សង្គម​ស៊ីវិល​មិន​រំពឹង​ថា​កម្ពុជា​អាច​ចំណេញ​ភ្ញៀវ​ទេសចរ​ពី​ថៃ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ខេត្ត​កោះកុង

ដោយ ជាតិ ចំណាន
2018-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ខេត្ត​កោះកុង រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៣ នៅ​ថ្ងៃ​ទី ១២ ធ្នូ ២០១៤។
សមត្ថកិច្ច​ខេត្ត​កោះកុង រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៣ នៅ​ថ្ងៃ​ទី ១២ ធ្នូ ២០១៤។
RFA

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ស្នើ​ភាគី​ថៃ បើក​ព្រំដែន​ចេញចូល ត្រង់​ចំណុច​ខេត្ត​កោះកុង ដោយ​មិន​ចាំបាច់​លិខិតឆ្លងដែន ក្នុង​ថ្ងៃបុណ្យ​សមុទ្រ​ដើម្បី​ទទួល​បាន​អ្នកទេសចរ​ច្រើន ប៉ុន្តែ​សកម្មជន​ឃ្លាំមើល​ធនធាន​សមុទ្រ និង​សង្គម​ស៊ីវិល នៅ​ខេត្ត​កោះកុង មិន​រំពឹង​ថា កម្ពុជា​អាច​ចំណេញ​បាន​ភ្ញៀវ​ទេសចរ​ច្រើន​នោះ​ទេ។

សកម្មជន​ការពារ​ធនធានធម្មជាតិ អ្នកនាង លីម គឹមស័រ ឲ្យ​ដឹង​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ នៅ​ខេត្ត​កោះកុង សម្រាប់​ថ្ងៃ​ធម្មតា​មាន​ភាព​ស្ងាត់ជ្រងំ ប៉ុន្តែ​បាន​កើន​ឡើង​ខ្លះ កាលពី​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយសារតែ​ពួកគេ មិន​ចង់​ទៅលេង​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ។ សកម្មជន​រូប​នេះ យល់ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​កោះកុង មិន​មាន​អ្វី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​បាន​ខ្លាំង​ជាង​អាជ្ញាធរ​ថៃ​ទេ នៅ​ពេល​ពិធីបុណ្យ​សមុទ្រ នៅ​ពាក់កណ្ដាល​ខែ​ធ្នូ ខាងមុខ ថៃ អាច​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​ទៅលេង​ប្រទេស​គេ​វិញ៖ «បើសិនជា​ភ្ញៀវ​ទេសចរ​គាត់​អាច​ឆ្លង​មក​តាម ច្រក​ព្រំដែន​គាត់​នឹង​មាន​ការ​រអ៊ូរទាំ ទាក់ទង​រឿង​ដែល​ពេល​ពួកគាត់​ចូល​មក​មាន​អា​អំពើពុករលួយ មាន កា​រយក​លុយ​យក​អី ជាក់ស្ដែង​មិនបាច់​ត្រឹមតែ​ភ្ញៀវ​ទេសចរ​ទេ សូម្បីតែ​ខ្ញុំ​ផ្ទាល់ នៅ​ពេល​ដែល ខ្ញុំ​ឆ្លងកាត់​ច្រក​ព្រំដែន​គឺ​មាន​ការ​យក​លុយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ការ​យក​លុយ​នេះ​ទៅលើ​ថ្លៃ​អី​គេ ទេ​អាហ្នឹង»

ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​កោះកុង នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ នៅ​ខេត្ត​កោះកុង រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ ១៣ និង​១៤ ខែ​ធ្នូ។ អភិបាលរង​ខេត្ត​កោះកុង​លោក សុខ សុធី ប្រាប់​កាសែត​ក្នុងស្រុក​ចុះផ្សាយ​ថា សេវា​ស្នាក់​នៅ​ក្នុង​ខេត្ត​កោះកុង​បាន​រៀបចំ​រួចរាល់​ហើយ ដោយមាន​ការ​ត្រៀម​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាង​២.០០០​បន្ទប់ ដែល​តម្លៃ​ដូចគ្នា នឹង​ថ្ងៃ​ធម្មតា​ដែរ គឺ​ចន្លោះ​ពី​១៥ ទៅ​៣០​ដុល្លារ ក្នុង​មួយ​យប់​។ មិនតែប៉ុណ្ណោះ ខាង​ភាគី​ថៃ​ក៏បាន​ត្រៀម​រៀបចំ​កន្លែង​ស្នាក់នៅ ជាង​៦០០​បន្ទប់ នៅ​ស្រុក​ខ្លង​យ៉ៃ និង​ទី​រួម​ខេត្ត​ត្រាត ជាប់​ខេត្ត​កោះកុង។ អភិបាលរង​ខេត្ត​រូប​នេះ ថា តម្លៃ​បន្ទប់​ស្នាក់នៅ នៅ​ស្រុក​ខ្លងយ៉ៃ ចន្លោះ​ពី ៣០០​ទៅ​៨០០​បាត គឺ​ប្រហែល​១០ ទៅ​២៥​ដុល្លារ​ក្នុង​មួយ​បន្ទប់ និង​នៅ​ទី​រួម​ខេត្ត​ត្រាត តម្លៃ​ប្រហែល ១.២០០ ទៅ​១.៥០០​បាត ប្រហែល​៣០ ទៅ​៥០​ដុល្លារ។

 

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ប្រកាស​ក្នុង​អង្គប្រជុំ​ជាមួយ​អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង នៅ​សាលាខេត្ត​ថា ការងារ​ធំៗ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង បាន​រៀបចំ​រួចរាល់​អស់ហើយ គឺ រដ្ឋមន្ត្រី​ទេសចរណ៍ លោក ថោង ខុន ស្នើ​សុំ​ឱ្យ​ក្រុមការងារ​ភាគី​កម្ពុជា​ទំនាក់ទំនង ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ អាច​បើកបរ​រថយន្ត​ពី​កម្ពុជា​ឆ្លង​ទៅ ខេត្ត​ត្រាត ឬ​ពី​ខេត្ត​ត្រាត មក​កោះកុង​ឱ្យ​មាន​ភាព​ងាយស្រួល​ជាង​ថ្ងៃ​ធម្មតា និង​ស្នើសុំ​ឱ្យ​មាន​ការ​បើក​អនុញ្ញាត​ឆ្លង​ចេញចូល​២៤​ម៉ោង ក្នុង​រយៈពេល​បុណ្យ ៣​ថ្ងៃ ដូច​កាល​បុណ្យ​សមុទ្រ​លើក​មុនៗ​ដែរ។

លោក ថោង ខុន បញ្ជា​ឲ្យ​រៀបចំ​ដាក់​ភ្លើង​អគ្គិសនី តុបតែង​លម្អ នៅ​គ្រប់​គោលដៅ​ទេសចរណ៍​កម្សាន្ត​ក្នុង​ខេត្ត នៅ​តំបន់​ឆាយ​អារ៉ែង ជីផាត ព្រៃ​កោងកាង ឆ្នេរ​ខ្សាច់​ថ្មី​បាក់ខ្លង និង​តំបន់​កម្សាន្ត​ផ្សេងទៀត​។ ក្រៅ​ពី​នេះ នឹង​មាន​ការរៀបចំ​ស្តង់​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ។ រៀបចំ​ព្យុហយាត្រា ទស្សនីយភាព​សិល្បៈ មាន​ក្រុម​សិល្បៈ​មកពី​ប្រទេស​ជា​ក្បែរ​ខាង​កម្ពុជា ដូចជា ថៃ វៀតណាម ឥណ្ឌា ឥណ្ឌូណេស៊ី និង​មាន​កម្មវិធី​ប្រកួត​កីឡា​ជាតិ អន្តរជាតិ និង​សកម្មភាព​កីឡា ផ្សេងៗ​។ កាលពី​ឆ្នាំ​២០១៧ ពិធីបុណ្យ​សមុទ្រ ត្រូវ​បាន​ប្រារព្ធ​នៅ​ខេត្ត​កែប មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៥០​ម៉ឺន​នាក់​ចូលរួម​ទស្សនា​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង អាជ្ញាធរ​ខេត្ត​កោះកុង សង្ឃឹមថា ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ នឹង​មាន​ភ្ញៀវទេសចរ​កើន​ឡើង​ជាង​ឆ្នាំមុន។

នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង លោក អ៊ូច ទូច មិនទាន់​អាច​បញ្ជាក់​ជូន​បានទេ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ លោក​រវល់​នឹង​កិច្ចការ​ផ្ទាល់ខ្លួន។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ឲ្យ​ដឹង​ថា បាន​ឃើញ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ នៅ​តាម​ឆ្នេរសមុទ្រ និង​កន្លែង​សំខាន់ៗ ក្នុង​ខេត្ត​ជាច្រើន​ហើយ។ ប៉ុន្ដែ​បើ​ទោះ​ជា​បែប​ណា សង្គម​ស៊ីវិល​រូប​នេះ មិន​រំពឹង​ខ្ពស់​ថា ពិធីបុណ្យ​សមុទ្រ​លើក​នេះ អាជ្ញាធរ​ខេត្ត​កោះកុង អាច​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ លោក​ខាងលិច ដែល​មកលេង​កម្សាន្ត​នៅ​ប្រទេស​ថៃ និង​ជនជាតិ​ថៃ មក​ទស្សនា​បុណ្យ​សមុទ្រ បាន​ច្រើន​ទេ។

លោក មាន ព្រហ្ម​មុនី ស្វាគមន៍​ចំពោះ​អាជ្ញាធរ​រៀបចំ​តម្លៃ​បន្ទប់​ស្នាក់នៅ ក្នុង​តម្លៃ​១៥ ទៅ​៣០​ដុល្លារ និង​ការរៀបចំ​អាហារ សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម ប៉ុន្ដែ​បើ​ទោះ​ជា​យ៉ាងណា លោក​អំពាវនាវ​ឲ្យ​ចំណាត់​ការ​នេះ មាន​ប្រសិទ្ធភាព និង​ត្រូវ​អនុវត្ត​ឲ្យ​បាន កុំ​ឲ្យ​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី មានការ​ប្រែប្រួល​តម្លៃ​ដូច​មុនៗ៖ «វា​បានតែ​វា​មិន​សង្ឃឹម​បាន​ច្រើន​ទេ​ព្រោះ​នៅ នេះ​វា​ច្រក​ព្រំដែន​ដែរ តែ​យើង​មិន​រំពឹង​ខ្ពស់​ពេក​ទេ គ្រាន់តែ​រំពឹង​ខាង​ថៃ​មកលេង​ដែរ​ព្រោះ​ដោយសារ​យើង​ជាប់​ព្រំដែន​ជាមួយគ្នា​ប៉ុន្តែ​នៅ​ខាង​ខែ​ត្រាត​ជាយដែន​នេះ​វា​អត់​សូវ​មាន​អាជីវកម្ម អី​ធំ​ដំ នោះ​ទេ ខែត្រ​នេះ​មាន​មាន​រោងចក្រ​មួយ​របស់​ថៃ​ដែរ​ប៉ុន្តែ​វា​មិន​មាន​អ្វី​ច្រើន​ទេ​ក្នុង​ច្រក​ព្រំដែន​ចាំ យាម ប៉ុន្តែ​បើ​តាម​យើង​សង្កេត​មើល​ទៅ​យើង​មិនសូវ​មាន​សង្ឃឹម​ប៉ុន្មាន​នោះ​ទេ»

សកម្មជន​ការពារ​ធនធានធម្មជាតិ និង​សង្គម​ស៊ីវិល​ខេត្ត​កោះកុង ផ្ដល់​យោបល់​ថា ប្រសិនបើ ការរៀបចំ​មិនបាន​ល្អ និង​មិន​អាច​លុបបំបាត់​អំពើពុករលួយ​នៅ​ច្រក​ព្រំដែន​ទេ មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កោះកុង បាន​ច្រើន​ទេ។ ផ្ទុយទៅវិញ ភាគី​ថៃ នឹង​អាច​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ ទៅ​កម្សាន្ត​វិញ ព្រោះ​នៅ​ពេល​នោះ ថៃ ក៏​មាន​ដាក់​តាំង​ពិព័រណ៍​ផលិតផល​ថៃ នៅ​តាម​ព្រំដែន ក្នុង​ប្រទេស​ថៃ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល