កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​គណៈកម្មាធិការ​អន្តរជាតិ​ទន្លេ​មេគង្គ​នៅ​ខេត្ត​សៀមរាប

ដោយ មាន ឫទ្ធិ
2018-03-12
Share
ឡានឆាង Langcang ២០១៨ ៦២២ មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។
Photo of SPM Page

កម្ពុជា​នឹង​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល នៃ​គណៈកម្មាធិការ​អន្តរជាតិ​ទន្លេ​មេគង្គ​ហៅ​កាត់​ថា (MRC) ក្រោម​មូលបទ «ទន្លេ​មួយ ស្មារតី​មួយ» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី៥ ខែ​មេសា ខាងមុខនេះ នៅ​ខេត្ត​សៀមរាប។ កិច្ចប្រជុំ​កំពូល​នេះ នឹង​មាន​ការចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សមាជិក​គណៈកម្មាធិការ​អន្តរជាតិ​ទន្លេ​មេគង្គ ចំនួន​បួន​ប្រទេស​នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ មីនា ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ក្រោម​ប្រធានបទ «ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្ត​ភាព​ទេសចរណ៍» ថា នៅ​កិច្ចប្រជុំ​កំពូល​នេះ ក្រៅពី​មានការ​ចូលរួម​របស់​នាយករដ្ឋមន្ត្រី​ថៃ ឡាវ និង​វៀតណាម ក៏​នឹង​មាន​ដៃគូ​សន្ទនា​ចូលរួម​ពី​សំណាក់​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា (ឬភូមា) ផង​ដែរ។

កន្លងមក​មាន​យន្តការ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍន៍ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​តាម​បណ្ដា​ប្រទេស​ជាប់​តំបន់​ទន្លេមេគង្គ ដែល​យន្តការ​ទាំងនោះ​រួមមាន យន្តការ​កិច្ច​សហប្រតិបត្តិ​មេគង្គ​-​ឡាន​ឆាង​ជាមួយ​ប្រទេស​ចិន ដែល​កម្ពុជា​ទើបបាន​ធ្វើ​ម្ចាស់ផ្ទះ​កាលពីដើម​ខែ​មករា​កន្លងទៅ យន្តការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន យន្តការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា​ជាមួយ​ប្រទេស​ឥណ្ឌា យន្តការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-កូរ៉េខាងត្បូង ក្រោម​កម្រិត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស និង​យន្តការ​កិច្ច​សហប្រតិបត្តិការ​សហ​រដ្ឋ​អាមេរិក​-មេគង្គ​ក្រោម។

យន្តការ​គណៈកម្មាធិការ​អន្តរជាតិ​ទន្លេ​មេគង្គ MRC ត្រូវ​ទទួលរង​ការ​រិះគន់​ថា មាន​ភាព​អសកម្ម និង​ពុំ​មាន​សមត្ថភាព​ដោះស្រាយ​ជម្លោះ​របស់​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ដោយសារតែ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ឥទ្ធិពល​របស់​មហាអំណាច​ចិន នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក។

កន្លងមក ចិន​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​ខ្នាត​ធំ​ចំនួន​៧ ហើយ​គ្រោង​នឹង​សង់​វារីអគ្គិសនី​ជាង ២០ ទៀត នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​នេះ។ ប្រទេស​ចិន ក៏​គ្រោង​នឹង​ស្នើ​ឲ្យ​មានការ​ស្តា​ផ្ទៃ​អាង​ទន្លេ​មេគង្គ​កាត់​តាម​ប្រទេស​ទាំង​៦ នៃ​តំបន់​ទន្លេ​មេគង្គ​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​នាវា​ដឹកជញ្ជូន​ទំនិញ អាច​ធ្វើ​ដំណើរ​បាន​កាត់​តាម​ទន្លេ​នេះ​នា​ពេល​អនាគត។ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ក្រោយពី​ការ​ផ្តួចផ្តើម​ឲ្យ​មាន​យន្តការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ប្រទេស​ចិន បាន​ផ្តល់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​គម្រោង​ជាច្រើន អនុវត្ត​ក្រោម​យន្តការ​របស់​ចិន​នេះ។

ទន្លេ​មេគង្គ គឺជា​បេះដូង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក ដែល​មាន​ប្រជាជន​សរុប​ជាង ៦០​លាន​នាក់ ពឹង​ផ្អែកលើ​ទន្លេ​នេះ និង​ដៃទន្លេ​នេះ ជា​ប្រភព​ស្បៀង ទឹក ការ​ដឹកជញ្ជូន និង​ជីវភាព​ប្រចាំថ្ងៃ​ដទៃ​ទៀត។ ទន្លេ​មេគង្គ គឺជា​ទន្លេ​ដែល​វែង​ជាងគេ​ទី​១២ នៅ​លើ​ពិភពលោក មាន​ប្រវែង​ប្រមាណ​ជិត ៥​ពាន់​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល