ក្រុមហ៊ុន​យីហោ​ល្បីៗ​ ដាស់តឿន​របប​ភ្នំពេញ​ឱ្យ​គោរព​សិទ្ធិ​ការងារ​បើ​ចង់​រក្សា​ទំនុក​ចិត្ត​របស់​ពួកគេ

ដោយ ជាតិ ចំណាន
2018-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​និង​សហជីព​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ នៅ​ថ្ងៃ​ទី​១២ តុលា ២០១៤។
ក្រុម​កម្មករ​និង​សហជីព​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ នៅ​ថ្ងៃ​ទី​១២ តុលា ២០១៤។
RFA

ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​ដែល​ជា​អ្នកបញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិ​ការងារ​នៅ​កម្ពុជា។ តំណាង​អ្នកបញ្ជា​ទិញ​ទាំងនោះ បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ កាលពី​សប្ដាហ៍​មុន ដើម្បី​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​សិទ្ធិ​កម្មករ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៃ​វិស័យ​កាត់ដេរ។ សហជីព​ឯករាជ្យ​គាំទ្រ​ការ​លើកឡើង​របស់​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ និង​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ពិចារណា​លើ​ការ​ស្នើ​ទាំងឡាយ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ដើម្បី​បញ្ចៀស​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​ឡើង ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ អំពាវនាវ​ឱ្យ​របប​លោក​ក្រុងភ្នំពេញ ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​សហជីព។ បទ​ចោទ​ប្រកាន់​ដែល​តំណាង​អ្នកបញ្ជា​ទិញ​ទាមទារ​ឱ្យ​របប​នេះ​ទម្លាក់​ចោល​នេះ គឺជា​ប្រភេទ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​បាន​ផ្អឹប​ទុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ។ ពួកគេ​ក៏បាន​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព និង​បទបញ្ញត្តិ​ទាំងឡាយ​ណា​ដែល​រារាំង​កម្មករ​មិន​ឱ្យ​បង្កើត និង​ចូលរួម​ជាមួយ​សហជីព​ដោយ​សេរី​នោះ​ផង​ដែរ។

សមាគម​សមភាព​ការងារ (Fair Labor Association) និង​សមាគម​វាយនភណ្ឌ​អាមេរិក (American Apparel Footwear Association) គឺជា​អ្នកដឹកនាំ​តំណាង​ក្រុមហ៊ុន​យីហោ​ល្បីៗ ដូចជា អេឌីដាស (Addidas) ណៃ (Nike) ភូម៉ា (Puma) អាន់ឌើ អេមួ ( Under Amour) និង វីអេហ្វ (VF) ជាដើម បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី១៩ តុលា កន្លង​ទៅ។

សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​របស់ សមាគម​សមភាព​ការងារ (Fair Labor Association) និង​សមាគម​វាយនភណ្ឌ​អាមេរិក (American Apparel Footwear Association) កាលពី​ថ្ងៃ​ទី​២៣ តុលា ឱ្យ​ដឹង​ថា គណៈប្រតិភូ​នេះ​បាន​សង្កត់ធ្ងន់​អំពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងនាម​ជា​អ្នក​ផលិត​សម្ភារៈ​ធ្វើដំណើរ សំលៀកបំពាក់ និង​ស្បែកជើង ដ៏​លេចធ្លោ​មួយ​នៅ​ក្នុង​ពិភពលោក។ ក៏ប៉ុន្តែ ប្រតិភូ​នេះ​ដាស់តឿន​របប​ក្រុងភ្នំពេញ​ថា ចាំបាច់​ត្រូវតែ​អនុវត្ត​សិទ្ធិ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ទើប​ចំណែក​ទីផ្សារ​កម្ពុជា​អាច​រីកចម្រើន​ឡើង និង​មាន​និរន្ត​ភាព។ ពួកគេ​បន្ថែម​ទៀត​ថា ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន ប្រសិនបើ​កម្ពុជា​ពិតជា​ជា​ចង់​រក្សា និង​លើក​កម្ពស់​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ​ដែល​កំពុង​បណ្ដាក់ទុន​នៅ​ស្រុក​ខ្មែរ​មែន​នោះ។

ប្រធាន និង​ជានា​យក​ប្រតិបត្តិ​សមាគម​វាយនភណ្ឌ​អាមេរិក (American Apparel Footwear Association) លោក រីក ហេលហ្វេនបេន (Rick Helfenbein) ថ្លែង​ថា កម្ពុជា​គឺជា​ដៃគូ​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ពួក​លោក​ក៏បាន​មើល​ឃើញ​ពី​ការ​រីកចម្រើន​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​សម្ភារៈ​ធ្វើដំណើរ​នេះ​ផង​ដែរ។ ក៏ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ពួក​លោក​មានការ​បារ​ម្ភ​យ៉ាង​ខ្លាំង​អំពី​គោលនយោបាយ និង​សកម្មភាព​មួយ​ចំនួន​របស់​របប​ក្រុងភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ដូចនេះ​លោក​រំពឹង​ថា របប​លោក ហ៊ុន សែន នឹង​យក​សំណើ​របស់​ក្រុមហ៊ុន​យីហោ​ល្បីៗ​នេះ​ទៅ​ពិចារណា​ដើម្បី​កែទម្រង់​ភាព​អវិជ្ជមាន​ទាំងឡាយ​នោះ។ លោក​សង្កត់ធ្ងន់​ថា ទំនាក់ទំនង​រក​ស៊ី​របស់​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​ទៅ​ថ្ងៃមុខ គឺ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សិទ្ធិ​ការងារ​ដែល​ពួក​លោក​លើកឡើង​នៅ​ពេល​នេះ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ សមាគម​សមភាព​ការងារ (Fair Labor Association) លោក មីឈែល ផុសនើ (Michael Posner) វិញ បាន​សង្កត់ធ្ងន់​ថា បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ លោក​ថ្លែង​ថា ពួក​លោក​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រួម​តូច​នៃ​លំហ​ការងារ​ដោយ​សេរី​របស់​អ្នកការពារ​សិទ្ធិ​កម្មករ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ការគាបសង្កត់​លើ​ក្រុម​សង្គម​ស៊ីវិល។ លោក​អះអាង​ថា សមាគម​សមភាព​ការងារ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​សហការ​ជាមួយ​របប​ក្រុងភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធានា​សិទ្ធិ​កម្មករ​ត្រូវ​បាន​គោរព ហើយ​ក្រុមហ៊ុន​ទាំងឡាយ​អាច​ធ្វើ​ជំនួញ​បាន​ដោយ​ទុកចិត្ត​នៅ​កម្ពុជា។

ថ្នាក់ដឹកនាំ​សហជីព​សំខាន់ៗ​មួយ​ចំនួន​ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​រួមមាន ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ លោក អាត់ ធន់ ប្រធាន​សម្ពន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ជាដើម ហើយ​ក្រៅ​ពី​នេះ ថ្នាក់ដឹកនាំ​សហជីព​មូលដ្ឋាន​ជាច្រើន​រូប​ផ្សេងទៀត​ក៏​មាន​ជាប់​បណ្ដឹង​នៅ​តុលាការ​ផង​ដែរ។ លោក អាត់ ធន់ អះអាង​ថា ភាគ​ច្រើន​បំផុត​នៃ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ថ្នាក់ដឹកនាំ​សហជីព​នេះ គឺ​ដោយសារ​ពួកគេ​ចេញមុខ​តវ៉ា ធ្វើ​កូដកម្ម ឬក៏​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ មិនមែន​ដោយសារ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ឡើយ។ លោក​បន្ថែម​ទៀត​ថា ភាគច្រើន​នៃ​បណ្ដឹង​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​សហជីព គឺជា​បទល្មើស​ញុះញង់។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ និង​កញ្ញា សឹង សុផារី ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃទី២៦ តុលា ដោយ​ពួកគេ​សុទ្ធតែ​មិន​លើក​ទូរស័ព្ទ។ ចំណែក​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា។

ការ​ក្រើន​រំលឹក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំងនេះ ធ្វើឡើង​ក្រោយពេល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​ឱសានវាទ​នៃ​ទណ្ឌកម្ម​នេះ​មាន​ត្រឹមតែ ១២ ខែ​ប៉ុណ្ណោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន គាំទ្រ​ចំពោះ​ការ​លើកឡើង និង​ការ​ស្នើ​របស់​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំងនេះ​។ លោក​ថ្លែង​ថា របប​ក្រុងភ្នំពេញ​ធ្លាប់​បាន​សន្យា​ថា នឹង​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​សហជីព ក៏ប៉ុន្តែ​ជាច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ របប​នេះ​មិនបាន​ទម្លាក់​ចោល​បទ​ចោទ​ទាំងនោះ​នៅឡើយ។ ចំណែក​ច្បាប់​សហជីព​វិញ លោក​អះអាង​ថា មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​សហ​ជីព ហើយ​បើ​ច្បាប់​នេះ​នៅតែ​បន្ត​អនុវត្ត​មែន លោក​យល់ថា សហជីព​ឯករាជ្យ​នឹង​បាត់ឈ្មោះ​ពី​បញ្ជី​សហជីព​ជាក់​ជា​មិន​ខាន។ លោក​បន្ថែម​ថា របប​ដឹកនាំ​បច្ចុប្បន្ន​ត្រូវ​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការ​លើកឡើង​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ បើ​ពុំ​ដូច្នេះ​ទេ​កម្ពុជា​អាច​នឹង​បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន បន្ថែម​ពីលើ​ហានិភ័យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប៖ «ក្រុមហ៊ុន​ល្បីៗ​ចេញ​មកពី​អឺរ៉ុប និង​សហរដ្ឋអាមេរិក អ៊ីចឹង​ក្រុមហ៊ុន​នីមួយៗ​គេ​សហការ​ជាមួយ​រដ្ឋាភិបាល​របស់​គេ ហើយ​ប្រសិនបើ​គេ​បញ្ជា​ទិញ គេ​ភ្ជាប់​លក្ខខណ្ឌ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ គោរព​សិទ្ធិ​សហជីព គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប្រសិនបើ​រដ្ឋាភិបាល​គេ​ប្រតិកម្ម ថៅកែ ឬ​អ្នកបញ្ជា​ទិញ​ក៏​គេ​មើល​ទៅតាម​ហ្នឹង​ដែរ។ ប្រសិនបើ​កម្ពុជា​យើង​ពុំ​មាន​ការ​គោរព​សិទ្ធិមនុស្ស ពុំ​មាន​លទ្ធិ​ប្រជាធិបតេយ្យ នោះ​គេ​នឹង​ពិចារណា​ហើយ ដូច្នេះ​បានជា​សហភាព​សហជីព​កម្ពុជា​តែងតែ​ក្រើន​រំឭក​ម្តង​ហើយ​ម្តងទៀត​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឱ្យ​ពិនិត្យ​ពិចារណា​ឡើងវិញ​រាល់​ការ​ស្នើ​ឡើង​របស់​សហគមន៍​អឺរ៉ុប»

ស្រដៀង​គ្នា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក៏​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​នេះ​ដែរ។ លោក​ថ្លែង​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ថ្នាក់ដឹកនាំ​សហជីព និង​កែទម្រង់​វិស័យ​ការងារ​ឱ្យ​ស្របតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះ គឺជា​ការ​ទាមទារ​របស់​សហជីព​ឯករាជ្យ​ជា​យូរ​មក​ហើយ ហើយ​ដែល​របប​ដឹកនាំ​បច្ចុប្បន្ន​គួរតែ​ដោះស្រាយ​បញ្ចប់ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ៖ «ចំពោះ​បេសកកម្ម​នេះ យើង​គាំទ្រ​ដើម្បី​ឱ្យ​កែប្រែ​លក្ខខណ្ឌ​ការងារ និង​ដោះស្រាយ​បណ្ដឹង​ទាំងឡាយ​ដែល​ប្ដឹង​ថ្នាក់ដឹកនាំ​សហជីព​បែប​នយោបាយ​ហ្នឹង ហើយ​ដូចជា​រឿងលើក​កម្ពស់​សិទ្ធិ​កម្ម​ករ​។ ប្រសិនបើ​អ្នកបញ្ជា​ទិញ​ធំៗ​បាន​ស្នើ​ហើយ ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញាណ​មួយ​ដែល​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ពិចារណា​ដែរ។ បើ​គេ​ស្នើ ឬ​លើកឡើង​ហើយ យើង​មិន​យកចិត្តទុកដាក់ អាហ្នឹង​វា​អាច​ប្រឈម​ដែរ។ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ ពាក់ព័ន្ធ​នឹង​បណ្ដឹង ពាក់ព័ន្ធ​ច្បាប់​សហជីព គួរតែ​កែប្រែ​ឱ្យ​ស្រប​ទៅតាម​បទដ្ឋាន​អន្តរជាតិ ឬក៏​រដ្ឋធម្មនុញ្ញ​នៅ​ស្រុក​យើង​ទៅ ឬ​យ៉ាងហោចណាស់​ក៏បាន​ស្មើ​ច្បាប់​ការងារ​កន្លងមក​ដែរ​។ កុំ​ឱ្យ​ថា​វា​លំបាក​ពេក»។

វិស័យ​កាត់ដេរ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​លើស​ពី ៧០​ម៉ឺន​នាក់ ដែល​កម្មករ​ភាគច្រើន​ជា​ស្ត្រី។ កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ បាន​ផ្ដល់​ប្រាក់ចំណូល​លើស​ពី ៥​ពាន់​លាន​ដុល្លារ ដែល​ជា​ប្រាក់ចំណូល​ធំ​ជាងគេ​បាន​មក​ពី​ការ​នាំចេញ​ផលិតផល​គ្រប់​ប្រភេទ។ ផលិតផល​នៃ​វិស័យ​កាត់ដេរ​របស់​កម្ពុជា​នេះ ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ការនាំចេញ​ផលិតផល​នេះ​ទៅ​ទីផ្សារ​អឺរ៉ុប ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​“​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ធ្វើ​ឱ្យ​កម្ពុជា​រួច​កាតព្វកិច្ច​ពន្ធ​ជិត ៧​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទោះជា​យ៉ាងណា ការ​រីកចម្រើន​នៃ​វិស័យ​ដ៏​សំខាន់​មួយ​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ គឺ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល