កសិករ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​តម្លៃ​​ស្ពៃ​ក្ដោប​ចុះថោក​លក់​មិន​បាន​ប្រាក់​​កម្រៃ​ដោះស្រាយ​ជីវភាព

ដោយ ម៉ៅ សុធានី
2019-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​កំពុង​ប្រមូល​ផល​ស្ពៃ​ក្ដោប នៅ​ភូមិ​ជ្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០១៨។
កសិករ​កំពុង​ប្រមូល​ផល​ស្ពៃ​ក្ដោប នៅ​ភូមិ​ជ្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០១៨។
រូបថត៖ ប្រជាកសិករ

ប្រជា​កសិករ​ប្រកប​របប​ដាំ​ស្ពៃ​ក្ដោប​នៅ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង ជា​ច្រើន​គ្រួសារ ​ត្អូញត្អែរ​ពី​តម្លៃ​ស្ពៃក្ដោប​ចុះថោក ហើយ​ធ្វើឲ្យ​ពួកគាត់​លក់​មិន​បាន​ប្រាក់​ចំណេញ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ឡើយ។ កសិករ​លើក​ឡើង​ថា តម្លៃ​កសិផល​​ចុះ​ថោក​នេះ​ ដោយសារ អាជ្ញាធរ​របប​លោក​ហ៊ុន សែន​ បណ្ដោយ​ឲ្យ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ និង​វៀតណាម មក​លក់​នៅ​លើ​ទីផ្សារ​នៅ​កម្ពុជា​ច្រើន​ពេក។

ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​ឲ្យ​បាន​តម្លៃ​ប្រសើរ​ជាង​សព្វ និង​ស្នើ​ឲ្យ​បិទ​ការ​នាំ​បន្លែ​ចូល​ពី​ប្រទេស​ជិត​ខាង​​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​បាន​មក​លក់​នៅ​កម្ពុជា​បន្ត​ទៀត​ ព្រោះ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ច្រើន​ពេក​​ គឺ​ជា​ការ​សម្លាប់​មុខរបរ​កសិករ​ខ្មែរ ដោយសារ​ពួកគាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ដើម​ទុន​ក្នុង​ការ​ដាំដុះ​ ហើយ​រំពឹង​ថា​នឹង​សង​គេ​វិញ​នៅ​ប្រមូល​ផល។

កសិករ​នៅ​ភូមិ​ជ្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​បវេល​ម្នាក់​ លោក បោ យឿត រៀប​រាប់ប្រាប់​អាស៊ី​សេរី​ថា ​ឆ្នាំ​នេះ​លោក​ដាំ​ស្ពៃ​ក្ដោប​នៅ​លើ​ផ្ទៃ​ដី​ចំនួន​ ៤ហិកតារ​ ដោយ​ចំណាយ​ដើម​ទុន​ប្រមាណ ៨ពាន់​ដុល្លារ​អាមេរិក ហើយ​ស្ពៃ​ទាំង​នោះ​កំពុង​តែ​ប្រមូល​ផល។ កសិករ​រូប​នេះ​បន្ថែម​ទៀត​ថា​ តម្លៃ​ស្ពៃ​ក្ដោប​​បាន​ចុះថោក​​យ៉ាង​គំហុក​​ ដោយ​តម្លៃ​បោះ​ដុំ​ប្រមាណ ៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ។លោក​ថា​ តម្លៃ​នេះ​លក់​មិន​បាន​ប្រាក់​កម្រៃ​នោះ​ទេ​ ព្រោះ​ចំណាយ​អស់​ដើម​ទុន​ច្រើន ហើយ​ប្រាក់​ទាំង​នោះ​មួយ​ចំនួន​ធំ​ខ្ចី​ពី​ធនាគារ​ដោយ​មាន​ការប្រាក់ ដូច្នេះ​ពួក​គាត់​ច្បាស់​ដាច់​បាយ​ស្លាប់​ហើយ​ឆ្នាំ​នេះ​ ព្រោះ​នៅ​ពេល​ប្រមូល​ផល​ហើយ​ ក៏​មិន​អាច​លក់​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​សង​ធនាគារ​ដែរ៖ «មិន​ដែល​មាន​អាជ្ញាធរ​មក​បង្រៀន​កសិករ​ឲ្យ​ដាំ​ដុះ​យ៉ាង​មិច​គឺ​អត់​មាន​ទេ​ លោក​ហ៊ុន​ សែន​ គាត់​មិន​ជួយ​ដល់​កសិករ​ផង​ គាត់​ជួយ​តែ​ខាង​កម្មករ​រោងចក្រ​អី​ណោះ​វិញ​។ដូច្នេះ​បាន​ជា​យើង​ចេះ​តែ​ខ្ចី​លុយ​ពី​ធនាគារ​មួយ​បន្តិចៗ ចេះ​តែ​ច្រើន​ទៅ​ ហើយ​ទីបំផុត​គ្មាន​ប្រាក់​សង​គេ​ក៏​ទៅ​ធ្វើ​ចំណាក​ស្រុក​ ព្រោះ​បើ​នៅ​ផ្ទះ​រក​លុយ​មិន​បាន​សង​ធនាគារ​ទេ»

កសិករ​រូប​នេះ​បន្ត​ថា​តម្លៃ​ស្ពៃ​អាច​នឹង​ចុះ​ថោក​ថែម​ទៀត ​ព្រោះ​​សព្វ​ថ្ងៃ​ជា​រដូវ​ដែល​កសិករ​កំពុង​សម្រុក​ប្រមូល​ផល​ស្ពៃក្ដោប។ រីឯ​កសិករ​ដទៃ​ទៀត​ក៏​កំពុង​តែ​ព្រួយបារម្ភ​ខ្លាច​គ្មាន​ប្រាក់​សង​ធនាគារ​ ដោយសារ​កសិផល​ចេះ​តែ​ចុះថោក​មិន​ឈប់​ ដោយ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ពួកគាត់​នោះ​ទេ។

កសិករ​ដាំ​ស្ពៃ​ក្ដោប​នៅ​ស្រុក​បវេល​ម្នាក់​ទៀត​ លោក ឈិន វិចិត្រ រៀបរាប់​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​លោក​ដាំ​ស្ពៃ​នៅ​លើ​ផ្ទៃ​ដី ៤ហិកតារ គឺ​ច្រើន​ជាង​ឆ្នាំ​មុន​បន្តិច​ ព្រោះ​សង្ឃឹម​ថា​នៅ​ពេល​ប្រមូល​ផល​ស្ពៃ​អាច​មាន​តម្លៃ​ល្អ​ ហើយ​លក់​បាន​ប្រាក់​កម្រៃ​ច្រើន​ គ្រាន់​បាន​ជីវភាព​ធូរធារ​ដូច​អ្នក​នៅ​ទីក្រុង​​ ប៉ុន្តែ​ក្ដី​ស្រមៃ​ទំនង​នឹង​មិន​បាន​ដូច​បំណង​ទេ ព្រោះ​ដល់​ពេល​ប្រមូល​ផល​ហើយ តែ​តម្លៃ​ស្ពៃ​បែរ​​ជា​ចុះថោក​ទៅ​វិញ។ លោក​បន្ថែម​ទៀត​ថា តម្លៃ​ស្ពៃ ១ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​ទើប​លក់​បាន​ប្រាក់​កម្រៃ​ខ្លះ ប៉ុន្តែ​បើ​តម្លៃ​ថោក​ដូច​សព្វ​ថ្ងៃ​មិន​រួច​ខ្លួន​ទេ ព្រោះ​ចំណាយ​អស់​ដើម​ទុន​ច្រើន​ និង​ចំណាយ​ពេល​វេលា​ដាំដុះ​ដល់​ទៅ​ជាង​៣ខែ​ឯណោះ​ទើប​ប្រមូល​ផល​ម្ដង៖ «តម្លៃ​ស្ពៃ​ថោក​ដូច្នេះ​ជីវភាព​គ្រួសារ​ខ្ញុំ​ទៅ​ថ្ងៃ​ខាង​មុខ​កាន់​តែ​ដុនដាប​ហើយ​ ព្រោះ​មិន​អាច​រក​ប្រាក់​បាន​ដោះស្រាយ​ជីវភាព​បាន​ទេ។ ខ្ញុំ​អាក់​អន់​ស្រពន់​ចិត្ត​​ចំពោះ​តម្លៃ​បន្លែ​ចុះថោក​ណាស់ ព្រោះ​វា​មិន​ប្រាក់​សល់​ធ្វើ​បាន​ត្រឹម​តែ​នឿយ​ហត់​កម្លាំង។សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​កសិផល​ពួក​ខ្ញុំ​ផង និង​សុំ​ឲ្យ​ខាង​ក្រសួង​កសិកម្ម​ចុះ​មក​ជួយ​ពន្យល់​ណែនាំ​ពី​ការ​ដាំដុះ​ដល់​ពូក​ខ្ញុំ​ផង»

កសិករ​រូប​នេះ​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃ​ពួកគាត់​បង្ខំ​ចិត្ត​ដឹក​ស្ពៃ​យក​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ ភូពុយ ក្រុង​បាត់ដំបង ហើយ​ឈ្មួញ​កណ្ដាល​ដឹក​ស្ពៃ​ទៅ​លក់​បន្ត​នៅ​ទូទាំង​ប្រទេស។

ឈ្មួញ​កណ្ដាល​មក​ពី​ខេត្ត​កំពង់ចាម លោក ពេជ្រ ប៊ុន​ណាត មាន​ប្រសាសន៍​ថា ស្ពៃក្ដោប​នៅ​ខេត្ត​បាត់ដំបង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ស្ពៃ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ ព្រោះ​កសិករ​មិន​សូវ​ប្រើ​ថ្នាំ​គីមី​ច្រើន​ដូច​បន្លែ​ពី​វៀតណាម​ និង​ពី​ថៃ​នោះ។ លោក​ថា​ សព្វ​ថ្ងៃ​តម្លៃ​ស្ពៃក្ដោប​នៅ​ខេត្ត​បាត់ដំបង​​លោក​ទិញ​ពី​កសិករ​ចន្លោះ​ពី​ ៥០០​ទៅ ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ លោក​ថា​​មូលហេតុ​ដែល​ស្ពៃ​ចុះថោក​ដោយសារ​អាជ្ញាធរ​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំ​ស្ពៃ​ក្ដោប​ចូល​ពី​ប្រទេស​វៀតណាម ​និង​ថៃ មក​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ច្រើន​ហួស​កម្រិត​ ធ្វើ​ឲ្យ​បន្លែ​នៅ​ក្នុង​ស្រុក​ក៏​ធ្លាក់​ថ្លៃ​ទៅ​តាម​នោះ​ដែរ៖ «បើ​ខ្ញុំ​ទិញ​ឲ្យ​ពួកគាត់​ថ្លៃ​ខ្ញុំ​លក់​ចេញ​វិញ​មិន​កើត​គ្មាន​អ្នក​ទិញ​ ខ្ញុំ​ទិញ​មក​ ៦០០​លក់​ចេញ​វិញ​បាន​ត្រឹម​ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​អី​ ហើយ​ផាត់​ថ្លៃ​ឡាន​ទៅ​មិន​បាន​ចំណេញ​ទេ ពិបាក​ណាស់​ទាំង​ខ្ញុំ​ទាំង​កសិករ​មិន​ដឹង​ចេញ​ទៅ​ច្រក​ណា​ទេ។ រឿង​នេះ​ដើម្បី​ជួយ​ពលរដ្ឋ​ទីផ្សារ​លក់​កសិផល​ជូន​ពួកគាត់​​ ប្រហែល​កសិករ​មាន​សង្ឃឹម​ខ្លះ​បើ​ដូច​សព្វ​ប្រជាពលរដ្ឋ​ដាំដំណាំ​ផ្សងព្រេង​មែនទែន»

ឈ្មួញកណ្ដាល​រូប​នេះ​បន្ថែម​ទៀត​ថា ​ស្ពៃក្ដោប​ដែល​លោក​ទិញ​ពី​កសិករ​ក្នុង​ខេត្ត​បាត់ដំបង​ប្រមាណ​២០​តោន​ក្នុង​មួយ​ថ្ងៃ​ ហើយ​ដឹក​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​តាម​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​ សៀមរាប ព្រះវិហារ និង​នៅ​ខេត្ត​រតនគិរី។ ទោះ​បី​ជា​យ៉ាង​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ថា ការ​នាំ​ចូល​បន្លែ​បរទេស មិនមែន​ជា​កត្តា​សំខាន់​តែ​ម្យ៉ាង​គត់​នៃ​ការ​ធ្លាក់​ថ្លៃ​បន្លែ​ខ្មែរ​នោះ​ទេ។

អនុប្រធាន​មន្ទីរ​កសិកម្ម​​រុក្ខា ប្រមាញ់​និង​នេសាទ​ខេត្ត​បាត់ដំបង​លោក អ៊ឹម សុវណ្ណមុនី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​តម្លៃ​បន្លែ​ចុះ​ថោក ជា​ពិសេស​ស្ពៃក្ដោប​​ដោយសារ ជា​រដូវ​នេះ ជា​រដូវ​ដែល​ប្រជាកសិករ​ប្រមូល​ផល ​ហើយ​ម្យ៉ាងទៀត​​កសិករ​និយម​ដំណាំ​ស្ពៃ​ក្ដោប​ច្រើន​ជាង​ដំណាំ​ដទៃ។​ លោក​បន្ថែម​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សូម​ឲ្យ​កសិករ​កុំ​ដាំ​បន្លែ​មុខ​ដូចៗ គ្នា​ច្រើន​ពេក ហើយ​ត្រូវ​ចេះ​រើស​បន្លែ​ណា​ដែល​មិន​សូវ​មាន​អ្នក​ដាំដុះ​ ទើប​ពេល​ប្រមូល​ផល​មិន​មាន​បញ្ហា​ដូច​សព្វ​ទៀត៖ «ដោយសារ​តែ​ពេល​វេលា​នេះ​អំណោយ​ផល​សម្រាប់​ការ​ដាំ​ដុះ​ ដូច​ជា​ឆ្នាំ​ទៅ​មួយ​បន្លែ​ច្រើន​ដូច​គ្នា​ ជា​ពិសេស​ត្រសក់​ហើយ​កន្លែង​ណា​ក៏​សល់​ដែរ​ ហើយ​រឿង​នេះ​យើង​ក៏​បាន​ទប់ស្កាត់​ដែរ ប៉ុន្តែ​ពួកគាត់​ថា​បើ​មិន​ឲ្យ​ដាំ​ទេ​បើ​គេ​ដាំ​ទៅ​ល្អ​នោះ។ទំនិញ​ដែល​ចូល​មក​វា​ផ្សេង​ពី​បន្លែ​ដែល​មាន​ក្នុង​ស្រុក​ ភាគ​ច្រើន​ខែ​ដែល​អត់​មាន​ស្ពៃក្ដោប​គេ​នាំ​ចូល​ស្ពៃក្ដោប​ជា​ពិសេស​ខែ​ប្រាំង​គេ​អាច​ចូល​មក​បាន​ ប៉ុន្តែ​សព្វ​អត់​ទេ​ស្ពៃក្ដោប​យើង​មាន»

លោក​បន្ថែម​ទៀត​ថា នៅ​ក្នុង​​ខេត្ត​បាត់ដំបង​ បន្លែ​ដែល​កំពុងតែ​ប្រមូល​ផល​ច្រើន​ជាង​គេ​ រួម​មាន​ ស្ពៃ​ក្ដោប​ ត្រសក់​ ផ្កា​ខាត់ណា​ និង​ម្ទេស​ហាវ៉ៃ​ ហើយ​ដំណាំ​ទាំង​នោះ មាន​​នៅ​ស្រុក​បវេល ឯកភ្នំ សំឡូត និង​ស្រុក​បាណន់​ជា​ដើម។

អគ្គលេខាធិការ​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន​ មាន​ប្រសាសន៍​ថា កសិករ​ខាត​ធន់​ដោយសារ​បន្លែ​ចុះ​ថោក​បណ្ដាល​មក​ពី​ស្ថាប័ន​រដ្ឋ​ខ្វះ​ការ​មើល​ថែ​ដល់​ប្រជា​កសិករ ដូច​ជា​ការ​បណ្ដោយ​កសិករ​ដាំដុះ ដោយ​ប្រើ​ធនធាន​ផ្ទាល់​ខ្លួន​ ប្រើ​បច្ចេកទេស​ដោយខ្លួន​ឯង ហើយ​ដាំដុះ​អាស្រ័យ​ទៅ​លើ​ធម្មជាតិ​ ដែល​ខុស​ពី​ប្រទេស​ជិត​ខាង​ដូច​ប្រទេស​វៀតណាម​ជា​ដើម រដ្ឋ​របស់​គេ​ផ្ដល់​ទុន​ជួយ​ដល់​កសិករ និង​ជួយ​ផ្នែក​បច្ចេកទេស ហើយ​ជួយ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​ជូន​ប្រជា​ពលរដ្ឋ​របស់​គេ​នៅ​លើ​ពិភព​លោក​ទៀត​ផង៖ «ដោយសារ​តែ​ខ្វះ​ប្រព័ន្ធ​ជួយ​ដល់​កសិករ​នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ការ​ចំណាយ​ឬ​ប៉ះពាល់​វិស័យ​កសិកម្ម​ចុះថោក​ ព្រោះ​កម្ពុជា​ដាំ​និមួយៗ​ដាំ​ទៅ​តាម​រដូវ​កាល​ទៅ​តាម​ធម្មជាតិ​យើង​មិន​ទាន់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​កសិករ​។បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ការ​ផលិត​របស់​កសិករ​ដែរ​ទី២​គាត់​អាច​ជំពាក់​ហើយ​គាត់​លក់​មិន​ចំណេញ​គាត់​ខាត់​បង់​ត្រូវ​ជំពាក់​គេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​ពន្យល់​ថា​ ដើម្បី​ដោះស្រាយបញ្ហា​នេះ​ លុះ​ត្រា​អាជ្ញាធរ​របប​លោក​ហ៊ុន សែន ពិនិត្យ​មើល​កាំកុងត្រូល​ប្រចាំ​នៅ​ច្រក​ព្រំដែន​ឲ្យ​រឹត​បន្តឹង នៃ​ការ​នាំ​ចូល​បន្លែ​មក​កម្ពុជា ឬ​ឲ្យ​ផ្អាក​ការ​នាំ​បន្លែ​ដែល​កសិករ​ក្នុង​ស្រុក​​អាច​ដាំដុះ​បាន​ដោយ​ខ្លួន​ឯង។ ទី២ រដ្ឋ​ត្រូវ​មាន​ទុន​សម្រាប់​ឲ្យ​​កសិករ​ខ្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​នៅ​ពេល​ពួកគាត់​ខាត​ទុន និង​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ជួយ​ដល់​កសិករ​ដើម្បី​ឲ្យ​ពួកគាត់​អាច​ដាំដុះ​បាន​គ្រប់​រដូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល