ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា​រដ្ឋ​ជំពាក់​បំណុល​បរទេស​៥,៦​ពាន់​លាន​ដុល្លារ

ដោយ សាន សែល
2016.12.22
វង្សី វិស្សុត ២០១៦ ៨៥៥ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត (កណ្ដាល) ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ព្យាករ​ពី​សេដ្ឋកិច្ច​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥ ជំពាក់​បំណុល​បរទេស​ចំនួន ៥,៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ រយៈពេល​ដូច​គ្នា​នេះ វិស័យ​ឯកជន​បាន​ខ្ចី​ប្រាក់​ពី​បរទេស​ចំនួន​ជិត ៤​ពាន់​លាន​ដុល្លារ។ ជា​សរុប ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ។

​ក្រសួង​សេដ្ឋកិច្ច បកស្រាយ​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ថា រដ្ឋាភិបាល​កំពុង​គ្រប់គ្រង​បំណុល​សាធារណៈ​ដែល​រដ្ឋ​ត្រូវ​សង​ដោយ​មាន​ការ​ប្រយ័ត្នប្រយែង។ ក្រសួង​អះអាង​ថា រដ្ឋាភិបាល​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន ហើយ​មាន​កម្រិត​សម្បទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ដោយ​ខ្ចី​សម្រាប់​វិស័យ​អាទិភាព​ទ្រទ្រង់​ចិរភាព​នៃ​កំណើន និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម។ ក្រសួង​បន្ត​ធានា​អះអាង​ថា រដ្ឋាភិបាល​ប្រើប្រាស់​បំណុល​បរទេស​ជាង ៥​ពាន់​លាន​ដុល្លារ​នេះ ដោយ​តម្លាភាព​គណនេយ្យភាព និង​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

បំណុល​បរទេស ឬ​ក្រៅ​ប្រទេស​នៅ​កម្ពុជា មាន​ពីរ​ប្រភេទ គឺ​បំណុល​សាធារណៈ ឬ​បំណុល​រដ្ឋ គឺ​រដ្ឋាភិបាល​មាន​ភារកិច្ច​ជា​អ្នក​សង​ត្រឡប់ ហើយ​បំណុល​ឯកជន គឺ​ក្រុមហ៊ុន ឬ​វិនិយោគ ត្រូវ​សង​ត្រឡប់​វិញ។

​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា បំណុល​ក្រៅ​ប្រទេស​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​អាច​កើន​ឡើង​ដល់​ជាង ៦,៤​ពាន់​លាន​ដុល្លារ​អាមេរិក។

បំណុល​ចិន តំណាង​ឲ្យ​ប្រមាណ ៤៥​ភាគរយ នៃ​បំណុល​បរទេស​សរុប​​កម្ពុជា ជំពាក់ ដែល​រដ្ឋាភិបាល​អះអាង​ថា ប្រាក់​កម្ចី​នេះ ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ប្រាក់​កម្ចី​របស់​ចិន មាន​អត្រា​ការ​ប្រាក់​ទាប និង​មិន​មាន​លក្ខខណ្ឌ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ពេល​កន្លង​ទៅ បញ្ជាក់​ថា គម្រោង​ធំៗ​នៅ​កម្ពុជា ដូចជា​ផ្លូវថ្នល់​ធំៗ និង​អគ្គិសនី​មួយ​ភាគ​ធំ គឺ​បាន​ពី​កម្ចី​ចិន។ លោក វិស្សុត បន្ត​ថា បើសិនជា​គ្មាន​កម្ចី​ពី​ចិន នោះ​ទេ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ទាំង​អស់​នេះ​ក៏​មិន​ចេញ​ជា​រូបរាង​ដែរ។

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ សង្កេត​ឃើញ​ថា កម្ពុជា​ពឹង​ផ្អែក​លើ​ប្រាក់​កម្ចី​ពី​បរទេស​ដែល​បាន​ផ្ដល់​ក្នុង​រូបភាព​ជា​ឥណទាន​សម្បទាន ឬក៏​ជំនួយ​ឥត​សំណង។

បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា កំពុង​បន្ត​កើន​ឡើង​ទ្វេដង ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ ដោយ​កើន​ឡើង​ពី ២,៤​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០០៦។

អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្វះខាត​នូវ​គម្រោង​ច្បាស់លាស់​ក្នុង​ការ​ចំណាយ​ទៅ​លើ​ថវិកា​ដែល​ខ្ចី​ពី​បរទេស​នោះ។ ពួកគេ​ស្នើ​រដ្ឋាភិបាល​ធានា​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ​បម្រើ​ដល់​ប្រយោជន៍​របស់​សាធារណជន​ប្រកប​ដោយ​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។