អ្នកវិភាគ​នយោបាយ​ជឿ​ថា គណៈកម្មការ​អឺរ៉ុប នឹង​មិន​ប្ដូរ​ជំហរ​យក​ពន្ធ​អង្ករ​នាំ​ចេញ​របស់​កម្ពុជា​ទេ

ដោយ មាន ឫទ្ធិ
2019.01.18
លោក គឹម សុខ ៦២២ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។
RFA

អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ ​មាន​ជំនឿ​ថា​ របប​លោក​ ហ៊ុន ​សែន ​នឹង​មិន​អាច​ទៅ​តវ៉ា​ឈ្នះ​គណៈកម្មការ​អឺរ៉ុប​ ​ដែល​បាន​សម្រេច​គិត​ពន្ធ​អង្ករ​កម្ពុជា​រយៈ​ពេល ៣ឆ្នាំ​ ​គិត​ចាប់​ពី​ថ្ងៃ​ទី១៨ ខែ​មករា​នេះ​តទៅ​នោះ​ទេ។ លោក​ថា​ របប​លោក​ ហ៊ុន ​សែន ​គ្រាន់តែ​ចង់​បង្កើត​ឱកាស​ដើម្បីឲ្យ​មាន​ការ​ចរចា​ជាមួយ​អឺរ៉ុប​ ក្នុង​គោលដៅ​កុំ​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​មក​លើ​របប​នេះ​តែ​ប៉ុណ្ណោះ។

 

ក្រសួង​ពាណិជ្ជកម្ម ​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​របស់​ខ្លួន​ ​ផ្អែក​លើ​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​ប្រពៃណី​រវាង​កម្ពុជា​ ​និង​អឺរ៉ុប។ ក្រសួង​ថា​ ​ខ្លួន​កំពុង​ពិនិត្យ​លើ​ការ​សម្រេច​នេះ​ ​ហើយ​នឹង​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ ​ដែល​ក្រសួង​ថា ប្រជាជន​កម្ពុជា​យល់​ថា ជា​រឿង​គ្មាន​សុក្រឹតភាព និង​សច្ច​ភាព​សង្គម និង​សេដ្ឋកិច្ច។ ការ​អំពាវនាវ​របស់​កម្ពុជា​នេះ ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី១៧ មករា គណៈកម្មការ​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​ជា​ផ្លូវការ​ក្នុង​អត្រា​ជិត ២០០ដុល្លារ​អាមេរិក​សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​គិត​ពន្ធ​នេះ​ ​ដែល​អាច​ធ្វើ​កម្ពុជា​ខាតបង់​យ៉ាង​ហោច​ណាស់​ដល់​ទៅ​ជាង​ ៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​សុខ​ ​សុភ័ក្រ្ត ​ថ្លែង​ក្នុង​សន្និសីទ​សារ​កាសែត​នៅ​ថ្ងៃ​ទី១៨ មករា​ថា លោក​នៅ​តែ​មាន​សង្ឃឹម​ថា នឹង​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ នៅ​ពេល​កម្ពុជា​តវ៉ា​ទាស់​ទៅ​នឹង​ការសម្រេច​នេះ​ទៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក។ ក៏​ប៉ុន្តែ​លោក​ក៏​បាន​ចោទ​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ថា ជា​អ្នក​ធ្វើ​ឲ្យ​ខ្ទាស់​អង្គភាព​ដោះ​ស្រាយ​វិវាទ​នៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក៖ «យើង​នឹង​តវ៉ា ​ប៉ុន្តែ​តវ៉ា ​ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង​ថា ចៃដន្យ​អី​ប្រទេស​ធំ​មួយ​ពីរ​ហ្នឹង វា​ខ្ទាស់​ជីពចរ​នៅ WTO តាម​រយៈ​ការ​ធ្វើ​ឲ្យ​វា​គាំង​នៃ​អង្គភាព​ដោះ​ស្រាយ​វិវាទ។ អ៊ីចឹង​យើង​សង្ឃឹម​ថា ដោះ​អា​ហ្នុង​លឿន បូក​ជាមួយ​យើង​តវ៉ា​អ៊ីចឹង​ទៅ វា​រួច​បញ្ហា​ហើយ»

 

ផ្ទុយពី​ការ​អះអាង​របស់​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​លោក​ ​គឹម សុខ ថា ការ​តវ៉ា​របស់​របប​នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​ចង់​ឲ្យ​មាន​ការចរចា​ជាមួយ​អឺរ៉ុប​ប៉ុណ្ណោះ​ និង​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​អឺរ៉ុប​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​នឹង​មិន​ឈ្នះ​ការ​ប្ដឹង​ផ្ដល់​នេះ​ឡើយ ព្រោះ​មុននឹង​គណៈកម្មការ​អឺរ៉ុប​សម្រេច​យ៉ាង​ដូច្នេះ គេ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់​ស្ទើរ​ពេញ​មួយ​ឆ្នាំ២០១៨ មក​ហើយ។ ម្យ៉ាង​វិញ​ទៀត លោក ​គឹម សុខ បន្ត​ថា សហភាព​អឺរ៉ុប​ដឹង​ច្បាស់​ណាស់​ថា​ ​អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ការ​មិន​យក​ពន្ធ​លើ​អង្ករ​ពី​អឺរ៉ុប​នេះ​ ​គឺ​មិន​មែន​ជា​ប្រជា​កសិករ​ក្រីក្រ​នោះ​ទេ ​តែ​គឺ​ជា​ក្រុម​បក្ខពួក​ កូន​ប្រសា​របស់​លោក​ ហ៊ុន ​សែន ​ជា​ពិសេស ​គឺ​លោក​ ​សុខ​ ​ពុទ្ធិវុធ ​ដែល​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​បក្ខពួក​ បាន​ឆ្លៀត​កេងប្រវ័ញ្ច ​និង​យក​ចំណេញ​ពី​លើ​ខ្នង​ពលរដ្ឋ​ខ្មែរ​ តាមរយៈ​ការទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ថោកៗ ហើយ​យក​ទៅ​កែច្នៃ​ជា​អង្ករ​នាំចេញ​ទៅ​លក់​ឲ្យ​អឺរ៉ុប​ ​ចំណេញ​កប់​ក្ដោង ដោយ​មិន​បាច់​បង់​ពន្ធ៖ «កម្មវិធី​ដែល​គេ​អនុគ្រោះ​ឲ្យ​នោះ​ វា​មិន​បាន​ផល​ទៅ​ដល់​កសិករ​ទេ ​តែ​វា​បាន​ផល​ទៅ​ដល់​ក្រុម​អ្នកដឹកនាំ​ ប្រមូល​កើប​ផល​ពី​កសិករ​ផង​ ប្រមូល​កើប​ផល​ពី​លក្ខខណ្ឌ​អនុគ្រោះ​របស់​គេ​ផង​ ​ទាំង​ការ​ឃុបឃិត​ជាមួយ​នឹង​ឈ្មួញ​ទុច្ចរិត​ ​ក្នុង​ការ​ប្រើ​កម្មវិធី​របស់​គេ​លក់ដូរ​ ​ចែក​ផល​គ្នា​ផង។ ដូច្នេះ​គេ​ដឹង​រឿង​ហ្នុង​ច្បាស់​ណាស់​។ ​ទៅ​តវ៉ា​ជាមួយ​ហ្នឹង​គេ​យ៉ាងម៉េច​?​ហើយ​គេ​ដឹង​តាមរយៈ​ការស្រាវជ្រាវ​រក​ការពិត​របស់​គេ​ច្បាស់លាស់។ ត​វ៉ា​ជាមួយ​គេ​អត់​ឈ្នះ​ទេ។ តាមពិត​ទៅ​ វា​គ្រាន់តែ​ជា​ការ​បង្កើត​ឱកាស​ឲ្យ​មាន​ការ​ជួប​ជជែក​គ្នា​ ​រក​ឱកាស​ជួប​ជជែក​គ្នា​រវាង​ក្រុង​ភ្នំពេញ​ ​និង​អន្តរជាតិ​ ​ដោយ (ពួក​គេ) បារម្ភ​ខ្លាច​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្សេងៗ ទៀត​ដែល​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​ដឹកនាំ​របស់​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ​ ​មិន​មែន​ជា​ការ​រក​ខុស​រក​ត្រូវ​ទេ»

បន្ថែម​ពីលើ​ការ​គ្រោង​ប្ដឹង​ផ្ដល់​ទៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​ក្រសួង​ពាណិជ្ជកម្ម​នេះ​ ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា​ ​ការសម្រេច​វិធានការណ៍​គិត​ពន្ធ​របស់​អឺរ៉ុប​នេះ​ ​បាន​ដកហូត​ចំណូល​ពី​កសិករ​ក្រីក្រ​កម្ពុជា​ ​ហើយ​ជា​អាវុធ​សម្រាប់​ធ្វើឃាត​ពួកគាត់​ និង​ក្រុម​គ្រួសារ ដែល​ជាប់​បំណុល​ជាមួយ​មីក្រូ​ហិរញ្ញវត្ថុ ដែល​បាន​ផ្ដល់​កម្ចី​ដល់​ពួកគាត់​។ ​លោក​ ​គឹម​ ​សុខ​ ​មិន​យល់​ដូច្នេះ​ឡើយ​ លោក​ថា ផ្ទុយ​ទៅ​វិញ​ទេ ​ការ​សម្រេច​របស់​អឺរ៉ុប​ដូច្នេះ​ ​គឺ​ជា​អាវុធ ​សម្លាប់​ក្រុម​លោក​ ហ៊ុន ​សែន ​និង​បក្ខពួក​ទៅ​វិញ​ទេ ​ដែល​ពួក​គេ​បាន​កេង​ប្រវ័ញ្ច​លើក​កសិករ​ក្រីក្រ៖ «មែនទែន ​អា​ហ្នុង​មិន​មែន​ជា​អាវុធ​សម្លាប់​ពលរដ្ឋ​ទេ ​សម្លាប់​កសិករ​ទេ ​វា​ជា​អាវុធ​សម្លាប់​អំណាច​ក្រុម​លោក​ ហ៊ុន ​សែន ​សម្លាប់​ឱកាស​កេងប្រវ័ញ្ច​ក្រុម​លោក​ ហ៊ុន ​សែន ​ទៅ​វិញ​ទេ ​ពីព្រោះ​ក្រុម​លោក​ ហ៊ុន ​សែន ​បាន​ប្រយោជន៍​ពី​កសិករ​ក្នុង​ការទិញ​ថោកៗ គាប​សង្កត់​អីចឹង​ទៅ​។ ​របៀប​ធ្វើ​ទីផ្សារ​សេរី ​ប៉ុន្តែ​ល្បិច​គាប​សង្កត់​ ​កេងប្រវ័ញ្ច ​ហើយ​នឹង​បាន​ផល​អំពី​ការ​កេង​ប្រវ័ញ្ច​ផល​នៃ​ការ​មិន​បង់​ពន្ធ ​ផល​នៃ​ការ​ឃុប​ឃិត​គ្នា​ជា​មួយ​នឹង​អ្នក​វិនិយោគ​ ​ចែក​ផល​គ្នា​ ​រហូតដល់​ទៅ​បង្កើត​ក្រុមហ៊ុន​កូន​លោក​ ហ៊ុន ​សែន ​...​ ​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​រកស៊ី​ទៀត។

 

គម្រោង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ​ប្ដឹង​ផ្ដល់​គណៈកម្មការ​អឺរ៉ុប​ទៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក​រឿង​គិត​ពន្ធ​អង្ករ​នេះ​ ​គឺជា​វិធានការណ៍​មួយ​ផ្ទុយ​ស្រឡះ​ និង​ជា​ការ​ទះ​កំផ្លៀង​ទៅ​លោក​ ហ៊ុន ​សែន ​ដែល​ធ្លាប់​បាន​អួត​អាង​ក្តែងៗ ជំរុញ​ឲ្យ​អឺរ៉ុប​ និង​ក្រុម​ប្រទេស​លោក​ខាងលិច​ យក​ពន្ធ​លើ​កម្ពុជា​កាន់តែ​ឆាប់​ ​កាន់តែ​ល្អ​ និង​ថា​មិន​ខ្ចី​ឱន​ក្បាល​យក​អធិបតេយ្យ​ទៅ​ដោះដូរ​នឹង​ជំនួយ​ ​នោះ​ឡើយ​ ​ឬ​ក៏​ថា​ ​ការ​ធ្វើ​ដូច្នេះ​ជា​បច្ច័យ​ល្អ​សម្រាប់​កម្ពុជា​ ​ឲ្យ​កាន់តែ​ខ្លាំង​ ​និង​មាន​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​នោះ​ផង៖ «កាត់​ទៅ​ ​លោក​ឯង​កាត់​ទៅ​! ​លោក​ឯង​ជ្រើសរើស​មនុស្ស​ប៉ុន្មាន​នាក់​ ​ឬ​ជ្រើសរើស​ប្រជាជន ១៥ លាន​នាក់​? លោក​ឯង​ជ្រើសរើស​ទំនាក់ទំនង​ជាមួយ​បុគ្គល​មួយ​ក្រុម​ ​ឬ​លោក​ឯង​ជ្រើសរើស​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​? ធ្វើ​ទៅ​! ​ធ្វើឲ្យ​វា​អស់​សេចក្ដី​ទៅ​! ​...​ ​កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ!​ កុំ​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជាមួយ​ជំនួយ​!​ ​កុំ​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជាមួយ​ជំនួយ! ចង់​ឲ្យ​បង់​ពន្ធ​ ​បង់​ពន្ធ​!​ ​សូម​ផ្ដាំ​ណា ​ឱន​ក្បាល​ម្ដង​ ត្រូវ​ជំពាក់​ ​ឱន​ពីរ​ដង​ជំពាក់​ ​ឱន​បី​ដង​ជំពាក់ ឱន​មួយ​ជីវិត​ ​ខ្មែរ​អត់​ឯករាជ្យ​ទេ​។​ ​ប្រឹង​រស់​ ងើប​ឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ​អធិបតេយ្យ​របស់​ប្រទេស»

បើ​ទោះជា​សំណុំរឿង​យក​ពន្ធ​លើ​អង្ករ​នេះ​ ​ជា​សំណុំរឿង​មួយ​ផ្សេង​ដាច់​ដោយ​ឡែក​ពី​ចំណាត់​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ​ឬ​ EBA ​ក៏​ដោយ​ ​ក៏ប៉ុន្តែ​ការ​គិត​ពន្ធ​លើ​អង្ករ​នេះ កំពុង​ក្លាយ​ជា​បន្ទុក​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​របប​ក្រុង​ភ្នំពេញ​ ​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ​មិន​អាច​មើល​រំលង​បាន​ ​ព្រោះថា​ភាគ​ច្រើន​លើសលប់​នៃ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ ​ខណៈ​ដែល​ពួកគេ​អាច​នឹង​ងើប​តវ៉ា ​ឬ​បះបោរ​ឡើង​ ​ប្រសិនបើ​របប​នេះ​ពុំ​អាច​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​ជូន​ពួក​គេ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។