អ្នក​ជំនាញ​កសិកម្ម​ថា ការ​ផ្អាក​កសិករ​ធ្វើ​ស្រូវ​នៅ​ខេត្ត​ពោធិ៍សាត់ ជា​បរាជ័យ​នយោបាយ​ទឹក​នៅ​កម្ពុជា

ដោយ សុជីវី
2024.01.04
អ្នក​ជំនាញ​កសិកម្ម​ថា ការ​ផ្អាក​កសិករ​ធ្វើ​ស្រូវ​នៅ​ខេត្ត​ពោធិ៍សាត់ ជា​បរាជ័យ​នយោបាយ​ទឹក​នៅ​កម្ពុជា ទិដ្ឋភាពកសិករដាក់ម៉ាស៊ីនបូមទឹកដាក់ស្រែ នៅខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី៤ មករា ២០២៤។
រូប៖ ហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់

អ្នកជំនាញ​កសិកម្ម និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ដូចៗ​គ្នា​ថា ការ​ប្រកាស​ឱ្យ​កសិករ​ផ្អាក​ធ្វើ​ស្រូវ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បង្ហាញ​ពី​បរាជ័យ​នយោបាយ​ទឹក។ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​អះអាង​ថា ដោយសារ​តែ​កសិករ​នាំគ្នា​សម្រុក​ដាំ​ស្រូវ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំមុន ទើប​បណ្ដាល​ឱ្យ​ខ្វះ​ទឹក​ធ្វើស្រែ។

អ្នកជំនាញ​កសិកម្ម និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ស្រដៀងៗ​គ្នា​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​គួរ​បង្កើន​ប្រភព​ទឹក និង​ជួយ​បូមទឹក​ឱ្យ​ប្រជាកសិករ​បាន​ធ្វើ​ស្រែ ជាជាង​ប្រកាស​ណែនាំ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​លើក​ទី២។

ក្រុមប្រឹក្សាភិបាល របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា (Cambodia Farmer Solidarity Organization) លោក ឌី គន្ធា យល់​ស្រប​ចំពោះ​ការ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ធ្វើ​ស្រូវ​លើក​ទី​២ របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ប្រជាកសិករ​ខាតបង់​ពី​ការ​ដាំដុះ​ស្រូវ តែ​លោក​ថា ការ​ប្រកាស​បែប​នេះ​គឺ​ឆ្លុះបញ្ចាំង​ថា​នយោបាយ​ទឹក​របស់​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ដល់​គោលដៅ​នោះ​ទេ​។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ស្រូវ​អង្ករ រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ឱ្យ​ប្រជាកសិករ​ដាំ​ដុះ​ស្រូវ ឱ្យ​បាន​គ្រប់​រដូវ ជាជាង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​បង្កបង្កើនផល ដែល​នាំ​ឱ្យ​បាត់បង់​ប្រាក់ចំណូល។

លោក ឌី គន្ធា៖ «ចំពោះមុខ រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ ទី​១ គឺ​ត្រូវតែ​រៀបចំ ធ្វើ​ការ​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព​ធ្វើ​ម៉េច​ឱ្យ​មាន​សមត្ថភាព​ពិត ធ្វើ​ម៉េច​ឱ្យ​ការស្រោចស្រព​ស្រូវ​ឱ្យ​បាន​២​រដូវ​ឡើង​ទៅ​។ ទី​២ រដ្ឋាភិបាល​ត្រូវ​ត្រៀម​បង្កើត​គោលនយោបាយ ដើម្បី​ឱ្យ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា មាន​សមត្ថភាព​ពិត​យក​ទៅ​ប្រកួតប្រជែង ជាមួយ​ប្រទេស​ជិតខាង»

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃទី​៣ ខែ​មករា ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​ដាំដុះ​ស្រូវប្រាំង​លើក​ទី​២ ដោយសារ​មិន​មាន​ទឹក​គ្រប់គ្រាន់​។ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​លើកឡើង​ថា មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើ​ស្រែប្រាំង​ត្រឹមតែ ២​ម៉ឺន​(២០.០០០) ហិកតារ តែប៉ុណ្ណោះ ក្នុង​ពេល​ការ​ដាំដុះ​ស្រូវ​មាន​រហូត​ទៅដល់​ជាង ៤​ម៉ឺន​ហិកតារ (៤៦.៣៧១)​។ បន្ថែម​ពី​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ក៏បាន​ព្រមាន​ថា បើសិន​ជា​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ធ្វើស្រែ​លើក​ទី​២ នោះ​រដ្ឋបាល​ខេត្ត​នឹង​មិន​ទទួលខុសត្រូវ​លើ​ការ​ខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៤​នេះ​ឡើយ។

Pursat_Pumping1.jpg
ទិដ្ឋភាពមន្ត្រី​រដ្ឋបាលខេត្ត​ចុះពិនិត្យ​នៅពេលកសិករដាក់ម៉ាស៊ីនបូមទឹកដាក់ស្រែ នៅខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី៤ មករា ២០២៤។ រូប៖ ហ្វេសប៊ុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់

ឆ្លើយតប​នឹង​ការ​លើក​របស់​មន្ត្រី​សង្គម​ស៊ីវិល អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា អះអាង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ខ្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ គឺ​បណ្ដាល​មក​ពី​តម្លៃ​ស្រូវ​សើម​នៅ​លើ​ទីផ្សារ​នៅតែ​មាន​តម្លៃ​ថ្លៃ ចន្លោះ​ពី ១​ពាន់ ៣​រយ​រៀល (.៣០០) ទៅដល់ ១​ពាន់​៥​រយ​រៀល (.៥០០) ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​នាំគ្នា​សម្រុក​ដាំ​ដុះ​ស្រូវ ច្រើនជាង​ឆ្នាំមុនៗ។

កញ្ញា អ៊ឹម រចនា៖ «អាជ្ញាធរ​ខេត្ត​បាន​គណនា​ម៉ត់ចត់​រួចរាល់​អស់ហើយ​ថា នឹង​អាច​ផ្គត់ផ្គង់ នឹង​អាច​ខ្វះ​ទឹក​ក្នុង​ពេល​ខាងមុខ​ហ្នឹង អ៊ីចឹង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​លោក​ធ្វើ​ម៉េច​គិតគូរ ហើយ​និង​បើសិនជា​អាច​ទៅ​រួច​អនុវត្ត​ទៅតាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត ដែល​តម្រូវ​ឱ្យ​ផ្អាក​ការ​ដាំដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ពេល​ខាងមុខនេះ»។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​កសិកម្ម លោក នី ណាក់ មាន​ប្រសាសន៍​ថា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាកសិករ រដ្ឋាភិបាល​គួរតែ​ទម្លាក់​ថវិកា​ថ្នាក់​ជាតិ អន្តរាគមន៍​បូមទឹក​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​គ្រប់គ្រាន់ ជាជាង​ចេញ​សេចក្ដីប្រកាស​ឱ្យ​ប្រជាកសិករ​ផ្អាក​ធ្វើ​ស្រូវ។

លោក នី ណាក់៖ «សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​ហ្នឹង​គិត​ឡើងវិញ ព្រោះ​រដ្ឋាភិបាល​មាន​អនុភាព​ធំធេង​ណាស់ គ្រាន់តែ​បញ្ហា​គ្រប់គ្រង​អាកាសធាតុ​ហ្នឹង គឺ​គាត់​អាច​ជួយ​បាន មិន​ចាំបាច់​ធ្វើ​អី​ច្រើន​គ្រាន់តែ​គាត់​អាច​ជួយ​តែ​ទម្លាក់​តម្លៃ​ថ្លៃ​ទឹក ឬក៏​បូមទឹក​បន្ថែម​ហ្នឹង ជា​ការ​ជួយ​កសិករ​អា​ច​ធ្វើស្រែ​បាន​ហើយ»

អ្នកជំនាញ​កសិកម្ម​លើកឡើង​ទៀត​ថា ការ​ខ្វះខាត​ទឹក​ឱ្យ​កសិករ​ធ្វើស្រែ​នេះ បង្ហាញ​ពី​ភាព​ទន់ខ្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ខណៈ​ប្រទេស​ជិត​ខាង​កម្ពុជា មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ទៅ​ឱ្យ​ប្រជាកសិករ​តែប៉ុណ្ណោះ តែ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ ថែមទាំង​មាន​គោលនយោបាយ​ជួយ​បង្កើន​ទិន្នផល​កសិកម្ម និង​ធានា​ឱ្យ​ផលិតផល​កសិកម្ម​មាន​តម្លៃ​សមរម្យ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។