អ្នក​ផលិត​អំបិល​ខាត​បង់​ធំ ​ព្រោះ​ចំ​រដូវ​ធ្វើ​អំបិល​ចប់ អត់​​អំបិល​ប្រមូល​ផល

ដោយ វ៉ែន សុមេធ
2018-05-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី កើត ចន្នី និង​ស្វាមី កំពុង​ប្រមូល​ផល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង ក្នុង​ខេត្ត​កំពត កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោកស្រី កើត ចន្នី និង​ស្វាមី កំពុង​ប្រមូល​ផល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង ក្នុង​ខេត្ត​កំពត កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Yang Chandara

រដូវ​ធ្វើ​ស្រែ​អំបិល​បាន​បញ្ចប់​ទៅ​ហើយ​នៅ​ត្រឹម​ខែ​ឧសភា​នេះ​ មាន​កសិករ​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ប្រមូល​ផល​អំបិល​បាន​​ខ្លះ មក​ទុក​នៅ​ក្នុង​ឃ្លាំង ដោយសារ​ពួក​គាត់​រួសរាន់​ធ្វើ​អំបិល តាំង​ដើម​រដូវ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ផលិត​អំបិល​ភាគ​ច្រើន​វិញ ពួក​គាត់​មិន​ទទួល​បាន​ផល​អ្វី​បន្តិច​ឡើយ ព្រោះ​មាន​​ភ្លៀង​កក់​ខែ​ជាប់​ជា​ប្រចាំ។ ពួក​គាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយបញ្ហា​នេះ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទឹក​ចិត្ត​ប្រកប​របរ​ធ្វើ​ស្រែ​អំបិល​តទៅ​ឆ្នាំ​ខាង​មុខ​ទៀត បើ​ពុំ​ដូច្នោះ​ទេ ពួក​គាត់​អាច​នឹងបោះ​បង់​ចោល​មុខ​របរ​ប្រពៃណី​មួយ​នេះ​ជា​មិន​ខាន។

កសិករ​ផលិត​អំបិល​​​នៅ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​​សហគមន៍​អ្ន​ក​ផលិត​អំបិល​ខេត្ត​កំពត-កែប លោក ពៅ សុន អះអាង​ថា ក្នុង​ចំណោម​កសិករ​ជាង ៧០ក្រុម នៃ​មណ្ឌល​ត្រើយ​កោះ​របស់​លោក មាន​កសិករ​តែ ២ ទៅ ៣​ក្រុម​ប៉ុណ្ណោះ ដែល​ប្រមូល​ផល​អំបិល​បាន​ខ្លះ គឺ​ម្នាក់​បាន​ប្រហែល ១ពាន់​បាវ ហើយ​ក្រៅ​ពី​នេះ មិន​មាន​អ្នក​ប្រមូល​បាន​ឡើយ។ លោក​អះអាង​ទៀត​ថា កសិករ​នៅ​មណ្ឌល​ដទៃ​ក៏​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា ដែល​នេះ​ជា​រឿង​មិន​ធ្លាប់​កើត​មាន​ឡើយ ចាប់​តាំង​ពី​ពួក​គាត់​ប្រកប​របរ​នេះ​ឡើង​វិញ ក្រោយ​សម័យ​ខ្មែរ​ក្រហម។ លោក​បន្ត​ថា បញ្ហា​នេះនឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ជីវភាព​កសិករ និង​អ្នក​ផលិត​អំបិល ជាពិសេស អ្នក​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​ធ្វើ​ស្រែ​អំបិល។

លោក ពៅ សុន អះអាង​ទៀត​ថា កសិករ និង​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប ត្រូវ​បង់​ខាត​ធនធាន​យ៉ាង​ច្រើន ទាំង​លុយ​កាក់ ពេល​វេលា និង​កម្លាំង​ពលកម្ម​ ទៅតាម​ចំនួន​ស្រែ​អំបិល​ដែល​ខ្លួន​មាន។ លោក​ថា កសិករ​ក្រុម​តូច អាច​ខាត​បង់​ចន្លោះ​ពី ៤ ទៅ ៥ពាន់​ដុល្លារ ចំណែក​កសិករ​ក្រុម​ធំ​វិញ អាច​ខាត​បង់​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះលោក​បន្ត​ថា ដោយសារ​តែ​បញ្ហា​នេះ កសិករ និង​អ្នក​ផលិត​អំបិល​ ត្រូវ​បង្ខំ​ចិត្ត​ប្រកប​មុខ​របរ​ផ្សេង ដើម្បី​ផ្គត់​ផ្គង់​ជីវភាព បើ​ពុំ​ដូច្នោះ​ទេ ពួក​គាត់​នឹង​មិន​អាច​ស៊ូទ្រាំ​រហូត​ដល់​រដូវ​ប្រាំង​ឆ្នាំ​ក្រោយ​ទៀត​បាន​នោះ​ទេ។

លោក ពៅ សុន ថ្លែង​ថា ចំពោះ​អំបិល​ដែល​កសិករ​មួយ​ចំនួន​​ផលិត​បាន​នៅ​ឆ្នាំនេះ មិន​មាន​អំបិល​ប្រភេទ​លេខ ១ នោះ​ទេ គឺ​មាន​តែ​លេខ ២ និង​លេខ ៣ ប៉ុណ្ណោះ ដោយសារ​អាកាសធាតុ​មិន​អំណោយ​ផល។ អំបិល​ប្រភេទ​លេខ ២ មាន​តម្លៃ ១​ម៉ឺន ៥​ពាន់ ៦​រយរៀល (១៥.៦០០) និង​លេខ ៣ តម្លៃ ១ម៉ឺន ៤ពាន់ ៦រយរៀល ក្នុង​មួយ​បាវ​ទំងន់ ៥០គីឡូក្រាម។ លោក​បញ្ជាក់​ថា នេះ​ជា​តម្លៃ​ខ្ពស់​គ្រាន់​បើ បើ​ធៀប​នឹង​តម្លៃ​អំបិល​ឆ្នាំ​មុនៗ នៅ​ពេល​កសិករ​ផលិត​អំបិល​បាន​ច្រើន។ ប៉ុន្តែ​ជា​រឿងគួរ​ឱ្យ​សោក​ស្តាយ ដែល​កសិករ​ផលិត​អំបិល​មិន​បាន​នៅ​ឆ្នាំ​នេះ។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ លោក​ ពៅ សុន ថ្លែង​ថា កសិករ និង​អ្នក​ផលិត​អំបិល​ គ្មាន​ជម្រើសអ្វី​ផ្សេង​ក្រៅ​ពី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ដល់​ពួក​គាត់​នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម លោក​ អ៊ុំ​ សុថា ទទួល​ស្គាល់​ថា ទិន្នផល​អំបិល​នៅ​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ចុះ ហើយ​កម្ពុជា​ចៀស​មិន​ផុត​ពី​ការ​នាំ​ចូល​អំបិល​ពី​ក្រៅ​ប្រទេស​នោះ​ទេ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុករបស់​ខ្លួន ដែល​ត្រូវ​ការ​អំបិល​លើស​ពី ៥០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា រដ្ឋាភិបាល​បន្ត​អនុវត្ត​គោល​នយោបាយ​បន្ធូរ​បន្ថយ​ពន្ធ​លើ​ការ​ផលិត​អំបិល ដើម្បី​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​កសិករ។

ផលិតករ​អំបិល លោក ពៅ សុន ទទួល​ស្គាល់​កិច្ច​ប្រឹង​ប្រែង​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អ្នក​ផលិត​អំបិល ប៉ុន្តែ​លោក​ថា ការ​ជួយ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ខណៈកសិករ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ពីរ​នៅ​ពេល​នេះ​ គឺ​ស្វែងរក​​ថវិកា​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​រក​ដើម​ទុន ដើម្បី​ផលិត​អំបិល​នៅ​ឆ្នាំ​ក្រោយ​ទៀត។ ហេតុដូច​នេះ ​លោក​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​ផ្តល់​កម្ចី​ការ​ប្រាក់​ទាប ដល់​ក្រុម​អ្នក​ផលិត​អំបិល ដើម្បី​ឱ្យ​ពួក​គាត់​អាច​បន្ត​មុខ​របរ​នេះ​បាន​តទៅ​ទៀត។

អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែ​ង​ថា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ថា កម្ពុជា​នៅ​តែ​អាច​ផលិត​អំបិល​បាន​ដោយ​ខ្លួន​ឯង​ ហើយ​នៅ​ក្នុង​ស្ថានភាព​ដែល​កសិករ និង​អ្នក​ផលិត​អំបិល ត្រូវ​ខាតបង់​ច្រើន​បែប​នេះ​ រដ្ឋាភិបាល​ត្រូវ​តែ​លូកដៃ​ធ្វើ​អន្តរាគមន៍​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បីកុំ​ឱ្យ​កសិករ​​បោះបង់​ចោល​មុខ​របរ​ប្រពៃណី​មួយ​នេះ។

ការ​ផលិត​អំបិល​នៅ​កម្ពុជា​កើត​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​មាន​តែ​នៅក្នុង​ខេត្ត​ពីរ​ប៉ុណ្ណោះ​ គឺ​ខេត្ត​កំពត និង​កែប​។ សព្វថ្ងៃ​នេះ កម្ពុជា​មាន​មណ្ឌល​ផលិត​អំបិល​ចំនួន​ ៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិត​ករ​ជិត​ ២០០ក្រុម។ រដូវ​ធ្វើ​ស្រែ និង​ប្រមូល​ផល​អំបិល​ធ្វើ​ឡើង​ចន្លោះពី​ចុង​ខែធ្នូ ដល់​ខែ​ចុង​ខែមេសា។ អ្នក​ផលិត​អំបិល​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ជួយ​ដល់​ពួក​គាត់​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ទេ ហើយ​ប្រសិន​បើ​ឆ្នាំក្រោយ​ជួប​ប្រទះ​បញ្ហា​បែប​នេះ​ទៀត ពួក​គាត់​នឹង​មិន​មាន​លទ្ធភាព​ប្រកប​របរ​ធ្វើស្រែ​អំបិលនេះ​ត​ទៅ​​ទៀត​ឡើយ ហើយ​ជម្រើ​ស​មាន​តែ​មួយគ​ត់​សម្រាប់​ពួក​គាត់​ គឺ​ឈប់​ធ្វើ​អំបិល​ទៅ​ប្រកប​​មុខ​របរ​ផ្សេងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល