កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​កំណត់​ព្រំដែន និង​បន្ត​នាំ​ចូល​អគ្គិសនីជាមួយ​រដ្ឋាភិបាល​​ឡាវ

ដោយ សុជីវី
2024.03.25
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​កំណត់​ព្រំដែន និង​បន្ត​នាំ​ចូល​អគ្គិសនីជាមួយ​រដ្ឋាភិបាល​​ឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​​លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ក្នុង​ពិធីចុះអនុស្សរណៈយោគយល់គ្នា នៅប្រទេសឡាវ ​ថ្ងៃ​ទី២៥ ខែមិនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈ​ពេល​ពីរ​ថ្ងៃ​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃ​ទី២៥ ខែមីនា ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក (Sonexay Siphandone) និង​ក្រុមហ៊ុន​ប្រទេស​ឡាវ លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​ឡាវ និង​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​បន្ថែម។

កិច្ចព្រមព្រៀង​ចំនួន៧ រួម​មាន ទី១ ការ​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋរវាង​កម្ពុជា និង​ឡាវ ទី២  កំណត់​ហេតុ​ស្ដីពី​ការ​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ទី៣ កិច្ច​សហប្រតិបត្តិការ​វិស័យ​ថាមពល​ថ្មី ទី៤ ការ​ទិញ​ថាមពល​បៃតង (XEKHAMAN II Hydro and Wind Power Hybrid Projects)

ចំណែក​ទី៥ ការ​ទិញ​ថាមពល​គម្រោង (Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects) ទី៦ ការ​ទិញ​ថាមពល​បៃតង​ពី​គម្រោង (Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects) និង​ទី៧ អំពី​ការ​ទិញ​ថាមពល​បៃតង​ពី​គម្រោង Xekong Pump Storage Power Project ជាដើម។

បើ​តាម​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី២១ ខែមីនា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ឡាវ​នេះ នឹង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី ក្នុង​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី និង ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែមីនា។

អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក៏​បាន​កិច្ច​ព្រមព្រៀង​ប្រទេស​ឡាវ​ចំនួន ៣.១០០មេហ្គាវ៉ាត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អគ្គិសនី​ក្នុង​ស្រុក ដែល​ចេះ​តែ​រីក​ធំ​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។