អ្នកវិភាគ​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​ចិន​ឱ្យ​មាន​តម្លាភាព​សម្រាប់​ផលប្រយោជន៍​ជាតិ

ដោយ ហ៊ុំ ចំរើន
2024.03.06
អ្នកវិភាគ​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​ចិន​ឱ្យ​មាន​តម្លាភាព​សម្រាប់​ផលប្រយោជន៍​ជាតិ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត។
រូប៖ ទីស្ដីការគណៈរដ្ឋមន្ត្រី

អ្នកវិភាគ​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​គិតគូរ​ពី​តម្លាភាព និង​គិតគូរ​ពី​ការ​ធ្លាក់​ចូល​អន្ទាក់​ក្នុង​ការ​បម្រើ​មហិច្ឆតា​នយោបាយ​ណាមួយ មុននឹង​ទទួល​ប្រាក់​ជំនួយ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត។ ការ​ជំរុញ​នេះ បន្ទាប់​ពី​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង ៧​លាន​ដុល្លារ​ឱ្យ​កម្ពុជា សម្រាប់​ជួសជុល​អគារ​មិត្តភាព​ទីស្ដីការគណៈរដ្ឋមន្ត្រី។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅតែ​ដាស់តឿន​ដល់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត រឿង​ស្នើសុំ​កម្ចី និង​ជំនួយ​របស់​ចិន ដោយ​ពួកគេ​បារម្ភ​ថា ទោះបីជា​ជំនួយ​ខ្លះ​ឥត​សំណង ប៉ុន្តែ​ចិន​អាច​មាន​បំណង​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​មីនា ថា ការ​ទទួល​ជំនួយ​ពី​បរទេស​ទាំង​ពី​ប្រទេស​សេរី និង​កុម្មុយនិស្ត​ជា​ការ​ប្រសើរ​សម្រាប់​បម្រើ​ផលប្រយោជន៍​ជាតិ ប្រសិន​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​នោះ​ដោយ​តម្លាភាព ជៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ​។ ប៉ុន្តែ លោក​បារម្ភ​ថា ការ​ទទួល​ជំនួយ​ពី​ចិន​ខ្លះ​បើ​ទោះ​បី​ជា​គ្មាន​សំណង ប៉ុន្តែ​អាច​ជា​ចំណង​ផ្នែក​នយោបាយ​ដែល​អនុញ្ញាត​ឱ្យ​ចិន​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

បណ្ឌិត មាស នី៖ «រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​អះអាង​ដែល​ថា យក​លុយ​ពី​ចិន​ស្រួល​ចាយ វា​មិន​មាន​លក្ខខណ្ឌ​អី​ច្រើន។ ជំនួយ​ពី​បស្ចិម​ប្រទេស វា​តែង​មាន​លក្ខខណ្ឌ​ជាមួយ​ការចាយវាយ និង​ការ​ត្រួត​ពិនិត្យ​ល្អិតល្អន់ ធ្វើ​ម៉េច​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ប៉ុន្តែ ជំនួយ​ចិន​ដូច​រដ្ឋាភិបាល​លើកឡើង​អ៊ីចឹង គឺ​មិនសូវ​ខ្វល់​ប៉ុន្មាន​ទេ​ឱ្យ​តែ​គេ​មាន​លុយ​គេ​ឱ្យ ហើយ​គេ​ថា ឆ្មា​ខ្មៅ ឬ​ឆ្មា ស មិន​សំខាន់​ទេ ឱ្យ​តែ​ឆ្មា​ចាប់​កណ្ដុរ​ឱ្យ​គេ​មិន​ខ្វល់​ទេ។ គ្រាន់​ថា ជំនួយ​ចិន​បើ​មក​កាន់តែ​ច្រើន​ហើយ​អត់​មាន​លក្ខខណ្ឌ វា​នឹង​បង្ក​ឱ្យ​កើតមាន​នូវ​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ក្រោម​វិនិយោគទុន​ក្រុមហ៊ុន​ចិន​នៅ​ខ្មែរ​យើង ច្រើនតែ​ឃើញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ ដោយសារ​តែ ជំនួយ​មិន​ភ្ជាប់​ជាមួយ​ការគោរព​សិទ្ធិមនុស្ស គោរព​ដល់​លំនៅឋាន​របស់​ពលរដ្ឋ»

ការ​លើកឡើង​របស់​អ្នកវិភាគ​បែបនេះ បន្ទាប់ពី​ភាគី​កម្ពុជា និង​ចិន កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​លើ​គម្រោង​ជួសជុល​កែលំអ​អគារ​មិត្តភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្រោម​ជំនួយ​ឥត​សំណង់​របស់​ចិន​ជាង ៧​លាន ៣​សែន​ដុល្លារ​អាមេរិក។ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ថ្លែង​ក្នុង​ពិធី​នោះ​ថា ការ​ផ្ដល់​ជំនួយ​របស់​ចិន​នេះ ស្របតាម​គោលនយោបាយ​ដែល​ភាគី​ចិន និង​កម្ពុជា​ប្ដេជ្ញា​ក្នុង​ការ​កសាង​ជោគវាសនា​ចិន​រួមគ្នា​។ លោក​រំពឹង​ថា មិត្ត​ដែកថែប​ចិន​នឹង​បន្ត​ផ្ដល់​ប្រាក់កម្ចី និង​ជំនួយ​ឥត​សំណង់​សម្រាប់​កម្ពុជា​បន្ថែម​ទៀត សម្រាប់​ជួយ​កសាង និង​អភិវឌ្ឍ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោក វង្សី វិស្សុត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៦ ខែមីនា។

ភាគី​ចិន​តែង​ផ្ដល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​។ ជំនួយ​បាន​ពី​ចិន​ទាំងនោះ​រដ្ឋាភិបាល​កម្ពុជា​ភាគច្រើន​ប្រើប្រាស់​សម្រាប់​ស្ដារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ សំណង់​អគារ វិស័យ​សុខាភិបាល និង​វិស័យ​ការពារ​ជាតិ​ជាដើម។

អ្នកឃ្លាំមើល​ថា ការណ៍​ដែល​ចិន​តែង​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា ចិន​អាច​សម្លឹង​ឃើញ​ផលប្រយោជន៍​តាមរយៈ​ការប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​នៅក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។