ពលរដ្ឋ​មួយ​ចំនួន​នៅ​ប៉ោយប៉ែត​ដើរ​បេះ​ត្រកួន និង​រើស​អេតចាយ​ចិញ្ចឹម​ជីវិត​អំឡុង​កូវីដ-១៩

ដោយ វ៉ែន សុមេធ
2020-05-22
Share
កម្មករ​អូស​រទេះ​ប៉ោយប៉ែត ៦២០ កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សម្រេចចិត្ត​នាំគ្នា​ដើរ​បេះ​ត្រកួន និង​ដើរ​រើស​អេតចាយ​តាម​ផ្លូវ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយសារ​អត់​ការងារ​ធ្វើ​បណ្ដាល​មក​វិបត្តិ​ជំងឺ​កូវីដ​១៩។ តើ​អ្នកភូមិ​ទាំង​នោះ​ជួប​ការ​លំបាក​បែប​ណា បានជា​ពួកគាត់​នាំគ្នា​ប្រកបមុខរបរ​នេះ?

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ស្រដៀង​គ្នា​ថា នៅ​ពេល​នេះ​ជីវភាព​របស់​ពួកគាត់​ជួប​ការ​លំបាក​ខ្លាំង រហូត​មាន​ថ្ងៃ​ខ្លះ​រក​ព្រឹក​ខ្វះ​ល្ងាច និង​ដាច់​ស្បៀង​ម្ដងម្កាល​ទៀត​ផង។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ព្រិច​សង្កាត់​ប៉ោយប៉ែត​លោកស្រី កង វតី រៀបរាប់​ថា ចាប់​តាំង​ពី​កម្ពុជា និង​ថៃ​បិទ​ព្រំដែន​ប្រទេស​ទាំង​២​មក គ្រួសារ​របស់​លោក​ស្រី​រស់​នៅ​យ៉ាង​តោកយ៉ាក ដោយ​រក​ព្រឹក​ខ្វះ​ល្ងាច​ស្ទើរ​រាល់ថ្ងៃ។ ស្ត្រី​វ័យ​៤២​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា គ្រួសារ​របស់​គាត់​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ធ្វើជា​កម្មករ​អូស​រទេះ និង​ស៊ីឈ្នួល​លីសែង​ឱ្យ​អាជីវករ​ខ្មែរ និង​ថៃ​នៅ​ផ្សារ​រ៉ុងក្លឿ ក្នុង​ទឹកដី​ថៃ។ លោកស្រី​បន្ត​ថា កាល​ពី​មិន​ទាន់​ផ្ទុះ​ជំងឺ​កូវីដ-១៩ ដោយ​លោកស្រី​ពីរ​នាក់​ប្ដី​ធ្វើការ​បាន​ប្រាក់ចំណូល​ប្រហែល​ពី ៤​ម៉ឺន ទៅ ៧​ម៉ឺន​(៧០,០០០)​រៀល ក្នុង​មួយ​ថ្ងៃ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ប្រទេស​ទាំង ២ បិទ​ព្រំដែន​មក​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ស្រី​បាត់បង់​ប្រាក់ចំណូល​ទាំងនោះ​តែម្ដង ដោយសារ​អត់​ការងារ​ធ្វើ។ លោកស្រី​បញ្ជាក់​ទៀត​ថា នៅ​ពេល​បិទ​ច្រកទ្វារ​ព្រំដែន​បាន​មួយ​សប្ដាហ៍​លោកស្រី និង​ប្ដី​នាំគ្នា​ទៅ​បេះ​ត្រកួន​ដុះ​នៅ​តាម​មាត់​អូរ​នៅ​ភូមិ​ស្ទឹង​បត់​ក្នុង​ក្រុង​​ប្រហែល ៥០​បាច់ ហើយ​ទូល​ដើរ​លក់​តាម​ផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាក់​ចន្លោះ​ពី​៧​ពាន់​ទៅ​១​ម៉ឺន​(១០,០០០)​រៀល​ក្នុង​មួយថ្ងៃ៖ «ឥឡូវ​ទឹក​លិច​អស់ហើយ​គ្មាន​អី​បេះ​ទេ​បើ​ប៉ះ​ខ្យង​រើស​ខ្យង​ទៅ​យក​មក​ទូល​លក់​ដូច​ថា​យើង​ចង​ថង់ ១០​បាត​ត្រកួន និង​៥​បាត​អីចឹង។ ណាមួយ​បើ​យើង​មិន​រក​ទៅ​សុំ​គេ​ក៏​គេ​មិន​ឱ្យ​យើង​ដែរ​ដល់​តែ​យើង​រក​ជីវភាព​យើង​បាន​អង្ករ​ខ្វះ​នេះ​ខ្វះ​នោះ​អីចឹង​ចេះតែ​ត្បិតត្បៀត​ទៅ ដូច​ថា​ថ្ងៃ​ណា​ខ្វះ​ខ្លាំង​ទៅ​ចេះតែ​បបរ​ហូប​ដាក់​អំបិល​ឡែមៗ​ទៅ​ឱ្យ​តែ​រស់​ទៅ»

លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​អត់​ការងារ​ជាច្រើន​នាក់​ផ្សេង​ទៀត ក៏​នាំគ្នា​ទៅ​បេះ​ត្រកួន​ជាមួយ​លោកស្រី​ដែរ បណ្ដាល​ឱ្យ​ត្រកួន​លាស់​មិន​ទាន់​រហូត​មាន​អ្នកខ្លះ​ក៏​ដើរ​រាវ​ខ្យង​តាម​មាត់​អូរ និង​ខ្លះ​ទៀត​ប្ដូរ​របរ​ទៅជា​ដើរ​រើស​អេតចាយ​លក់​វិញ​ក៏​មាន។ លោកស្រី​ថា សព្វថ្ងៃ​លោកស្រី​និង​ប្ដី​យក​កូន​អាយុ​១​ឆ្នាំ​កន្លះ​ដាក់​នៅ​ក្នុង​អង្រឹង​នៅ​លើ​រទេះរុញ ដើរ​រើស​អេតចាយ​តាម​ផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត។ លោកស្រី​បន្ត​ថា​ពួកគេ​ដើរ​រើស​អេតចាយ​នៅ​ពេលយប់​ប្រហែល ១០​ថ្ងៃ​មក​ហើយ ដោយ​ក្នុង​មួយ​យប់​លក់​បាន​ប្រាក់​ប្រមាណ ១​ម៉ឺន​រៀល៖ «កូន​ដាក់​ក្នុង​អង្រឹង​ចង​ឱ្យ​ដេក​រួច​ហើយ ពេល​ភ្លឺ​បាន​ខ្ញុំ​មក​ដល់​ផ្ទះ​ចេះតែ​ដើរ​ទៅ​ប្រឡោះ​នេះ​ប្រឡោះ​នោះ​អីចឹង។ ​ពេល​ភ្លៀង​ខ្ញុំ​យក​កៅស៊ូ​គ្រប​ឱ្យ​កូន ហើយ​មនុស្ស​ចេះតែ​ដើរ​រើស​ទៅ​ដើម្បី​ឱ្យ​កូន​វា​ជិត​ខ្លួន។ ខ្ញុំ​ខ្លាច​ដែរ​តែ​ជួនកាល​ខ្ញុំ​អោន​អីចឹង​ទៅ មាន​ឡាន ឬ​ម៉ូត​គាត់​ជិះ​លឿន​អីចឹង​ខ្លាច​វា​មាន​គ្រោះថ្នាក់​ដល់ ឬមួយ​វា​ប៉ះ​ពារ​យើង​វា​ចេះតែ​បារម្ភ​ហើយ​ឃើញ​ឡាន​យើង​ចេះតែ​ជៀស​គេ​ទៅ​ខ្ញុំ​ដើរ​រើស​តាម​ចិញ្ចើមថ្នល់»

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ទៀត​លោកស្រី សៅ ភារី ថ្លែង​ថា លោកស្រី​នាំ​កូន​អាយុ​ក្រោម​១០​ឆ្នាំ​២​នាក់ ដើរ​បេះ​ត្រកួន​ជាមួយ​អ្នកភូមិ​ប្រមាណ ២០​នាក់​ផ្សេង​ទៀត​លក់​បាន​ប្រាក់​ប្រមាណ ៨​ពាន់​រៀល​ក្នុង​មួយថ្ងៃ។ លោកស្រី​បញ្ជាក់​ថា ប្រាក់​ទាំងអស់​នេះ​មិន​គ្រប់​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ ដោយ​ពេលខ្លះ​លោកស្រី និង​ប្ដី​សុខចិត្ត​អត់បាយ​ដើម្បី​ទុក​អង្ករ​ដាំ​បបរ​ឱ្យ​កូន​ហូប​ក៏​មាន​ដែរ។ លោកស្រី​ថា គ្រួសារ​របស់​លោក​ស្រី​ធ្លាប់​ទទួល​អំណោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ម្ដង​រួមមាន​មាន​អង្ករ ១០​គីឡូក្រាម​មី ៥​កញ្ចប់ ត្រី​ខ​កំប៉ុង និង​ទឹកត្រី​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​ស្បៀង​ទាំងនោះ​ហូបចុក​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ៖ «គេ​ចែក​ឱ្យ​ម្នាក់​១០​គីឡូក្រាម ហូប​បាន​១០​ថ្ងៃ​អស់​ទៅវិញ​ឥឡូវ​មាន​អី​បាន​ត្រកួន​លក់​បាន​រួច​ថ្លៃ​ម្ហូប​អង្ករ​ជំពាក់​គេ​១០​គីឡូក្រាម ហើយ​ចាំ​បើក​ព្រំដែន​វិញ​បាន​ឱ្យ​គេ​។ ខ្ញុំ​ថ្ងៃ​ខ្លះ​ដាំបាយ​ហើយ​អត់​មានអី​ហូប​ច្រើន​គ្នា​ណាស់​គ្រួសារ​បងប្អូន​ខ្ញុំ​សឹងតែ​ទាំងអស់​ហ្នឹង។ ចង់​និយាយ​ថា ទាល់​មែនទែន​អត់​មានអី​រក​មិន​ដឹង​ថា ទៅ​រក​អី​ត្រកួន​នៅ​ក្នុង​បន្លា​ដើរ​ចេះ​ចង់​រយះ​ដៃ​ហើយ​ជើង​អី​មុត​អស់ហើយ​ឥឡូវ​យប់​ហ្នឹង ខ្ញុំ​ដើរ​រើស​អេតចាយ​ដែរ ហើយ​ព្រោះ​ដាច់​មែនទែន​ហើយ​អត់​មាន​ត្រកួន​បេះ»

ទាក់ទង​នឹង​បញ្ហា​នេះ​ចៅសង្កាត់​ប៉ោយប៉ែត​លោក គោគ លន ប្រាប់​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​ភាគច្រើន​ពឹងផ្អែក​ទៅលើ​ការ​រក​ប្រាក់ចំណូល​នៅ​ក្នុង​ទឹកដី​ថៃ និង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ លោក​បន្ត​ថា ចាប់ពី​បិទ​ព្រំដែន​កម្ពុជា​-​ថៃ​មក​ធ្វើ​ឱ្យ​កម្មករ​អូស​រទេះ និង​អ្នកស៊ីឈ្នួល​ក្នុង​ទឹកដី​ថៃ​ជួប​ការ​លំបាក​ខ្លាំង​ពីព្រោះ​ពួកគាត់​រក​ប្រាក់​ចំណូល​បាន​តិច​ហើយ​សម្រាប់​តែ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា រហូត​មកទល់​ថ្ងៃ​ទី​២១ ឧសភា អាជ្ញាធរ​បាន​ចែក​អង្ករ មី ត្រី​ខ​កំប៉ុង និង​ទឹកត្រី​ដល់​ពលរដ្ឋ​ជាង ២​ពាន់​(,០០០)​គ្រួសារ ក្នុងចំណោម​ពលរដ្ឋ​ជាង ១២.០០០​គ្រួសារ​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត។ លោក​បន្ត​ថា សព្វថ្ងៃ​អាជ្ញាធរ​នៅតែ​បន្ត​ចុះ​ស្រង់​ស្ថិត​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ដើម្បី​ចែក​ស្បៀងអាហារ​ជូន​ដល់​ពួកគាត់​ទៀត៖ «យើង​ដើរ​ជ្រើស​មើល​តាម​ផ្ទះ​គ្នា​អ្នក​អត់ៗ​ដែល​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​ដែរ គាត់​អូស​រទេះអូស​អី​ប្រចាំថ្ងៃ​នៅ​ផ្សារ​រ៉ុងក្លឿ កាល​ពី​មុន​ហើយគ្នា​សំងំ​នៅផ្ទះ​អត់​មានអី​ហូប​ដល់​អីចឹង​តាមរយៈ​មេភូមិ​មន្ត្រី​ក្រុមប្រឹក្សា​មើល​ផ្ទាល់ៗ ហើយ​យើង​អញ្ជើញ​មក​ដើម្បី​ចែក​ជូន​ពួកគាត់»

លោក​បន្ថែម​ថា អំណោយ​ដែល​អាជ្ញាធរ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​នោះ​ភាគច្រើន​ជា​ថវិកា​បាន​មក​ពី​សប្បុរសជន​នៅ​ក្រុង​ប៉ោយប៉ែត។ លោក​ថា ប្រសិនបើ​ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​ណា​ដាច់​ស្បៀង​ឬ​ជីវភាព​ជួប​ការ​ខ្វះ​ខាត់​ខ្លាំង បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ ពួកគាត់​អាច​ទាក់ទង​ទៅ​មេភូមិ​របស់​ខ្លួន ដើម្បី​អាជ្ញាធរ​នាំ​អំណោយ​ទៅ​ចែក​ដល់​ផ្ទះ។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​លោក វន់ ពៅ យល់​ថា ការ​បិទ​ច្រកទ្វារ​ព្រំដែន​កម្ពុជា និង​ថៃ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកាបម្រុង​ដែល​លោក ហ៊ុន សែន អះអាង​ថា​មាន​ជិត ៣​៣.០០០​លាន​ដុល្លារ​អាមេរិក​ជួយ​ដល់​ពលរដ្ឋ ដែល​អត់​ការងារ​ធ្វើ ដើម្បី​ឱ្យ​ពួកគាត់​មាន​ប្រាក់​ទិញ​ស្បៀង​ហូបចុក​ប្រចាំថ្ងៃ៖ «ប្រទេស​គេ​ជិត​ខាត​គេ បាន​បំពេញ​ជូន​ពលរដ្ឋ​គេ​ផ្នែក​គាំពារ​សង្គម​ហ្នឹង​តាំងពី​ប្រាក់ខែ​ប្រចាំខែ ថ្លៃ​អាហារ​ហូបចុក​ត្រី​សាច់​អង្ករ​ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​គេ​ផ្អាក​បង់ថ្លៃ​អគ្គិសនី ថ្លៃ​ទឹក​ហ្នឹង យើង​ឃើញ​ថា រដ្ឋ​យើង​គួរតែ​ធ្វើ​ដូច​ប្រទេស​ថៃ​ដែរ ដើម្បី​ធានា​ការរស់នៅ​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​គាត់​លំបាក​វេទនា​លក់​ទ្រព្យសម្បត្តិ ដើម្បី​យក​លុយ​កាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​អីចឹង​អី។ កាល​លក់​ហើយ​ឥឡូវ​អត់​មាន​ប្រាក់ចំណូល​ទៀត មិន​ដឹង​ថា បាន​អី​លក់​ទៀត​មានតែ​ដេក​ស្លាប់»

រហូត​មក​ទល់​ពេលនេះ​អាជ្ញាធរ​កម្ពុជា និង​ថៃ មិនទាន់​បើក​ព្រំដែន​ប្រទេស​ទាំង​២ ឡើងវិញ​នៅឡើយ​ទេ។ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​នឹង​កម្ពុជា​ថៃ លោក ពេជ្រ វណ្ណា មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​២ អាច​នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើងវិញ​នៅ​ដើមខែ​មិថុនា ខាងមុខ ប្រសិនបើ​នៅ​ប្រទេស​ថៃ​ពុំ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។