រដ្ឋាភិបាល​ថា ថៅកែ​រោងចក្រ​ត្រូវ​ទូល​រែក​រឿង​ខ្វះ​ទីផ្សារ​នាំចេញ​ជាមួយគ្នា

ដោយ មួង ណារ៉េត
2020.03.29
ហ៊ុន សែន កម្មករ​ ​បាវិត ៦២២ ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​នឹង​រក​ដំណោះស្រាយ​រួមគ្នា​ជាមួយ​វិស័យ​ឯកជន​បន្ថែម​ទៀត​ជុំវិញ​វិបត្តិ​ខ្វះ​ទីផ្សារ​នាំចេញ​ផលិតផល​វាយនភណ្ឌ​របស់​កម្ពុជា​។ សហជីព និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​ថា រដ្ឋាភិបាល​ត្រូវ​ត្រៀម​កញ្ចប់​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ ក្នុង​ករណី​ដែល​រោងចក្រ​ត្រូវ​បិទទ្វារ​ដោយ​គ្មាន​សំណង។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងប្រាប់​អាស៊ីសេរី​ថា បញ្ហា​គ្មាន​ទីផ្សារ​សម្រាប់​ផលិតផល​កាត់ដេរ​នេះ កើត​មាន​ពាសពេញ​ពិភពលោក​មិនមែន​តែ​កម្ពុជា​មួយ​នោះ​ទេ​។ លោក​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជួយ​ចេញ​ប្រាក់​ឈ្នួល​២០% សម្រាប់​កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ​ហើយ ហើយ​វិធានការ​យ៉ាងណា​ទៀត​នោះ លោក​បង្វែរ​ឱ្យ​ទៅ​សួរ​ខាង​ក្រសួង​ការងារ​វិញ។

លោក ផៃ ស៊ីផាន សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​បាន​គិត​គូរ​គ្រប់​បែប​យ៉ាង​ដល់​អ្នក​វិនិយោគ​លើ​វិស័យ​កាត់ដេរ ដូច្នេះ​លោក​ថា វិបត្តិ​គ្មាន​ទីផ្សារ​នៅ​ពេល​នេះ ម្នាក់ៗ​ត្រូវ​ខំ​ទូល​រែក​ទាំងអស់​គ្នា មិន​អាច​ទម្លាក់​បន្ទុក​លើ​រដ្ឋាភិបាល​តែមួយ​នោះ​ទេ៖ «ក្នុង​រឿង​កាត់ដេរ យើង​ដឹង​ហើយ​ថា អ្នក​ទាំងអស់​ហ្នឹង​រក​បាន​ផល​ចំណេញ​ពី​កម្ពុជា​។ រាជរដ្ឋាភិបាល​បាន​គិត​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​សម្រួល​ហ្នឹង​។ ក្នុងនាម​ជា​ដៃគូ​ដែល​បាន​សន្យា​គ្នា​រួចស្រេច​ទៅ​ហើយ​ហ្នឹង យើង​រក​ដំណោះស្រាយ​ណាមួយ​សមស្រប​ដើម្បី​ជួយ​កម្មករ​។ យើង​ត្រូវ​នាំគ្នា​រែក​ទាំងអស់​គ្នា បន្ទុក​ហ្នឹង​មិនមែន​ទម្លាក់​មក​រដ្ឋាភិបាល​តែមួយ​ទេ ត្រូវ​ចែក​គ្នា»

ក្រុមហ៊ុន​ម៉ាក​យីហោ​សំលៀកបំពាក់ និង​ស្បែកជើង​ល្បីៗ ព្រមទាំង​អ្នកលក់​រាយ​ជាច្រើន កំពុង​លុបចោល ឬក៏​ពន្យារ​ពេល​ការ​បញ្ជាទិញ ដោយសារ​ហាង​ទំនិញ​ធំៗ​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ត្រូវ​បង្ខំចិត្ត​បិទទ្វារ ព្រោះតែ​ការ​ផ្ទុះ​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ (COVID-19)

