កម្ពុជា​គ្រោង​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន​យ៉ាងហោច១​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ

ដោយ មាន ឫទ្ធិ
2018-01-15
Share
អ៊ិត សំហេង ប៉ែន បញ្ញា ៨៥៥ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង (ឆ្វេង) និង​ប្រធាន​គណៈកម្មការ​ទី​៦​រដ្ឋ​សភា ទទួល​បន្ទុក​ផ្នែក​ច្បាប់ លោក ប៉ែន បញ្ញា ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

កម្ពុជា​គ្រោង​នឹង​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ខេត្ត​អិហ៊ិមិ របស់​ជប៉ុន ឲ្យ​បាន​យ៉ាងហោចណាស់​ចំនួន ១ ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ។ ផែនការ​នេះ ត្រូវ​បាន​ភាគី​ទាំងពីរ​ប្រកាស​ឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៥ មករា នៅ​ក្រុងភ្នំពេញ រវាង​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាគម​សហជីព​កម្មសិក្សាការី​បរទេស​ខេត្ត​អិហ៊ិមិ នៃ​ប្រទេស​ជប៉ុន។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន ស្រង់​ប្រសាសន៍​ថា លោក​មាន​មហិច្ឆតា​ចង់​ឲ្យ​មាន​កម្មសិក្សាការី​កម្ពុជា​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​កាន់​តែ​ច្រើន។ លោក អ៊ិត សំហេង សង្ឃឹមថា ចំនួន​កម្មសិក្សាការី​កម្ពុជា​នៅ​ប្រទេស​ជប៉ុន នឹង​កើន​ឡើង​ដល់​រាប់​ម៉ឺន​នាក់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ។ លោក អ៊ិត សំហេង ធ្លាប់​លើក​ឡើង​ថា ក្នុង​មួយ​ខែៗ កម្ពុជា បញ្ជូន​ពលករ​ទៅ​ធ្វើការ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស ចន្លោះ​ពី​៨​ពាន់ ទៅ​១​ម៉ឺន​នាក់។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា ចាប់​តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​ដំណាច់​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន បាន​សរុប​ប្រមាណ ជាង​៦​ពាន់​នាក់ (.១៧៧ នាក់​) ក្នុង​នោះ​មាន​កម្មសិក្សាការី​ជា​ស្ត្រី​ចំនួន​ជាង ៣​ពាន់ ៥​រយ​នាក់ (.៥៧២​នាក់)។ ប្រទេស​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​៦ ក្នុងចំណោម​ប្រទេស​ទាំង​១៥ ដែល​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​សរុប​ជាង ១​លាន​២​សែន​នាក់ ក្នុង​នោះ​រួមមាន​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន ឡាវ និង​ទីក្រុង​ហុងកុង។ ក្នុង​១​ឆ្នាំៗ ពលករ​ខ្មែរ​ទាំងនោះ បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា សរុប​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល