ធនាគារ​ពិភពលោក​ព្រមាន​ពី​ហានិភ័យ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨

ដោយ មាន ឫទ្ធិ
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ប្រចាំ​ឆមាស របស់​ធនាគារ​ពិភពលោក ផ្សាយ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ព្រមាន​ថា ភាព​មិន​ប្រាកដប្រជា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ និង​ការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស​នៅ​ក្នុង​ប្រទេស​ចិន អាច​បង្ក​នូវ​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

​សម្រាប់​ឆ្នាំ​២០១៧​ របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដដែល​នេះ ឲ្យ​ដឹង​ថា ដោយសារ​តែ​កំណើន​នៃ​ការ​នាំ​ចេញ​ស្បែកជើង គ្រឿង​ម៉ាស៊ីន​អគ្គិសនី បរិក្ខារ និង​គ្រឿង​បន្លាស់​យានយន្ត បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា រក្សា​បាន​នូវ​ភាព​រឹងមាំ តែ​មាន​ការ​ថយ​ចុះ​តិចតួច​មក​នៅ​ត្រឹម ៦,៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​អត្រា ៧%។ យ៉ាង​ណា​ក៏ដោយ របាយការណ៍​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា អាច​កើន​ឡើង​ដល់ ៦,៩% ក្នុង​ឆ្នាំ​២០១៨ នេះ។

របាយការណ៍​កត់សម្គាល់​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ផលិតផល​វាយនភណ្ឌ​ដទៃ​ទៀត មាន​បរិមាណ​មធ្យម ក៏ប៉ុន្តែ ទស្សនវិស័យ​រយៈពេល​មធ្យម​នៅ​តែ​មាន​ភាព​វិជ្ជមាន ដោយសារ​តែ​កំណើន​លើ​ការ​នាំ​ចេញ​ទំនិញ​ច្រើន​ប្រភេទ និង​លំហូរ​ចូល​ល្អ​នៃ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស។

​អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ថា កម្ពុជា ចាំបាច់​ត្រូវធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ឲ្យ​បាន​កាន់​តែ​ស៊ីជម្រៅ​ជាង​នេះ​បន្ថែម​ទៀត ដែល​ជួយ​ដោះស្រាយ​ចំពោះ​ថ្លៃ​ចំណាយ​ខ្ពស់​លើ​អគ្គិសនី និង​ភស្តុភារ ព្រមទាំង​គម្លាត​នៃ​ជំនាញ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ និង​ពង្រីក​ការ​នាំ​ចេញ​ទំនិញ​ច្រើន​ប្រភេទ។

​របក​គំហើញ​សំខាន់ៗ ដែល​របាយការណ៍​រក​ឃើញ​រួម​មាន អតិផរណា​នៅ​រក្សា​សភាព​មធ្យម ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​មាន​ភាព​ថមថយ ខណៈ​កំណើន​ក្នុង​វិស័យ​សំណង់​មាន​ការ​ធ្លាក់​ចុះ ហើយ​សន្ទុះ​កំណើន​ឥណទាន​ក្នុង​ស្រុក​ក៏​ស្រុតចុះ​បន្តិច​វិញ​ដែរ។

​របាយការណ៍​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ផ្ដល់​នូវ​ការ​គាំទ្រ​បន្ថែមទៀត​ដល់​កសិករ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ ហើយ​កំពុង​ខិតខំ​ស្វែង​រក​ឱកាស​ប្រសើរ​ជាង​នេះ ដើម្បី​ចូលទៅ​កាន់​ទីផ្សារ និង​បង្កើន​ផលិតកម្ម​ឲ្យ​បាន​ច្រើន​ប្រភេទ។

​ការ​ចេញផ្សាយ​របាយការណ៍​នេះ ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ក្រោយ​ពេល​ប្រទេស​ស៊ុយអែត ប្រកាស​ជា​ផ្លូវការ​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក កំពុង​ថ្លឹងថ្លែង​អំពី​លទ្ធភាព​នៃ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​ក្រុម​អ្នក​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល