ពង្រឹង​នូវ​យន្តការ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ស្មារតី​សុឆន្ទៈ និង​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​នេះ ដើម្បី​រក្សា​បរិយាកាស​វិនិយោគ និង​បង្កើន​ការ​ទុកចិត្ត​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម។

កាល​ពីពេល​ថ្មីៗ​នេះ ក្រោយពី​មាន​ព័ត៌មាន​ពី​លទ្ធភាព​ដែល​ចិន​អាច​នឹង​សាងសង់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា សហរដ្ឋអាមេរិក​បាន​ព្រមាន​កម្ពុជា​ចំៗ​រួច​ទៅ​ហើយ​ថា ប្រសិនបើ​រឿង​នេះ​កើត​មានឡើង​ពិតមែន​នោះ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​សហរដ្ឋអាមេរិក។

លោក​បណ្ឌិត ឈាង វណ្ណា​រិទ្ធិ ពន្យល់​ថា សង្គ្រាម​ពាណិជ្ជកម្ម​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​នៅ​ក្នុង​តំបន់​ទាំងមូល និង​ថា ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ឈាន​ទៅ​ដល់​សង្គ្រាម​ហិរញ្ញវត្ថុ នោះ​បញ្ហា​នេះ​នឹង​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ដែល​អាច​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​មានការ​ប្រែប្រួល។ លោក​ថា ការ​វិវត្ត​នៃ​សង្គ្រាម​នេះ អាច​នឹង​ឈាន​ទៅ​ដល់​វិបត្តិ​ហិរញ្ញវត្ថុ និង​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ ដែល​ក្លាយទៅជា​សង្គ្រាមត្រជាក់​សាជាថ្មី។ លោក​ព្រមាន​ថា ក្នុង​ស្ថានភាព​ដែល​កើតមាន​សង្គ្រាមត្រជាក់​សាជាថ្មី នោះ​ប្រទេស​តូចតាច​ដូច​កម្ពុជា អាច​នឹង​ទទួល​រង​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល