កម្ពុជា​បើក​ការដ្ឋាន​សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​អាច​ផលិត​ប្រេង​៥​លាន​តោន​ក្នុង​១​ឆ្នាំ

ដោយ ដែន អយុធ្យា
2017.05.04
Share on WhatsApp
Share on WhatsApp
ស៊ុយ សែម ៨៥៥ ២០១៧ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ថា កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដ៏​ធំ​ដំបូង​គេ​បង្អស់​ដែល​មាន​សមត្ថភាព​ផលិត​ប្រេងកាត​បាន ៥​លាន​តោន​ក្នុង​១​ឆ្នាំៗ ដោយ​នាំ​ចូល​ប្រេង​ឆៅ​ពី​ក្រៅ​ប្រទេស និង​ប្រេង​ឆៅ​ក្នុង​ស្រុក នៅ​ពេល​កម្ពុជា បូម​ប្រេង​បាន​ដោយ​ខ្លួន​ឯង។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​មាន​ទីតាំង​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​ឧសភា ថា រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ប្រេង​បាន ៥​លាន​តោន​ក្នុង​១​ឆ្នាំ ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២។

ឆ្លៀត​ឱកាស​នោះ លោក​បាន​ពោល​សរសើរ​គោលនយោបាយ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​នេះ ដោយ​បញ្ជាក់​ថា ក្រសួង​រ៉ែ និង​ថាមពល បាន​បង្កើត​សមិទ្ធផល​ថ្មីៗ​ជា​ច្រើន​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​សង្គម។ លោក​ថា ក្រសួង​នេះ​នឹង​ជំរុញ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​សក្ដានុពល​វិស័យ​ឧស្សាហកម្ម រួម​មាន ការ​ធ្វើ​អាជីវកម្ម ផលិតកម្ម​រ៉ែ ប្រេងកាត និង​ឧស្ម័ន ការ​ផ្ដុំ​កម្លាំង​គ្នា​រវាង​វិស័យ​ថាមពល រ៉ែ ប្រេងកាត និង​ឧស្ម័ន ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ជនបទ ការ​ជំរុញ​កម្មវិធី​ប្រភព​ថាមពល និង​ការ​ពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​មាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស។

លោក ស៊ុយ សែម បន្ថែម​ថា ប្រេង និង​ឧស្ម័ន​ឥន្ធនៈ មិន​ត្រឹមតែ​ជា​ផលិតផល​ប្រេងកាត​មួយ​ដែល​មនុស្ស​ត្រូវ​ការ​ប្រើប្រាស់ ឬ​បម្រើ​ឲ្យ​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ទេ ប៉ុន្តែ​ក៏​ជា​ផលិតផល​មួយ​ចាំបាច់​សម្រាប់​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ថែម​ទៀត។ លោក​បន្ត​ថា ការ​អភិវឌ្ឍ​វិស័យ​ប្រេង​កាត​នេះ រាជ​រដ្ឋាភិបាល​បាន​បើក​ចំហ​ទីផ្សារ​ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​វិនិយោគ​ឯកជន​ទាំង​ក្រៅ​ស្រុក និង​ក្នុង​ស្រុក ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា ឲ្យ​ចូលរួម​វិនិយោគ និង​ធ្វើ​អាជីវកម្ម ទាំង​ក្នុង​ការ​ផលិត ការ​ចម្រាញ់ ការ​នាំ​ចូល-​នាំ​ចេញ ការ​ស្តុក ការ​ដឹក​ជញ្ជូន និង​ការ​លក់​ការ​ចែកចាយ​ជាដើម ដើម្បី​ធានា​ឲ្យ​ការ​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ដល់​អ្នក​ប្រើប្រាស់ និង​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀត​ឲ្យ​មាន​ស្ថិរភាព។

​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា នាំ​ចូល​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ពី​ក្រៅ​ប្រទេស ១០០​ភាគរយ តាម​រយៈ​ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន ១៤​ក្រុមហ៊ុន ដើម្បី​លក់​ចែកចាយ​នៅ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នេះ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ស្រុក​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ដើម្បី​ធានា​សន្តិសុខ​ថាមពល និង​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​គ្រប់​ប្រភេទ​ពី​ក្រៅ​ប្រទេស។

លោក ស៊ុយ សែម មាន​ជំនឿ​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នេះ ក៏​នឹង​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​ជា​ច្រើន មាន​ដូចជា ការ​បង្កើត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​ការងារ​ធ្វើ​កាន់​តែ​ច្រើន។ បង្កើត​នូវ​វត្ថុធាតុ​ដើម​ផ្សេងៗ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​គីមី​ប្រេងកាត (Petrochemical Industry) ដែល​ឈាន​ដល់​ទទួល​បាន​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ជាដើម។

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល (Cambodian Petrochemical Co., Ltd.) លោក​ឧកញ៉ា ហាន់ ឃៀង ដែល​បាន​ទទួល​កិច្ច​ព្រមព្រៀង​អាជ្ញាប័ណ្ណ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​នា​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នេះ​បាន​ជ្រើស​យក​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ចម្រាញ់​ប្រេងកាត​មាន​ស្តង់ដារ​អន្តរជាតិ នៅ​ប្រទេស​ចិន មក​ធ្វើ​ជា​ដៃគូ​វិនិយោគ។

លោក ហាន់ ឃៀង បន្ថែម​ថា ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នេះ ចែក​ជា​ពីរ​ដំណាក់កាល និង​ប្រើប្រាស់​ប្រព័ន្ធ​ខ្សែ​សង្វាក់​ផលិតកម្ម​ថ្មី​ទំនើប​បំផុត ដោយ​ត្រូវ​ចំណាយ​ដើម​ទុន​សរុប ១.៦២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​ថា គម្រោង​សាងសង់​ដំណាក់កាល​ទី​១ គ្រោង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ ដោយ​សមត្ថភាព​ផលិត​ប្រេង​បាន ២​លាន​តោន​ក្នុង​១​ឆ្នាំ និង​ដំណាក់​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០២២ មាន​សមត្ថភាព​ផលិត ៣​លាន​តោន​ក្នុង​១​ឆ្នាំ។

លោក ហាន់ ឃៀង ឲ្យ​ដឹង​ថា តាម​គម្រោង ក្រុមហ៊ុន​នេះ​នឹង​នាំចូល​ប្រេង​ឆៅ​ពី​បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​មក​ចម្រាញ់ ហើយ​នឹង​ប្រើប្រាស់​ប្រេង​ឆៅ​ក្នុង​ស្រុក​ដើម្បី​ចម្រាញ់ នៅ​ពេល​កម្ពុជា បូម​ប្រេង​បាន​ដោយ​ខ្លួន​ឯង។ លោក​ថា ផលិតផល​ប្រេងកាត​ដែល​ទទួល​បាន​នឹង​ចែកចាយ​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក ហាន់ ឃៀង បញ្ជាក់​ថា ផលិតផល​ដែល​ក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល និង​ក្រុមហ៊ុន​ដៃគូ​មក​ពី​ប្រទេស​ចិន នឹង​ផលិត​បាន​នៅ​ពេល​ខាង​មុខ​មាន ៣​ប្រភេទ គឺ​ប្រេងសាំង​ធម្មតា មាន​គុណភាព​ស្តង់ដារ។ ប្រភេទ​ប្រេង​ម៉ាស៊ូត និង​ហ្គាស៖ «បច្ចុប្បន្ន​នេះ កម្ពុជា​យើង​បាន​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់​អាស៊ាន​រួច​ហើយ ហើយ​ពេល​នោះ យើង​អាច​លក់​ប្រេង​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ដោយ​មិន​បាច់​បង់​ពន្ធ​ដែរ ជា​ពិសេស​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​យើង​គឺ​បាន​ប្រើប្រាស់​បច្ចេកទេស​ថ្មី ឬ​ហៅ​ថា ស្តង់ដារ យូរ៉ូ-ហ្វាយ (EURO-5) ហើយ​ស្តង់ដារ​ផលិត​នេះ នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​មិន​ទាន់​មាន​ទេ ដោយ​នៅ​ប្រទេស​សិង្ហបុរី គឺ​មាន​ត្រឹម​យូរ៉ូ-ហ្វរ (EURO-4) តែប៉ុណ្ណោះ​ដល់​ពេល​នោះ យើង​ផលិត​តាម​ស្តង់ដារ​យូរ៉ូ-​ហ្វាយ តែម្តង»

ចំណែក​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​មោទនភាព​ដែល​មូលដ្ឋាន​នេះ ត្រូវ​ក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ជ្រើស​យក​សម្រាប់​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ លោក​មាន​ជំនឿ​ថា ក្រុមហ៊ុន​នេះ​នឹង​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ទទួល​បាន​ការងារ​ធ្វើ​កាន់​តែ​ច្រើន និង​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​មាន​ការ​រីកចម្រើន​នៅ​ថ្ងៃ​ខាង​មុខ។

​លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត ឲ្យ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន ដើម្បី​រួម​គ្នា​ជំរុញ​ឲ្យ​ដំណើរការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ឲ្យ​ទទួល​បាន​លទ្ធផល ស្របតាម​កិច្ច​ព្រមព្រៀង​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល