គម្រោង​សម្លេង​សហគ្រិន​ស្ត្រី​វ័យក្មេង​និង​យុវជន​ដើម្បី​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ដោយ ម៉ៅ សុធានី
2021.07.10
គម្រោង​សម្លេង​សហគ្រិន​ស្ត្រី​វ័យក្មេង​និង​យុវជន​ដើម្បី​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា។
Photo Courtesy

អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ប្រកាស​ពី​គម្រោង​សំឡេង​សហគ្រិន​ស្ត្រី​វ័យក្មេង​និង​យុវជន ដើម្បី​បរិយាកាស​អាជីវកម្ម​កាន់​តែ​ប្រសើរ​។ គម្រោង​នេះ​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID) តាមរយៈ​គម្រោង​សហគ្រិន​នារី​សកម្ម WE Act របស់​អង្គការ​ផេក​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​កសាង​សមត្ថភាព​ប្រជាពលរដ្ឋ ជាពិសេស​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​និង​យុវជន ដែល​ជា​ក្រុម​ទន់ខ្សោយ និង​ងាយ​រងគ្រោះ ដើម្បី​បង្កើន​សមត្ថភាព​ពួកគេ ក្នុង​ការ​ចូលរួម​អភិបាលកិច្ច កែ​លម្អ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​សមធម៌ ព្រមទាំង​ការ​គ្រប់គ្រង​ធនធាន​សាធារណៈ និង​ធនធាន​ធម្មជាតិ​ជាដើម៖ «នៅក្នុង​បរិបទ​កូវីដ​១៩​នេះ ក្រុម​សហគ្រិន​ស្ត្រី​វ័យក្មេង​និង​យុវជន គេ​បាន​ប្រឈម​ការ​ខាតបង់ និង​ខ្វះ​ការ​គាំទ្រ ទៅលើ​គំនិត​និង​ចក្ខុវិស័យ​វែងឆ្ងាយ សំរាប់​ដំណើរការ​អាជីវកម្ម​ទៅ​ថ្ងៃមុខ។ ពួកគេ​គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត និង​ទទួល​បាន​បន្ថែម​ទៀត​នូវ​គាំទ្រ​ពី​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល សំរាប់​អាជីវកម្ម​កាន់តែ​ប្រសើរ​..»

លោក​បន្ត​ថា គម្រោង​នេះ​កំពុង​អនុវត្ត​លើ​ក្រុម​គោលដៅ​ចំនួន ១១៥​នាក់ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​រយៈពេល​មួយ​ឆ្នាំ គឺ​ចាប់​ពី​ខែ​មីនា ២០២១ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២២ ដើម្បី​បណ្តុះបណ្តាល ពួកគេ​អំពី​គំនិត​ច្នៃប្រឌិត ផែនការអាជីវកម្ម ការ​ចែករំលែក​បទពិសោធន៍ និង​ពង្រឹង​យន្តការ​ចូលរួម​បែប​ស្ថាបនា​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​សហគ្រិន​ស្ត្រី​វ័យក្មេង​និង​យុវជន បាន​រួម​ចំណែក​ស្វែងរក​ការ​គាំទ្រ ជុំវិញ​បញ្ហា​ចម្បងៗ​ទាក់ទង​ទៅ​នឹង​សហគ្រិនភាព ឬ​អភិបាលកិច្ច​អាជីវកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។