អាមេរិក​បន្ថែម​ជំនួយ​ជាង ៧​លាន​ដុល្លារ​ទៀត​ដល់​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2020.05.21
ប៉ាទ្រីក មើរហ្វី (Patrick Murphy) ០៥២១២០ លោក ប៉ាទ្រីក មើរហ្វី (Patrick Murphy) (ឆ្វេង) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ផ្ដល់​ថវិកា​ជំនួយ​ចំនួន ៧លាន ៥សែន​ដុល្លារ​បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ នៅ​ព្រឹក​ថ្ងៃ​ទី២១ ឧសភា ឆ្នាំ២០២០។
រូប៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា

សហរដ្ឋអាមេរិក​សម្រេច​ផ្តល់​ជំនួយ​ដល់​កម្ពុ​ជាជាង ៧​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ និង​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​។ ភាគច្រើន​នៃ​ជំនួយ​ជាង ៧​លាន​ដុល្លារ​នេះ គឺ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ហានិភ័យ ងាយ​រងគ្រោះ និង​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ-១៩។

សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៧លាន ៥សែន ​ដុល្លារ​បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សុខាភិបាល បង្កឡើង​ដោយ​ជំងឺ​កូវីដ-១៩។ ជំនួយ​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ភាគី​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ឧសភា នៅ​ក្នុង​ពិធី​រួមគ្នា​មួយ​រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក មើរហ្វី (Patrick Murphy) និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន។

ស្ថានទូត​អាមេរិក​ដកស្រង់​សម្ដី លោក ប៉ាទ្រីក មើរហ្វី មាន​ប្រសាសន៍​ថា ធនធាន​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។ លោក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់៖ «តាំង​ពី​ឆ្នាំ ១៩៩២ មក រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តែង​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា រាប់​ពី​ការ​ជួយ​កសិករ​ក្នុង​ការ​បង្កើន​ទិន្នផល និង​ចំណូល​របស់​ពួកគេ រហូតដល់​ការ​ជួយ ម្ចាស់​អាជីវកម្ម និង​អតិថិជន ឱ្យ​ទទួល​បាន​ផល និង​រួមចំណែក​ដល់​ការលូតលាស់​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ទៀត​ផង​។ យើង​បន្ត​កិច្ចសហការ​គ្នា​នេះ​ជាមួយ​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ការ​​ប្តេជ្ញា​ដ៏​ចិត្តច្រើន​ថែមទៀត ហើយ​និង​នៅតែ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ-១៩»

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ផ្តល់​ជំនួយ​បន្ថែម​ចំនួន ៧​លាន ៥​សែន​ដុល្លារ​នេះ។ លោក​បញ្ជាក់​ថា ទឹកប្រាក់ ៥​លាន​ដុល្លារ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ស្តារ​សម្បទាន​សេដ្ឋកិច្ច​ឡើងវិញ ហើយ ២​លាន ៥​សែន​ដុល្លារ​ទៀត គឺ​សម្រាប់​ការ​ការពារ​សុខុមាលភាព​ពលរដ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្តល់​ជំនួយ​សប្បុរស​ធម៌​ដល់​កម្ពុជា​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ដែល​នេះ​កាយវិការ​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រជាជន​កម្ពុជា»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ជឿ​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក មាន​ភាព​ចាំបាច់ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​កម្ពុជា​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ លោក​ថា ការ​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​នេះ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​​នៅតែ​ជា​ដៃគូ​ដ៏​ល្អ ដែល​កម្ពុជា​ត្រូវការ​ជានិច្ច ហើយក៏​អាច​ជួយ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រសើរ​ឡើងវិញ​ដែរ៖ «អាមេរិក​នៅតែ​អាច​ឆ្លើយ​តប​នៅ​ក្នុង​គ្រា​លំបាក​ដែល​កម្ពុជា​ជួបប្រទះ​ដែរ ហើយ​ជំនួយ​នេះ​វា​អាច​ជួយ​ជំរុញ​ឱ្យ​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​ហ្នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​កសាង​ជំនឿ​ទាក់ទង​គ្នា​ឡើងវិញ»

គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ មក សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ជាង ១១​លាន​ដុល្លារ​ដល់​កម្ពុជា​។ ទឹកប្រាក់​ទាំងនេះ គឺជា​ការ​បន្ថែម​លើ​ជំនួយ​បច្ចេកទេស​ដ៏​ច្រើន ដែល​មាន​ជា​យូរ​មក​ហើយ​របស់​ក្រុម​អ្នក​ជំនាញ​សហរដ្ឋ​អាមេរិក។

នៅ​ថ្ងៃ​ទី​២១ ឧសភា ដដែល ក្រៅពី​កម្មវិធី​ផ្តល់​ជំនួយ​ជាង ៧​លាន​ដុល្លារ​នេះ​ហើយ ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក មើរហ្វី ក៏បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ផង​ដែរ។ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់​នៅ​លើ​បណ្តាញ​ធ្វីតធើរ (Twitter) ថា នៅ​ក្នុង​ជំនួប​នោះ លោក​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​លើ​ការ​ពង្រឹង​វិស័យ​ច្បាប់ ការ​ជួញដូរ​មនុស្ស និង​ការពារ​កុមារ សារៈសំខាន់​របស់​សង្គម​ស៊ីវិល និង​យុត្តិធម៌​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។