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​២៨​មីនា ថា រោងចក្រ​កាត់ដេរ​កំពុង​ប្រឈមមុខ​នឹង​ការ​ក្ស័យធន ដោយសារតែ​ខ្វះ​ទីផ្សារ​នាំចេញ​។ លោក​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​បាន​ផ្អាក​ទទួលយក​ទំនិញ​ដែល​ផលិត​រួច ហើយ​ចំពោះ​ទំនិញ​ដែល​មិនទាន់​បាន​ធ្វើ ពួកគេ​បាន​ប្រាប់​ឱ្យ​រោងចក្រ​ត្រូវ​ផ្អាក​ផលិត​ជា​បណ្ដោះអាសន្ន​សិន ហើយ​ការ​ផ្អាក​នេះ​ភាគច្រើន​មាន​រយៈពេល ២ខែ៖ «​អ្នកបញ្ជា​ទិញ​ភាគច្រើន​នៅ​អាមេរិក និង​នៅ​អឺរ៉ុប គេ​ផ្អាក​ទទួល​អីវ៉ាន់ ព្រោះ​ហាង​វា​បិទ​។ អីវ៉ាន់​ដែល​យើង​ផលិត​រួចហើយ គេ​អត់​ទទួលយក អីវ៉ាន់​ដែល​កំពុង​ផលិត គេ​ឱ្យ​យើង​ឈប់​ផលិត​ភ្លាមៗ ផ្អាក​ជា​បណ្ដោះអាសន្ន​។ អ៊ីចឹង គិត​យ៉ាងម៉េច​? ជិត​ដួល​ហើយ ជិត​ដួល ព្រោះ​អត់​មាន​លុយ​ហូរ​ចូល​។ ពេល​ដែល​អ្នក​បញ្ជា​ទិញ​អត់​ទទួល​អីវ៉ាន់ មាន​ន័យថា គេ​អត់​បើក​លុយ​ឱ្យ​យើង​ទេ​។ អ៊ីចឹង​សួរ​ថា រយៈពេល ២​ខែ យើង​មាន​លុយ​ឯណា​បើក​ឱ្យ​កម្មករ​? វា​អត់​មាន​លុយ​បើក​ឱ្យ​កម្មករ​ទេ ហើយ​យើង​មានន័យថា រោងចក្រ​ជួប​បញ្ហា​ចំពោះ​មុខ បញ្ហា​ហ្នឹង​ខ្លាំង ហើយ​អ្នកបញ្ជា​ទិញ គេ​អត់​ទទួលខុសត្រូវ​ទេ»

លោក ខេន លូ បញ្ជាក់​ថា ខាង​រោងចក្រ​មិន​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​៤០% ឱ្យ​កម្មករ​ដែល​ត្រូវ​ព្យួរ​ពី​ការងារ តាម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ​ទេ ព្រោះ​រឿង​សំខាន់​ពេលនេះ គឺ​រោងចក្រ​ខ្វះ​ទីផ្សារ​នាំចេញ​។ លោក​ថា លោក​មិន​អាច​ប៉ាន់​ស្មាន​ថា តើ​នឹង​មាន​រោងចក្រ​ចំនួន​ប៉ុន្មាន​ត្រូវ​បិទទ្វារ​នោះ​ទេ ព្រោះ​ផល​ប៉ះពាល់​ជាក់ស្ដែង​នឹង​លេចចេញ​ក្នុង​ចន្លោះ ១ ទៅ ២​សប្ដាហ៍​ខាងមុខ​ទៀត​នេះ៖ «​យើង​ពិបាក​តវ៉ា​ជាមួយ​អ្នក​បញ្ជា​ទិញ ដឹង​ស្រាប់​ហើយ ហើយ​គ្រាន់តែ​ឥលូវ​យើង​នៅតែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជួយ​ខ្លះ ហើយ​យើង​សុំ​បងប្អូន​កម្មករ​យោគយល់​ខ្លះ ទៅ​ចរចា​ជាមួយ​បងប្អូន​កម្មករ​។ ចាំ​មើល​ថា ទៅមុខ​យើង​គួរតែ​ធ្វើ​យ៉ាង​ដូចម្ដេច?»

ទោះជា​យ៉ាងណា ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា ខាង​ថៅកែ​រោងចក្រ​គួរតែ​ផ្តល់​ប្រាក់​ឈ្នួល​៤០% នេះ ដល់​កម្មករ ព្រោះ​ថៅកែ​បាន​ទទួល​ប្រាក់ចំណេញ​ពី​អាជីវកម្ម​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ជាមួយ​គ្នា​នេះ លោក​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​ប្រាក់​ឈ្នួល​២០% ជូន​កម្មករ ដោយ​មិន​ចាំបាច់​មាន​លក្ខខណ្ឌ​បណ្ដុះបណ្ដាល​អ្វី​នោះ​ដែរ។

មេដឹកនាំ​សហជីព​រូប​នេះ​យល់ថា កង្វះ​ទីផ្សារ​នាំចេញ គឺជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​វិស័យ​កាត់ដេរ ហើយ​ក្នុង​ស្ថានភាព​នេះ រដ្ឋាភិបាល​ត្រូវតែ​ចេញមុខ​ជួយ​ដោះស្រាយ៖ «និយោជក​គួរតែ​សម្របសម្រួល​ផ្តល់​ឱ្យ​កម្មករ​ក្នុង​រយៈពេល​៣ ខែ​ទៅ ព្រោះ​កន្លងមក​ថា ឱ្យ​៤០% មែន ប៉ុន្តែ​កម្មករ​ទាំងអស់​ហ្នឹង​អត់​ទាន់​ទទួល​បាន​អា​ហ្នឹង​នៅឡើយ​ទេ ហើយ​ខាង​រដ្ឋាភិបាល ២០% ហ្នឹង​គួរតែ​ឱ្យ​គាត់​ទៅ និង​លុបចោល​លក្ខខណ្ឌ​រៀន​នេះ​ទៅ ព្រោះ​រៀន​យ៉ាង​ដូចម្ដេច បើ​ជំងឺ​កូរ៉ូណា​ទៀត​។ បើ​មិន​ធ្វើ​បែប​នេះ​ទេ មានន័យថា កម្មករ​ពិបាក​។ កម្មករ​អាច​អត់​មាន​លុយ គឺ​គាត់​ពិបាក​តែម្ដង​។ គាត់​ពិបាក ទី​១ ហូបចុក ទី​២ កូន​រៀន ទី​៣ សងបំណុល ទី​៤ គឺ​អាច​ឈឺ អត់​មាន​លុយ​ព្យាបាល គឺថា​ពិបាក​ច្រើន​រឿង​ណាស់»

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ជាច្រើន​ដង នៅ​ថ្ងៃ​ទី​២៨ និង​២៩ មីនា ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។ លោក ហេង សួរ គឺជា​អ្នកនាំពាក្យ​មួយ​រួប​ដែល​មិន​សូវ​សហការ​ផ្ដល់​ព័ត៌មាន​ឡើយ ហើយ​អ្នកសារព័ត៌មាន​ខ្លះ​បាន​រិះគន់​លោក​ថា ជា​មន្ត្រី​ដែល​មិន​គោរព​តួនាទី​ជា​អ្នកនាំពាក្យ។

មជ្ឈមណ្ឌល​ធនធាន​ធុរកិច្ច និង​សិទ្ធិមនុស្ស​ដែល​មាន​ទីស្នាក់ការ​នៅ​បូរី​ញូយ៉ក (New York) សហរដ្ឋអាមេរិក និង​នៅ​ទីក្រុងឡុង​ដ៍ (London) ចក្រភព​អង់គ្លេស បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ផ្អាក ឬ​លុបចោល​ការ​បញ្ជាទិញ​នេះ​កំពុង​បង្ក​ជា​ហានិភ័យ​ដល់​ជីវភាព​របស់​កម្មករ​កាត់ដេរ​ប្រមាណ​៦០ លាន​នាក់​ទូទាំង​ពិភពលោក​។ ស្ថាប័ន​ដដែល​នេះ​ពន្យល់​ថា ជា​ស្តង់ដារ​នៃ​ការអនុវត្ត ក្រុមហ៊ុន​បញ្ជា​ទិញ​បង់​ប្រាក់​នៅ​ពេល​ទំនិញ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​គោលដៅ ហើយ​នៅ​ពេល​ការ​បញ្ជាទិញ​ត្រូវ​ផ្អាក ឬ​លុបចោល​នោះ ការ​បង់​ប្រាក់​ក៏​ត្រូវ​ផ្អាក ឬក៏​លុបចោល​តាម​នោះ​ដែរ​។ ការ​មិន​បង់​ប្រាក់​សម្រាប់​ទំនិញ​ដែល​មិន​ទាន់​បាន​ដឹក​ចេញពី​រោងចក្រ ធ្វើ​ឱ្យ​រោងចក្រ​ផ្គត់ផ្គង់​គ្មាន​លទ្ធភាព​បើកប្រាក់​ខែ​ឱ្យ​កម្មករ​របស់​ខ្លួន ហើយ​ពួកគេ​ក៏​ត្រូវ​ជំពាក់​បំណុល​ក្រុមហ៊ុន​ផ្គត់ផ្គង់​វត្ថុធាតុដើម​ផង​ដែរ។

មជ្ឈមណ្ឌល​ធនធាន​ធុរកិច្ច និង​សិទ្ធិមនុស្ស​ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក វាយ​តម្លៃ​ថា បញ្ហា​នេះ​បណ្តាល​ឱ្យ​រោងចក្រ​ជាច្រើន បញ្ឈប់ ឬ​ព្យួរ​ការងារ​កម្មករ ដោយ​មិន​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​គាំពារ​សង្គម​ឡើយ ជាហេតុ​ធ្វើ​ឱ្យ​ក្រុម​កម្មករ​ដែល​ខ្សត់ខ្សោយ​ស្រាប់​ទៅ​ហើយ​នោះ ត្រូវ​ជួបប្រទះ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ធំធេង​ថែមទៀត។

អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់​ថា រោងចក្រ​ខ្លះ​ទំនងជា​នៅ​រង់​ចាំ​មើល​ស្ថានការណ៍​បាន​ប្រសើរ​ឡើងវិញ ក៏ប៉ុន្តែ​ខ្លះ​ទៀត​នឹង​បិទទ្វារ​ដោយសារតែ​ពួកគេ​ខ្វះ​ទុន​បម្រុង ឬ​មាន​បញ្ហា​ហិរញ្ញវត្ថុ​។ ទោះជា​យ៉ាងណា លោក​មើលឃើញថា ជោគវាសនា​នៃ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គឺ​អាស្រ័យ​លើ​សមត្ថភាព​នៃ​ការគ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូវីដ​-១៩ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​នានា​ក្នុង​តំបន់​អឺរ៉ុប​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រៀម​ថវិកា​មួយ​កញ្ចប់​ដោយឡែក​សម្រាប់​ឧបត្ថម្ភ​ដល់​កម្មករ ប្រសិនបើ​រោងចក្រ​ត្រូវ​បិទទ្វារ​លែង​ដំណើរការ ទោះជា​ថវិកា​នោះ​បាន​ច្រើន ឬ​តិច​ក៏ដោយ៖ «មិនមែន​តែ​រឿង​អាទិភាព​ទៅលើ​ជីវភាព​កម្មករ​ប៉ុណ្ណឹង​ទេ រដ្ឋាភិបាល​ត្រូវ​មាន​អាទិភាព​ច្រើន​ទៀត ទាក់ទង​នឹង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ហ្នឹង​ផង ហើយ​និង​បញ្ហា​សង្គម​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ប្រឈម​។ បើ​ទោះ​ជា​រដ្ឋាភិបាល​ជួយ​កម្មករ​ក្នុង​រយៈពេល​ខ្លី​ហ្នឹង ក៏​ជួយ​ក្នុង​កម្រិត​តិចតួច មិនមែន​បំពេញ​ប្រាក់ខែ​ដែល​គាត់​បាត់បង់​បាន​ទាំងស្រុង​នោះ​ទេ​។ ឧទាហរណ៍ ប្រាក់ខែ​គាត់​១៨០ ជាង​ហ្នឹង រដ្ឋាភិបាល ខ្ញុំ​គិត​ថា បើ​អាច​ជួយ​បាន​ត្រឹម​មួយ​ខែ​៥០-៦០ ដុល្លារ ក៏​គ្រាន់​ដែរ​។ ខ្លាច​តែ​វា​មិនបាន​ទៅទៀត»

វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​ខ្មែរ​លើស​ពី ៧​សែន​នាក់ ហើយ​អ្នក​ទទួល​ផល​ពី​វិស័យ​នេះ​មាន​ជាង ៣​លាន​នាក់​ទៀត​។ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​នាំចេញ​ផលិតផល​វិស័យ​កាត់ដេរ រួមមាន សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ ទៅ​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​ជាង​៥ ពាន់​លាន​ដុល្លារ​អាមេរិក​។ វិស័យ​នេះ គឺជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​នៃ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា ពីព្រោះ​វា​តំណាង​ឱ្យ ៧៥% នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា និង​៩០% នៃ​ការ​នាំ​ចេញទៅ​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។