រដ្ឋាភិបាល​កម្ពុជា​ប្រកាស​កាត់ផ្ដាច់​និង​ព្យួរ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​រាជធានី​-​ខេត្ត

ដោយ សេក បណ្ឌិត
2024.05.16
រដ្ឋាភិបាល​កម្ពុជា​ប្រកាស​កាត់ផ្ដាច់​និង​ព្យួរ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​រាជធានី​-​ខេត្ត លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចូលរួមកម្មវិធី​កាលពីថ្ងៃទី៥ ឧសភា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកនយោបាយ​មកពី​គណបក្សប្រឆាំង​ចាត់ទុក​ការ​ផ្ដាច់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​គឺ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឈម​និង​បញ្ហា​ខ្វះ​ថវិកា​ជាតិ​សម្រាប់​ចំណាយ។

ការ​លើកឡើង​នេះ ក្រោយ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៧ ខែ​ឧសភា បាន​ចេញ​សារាចរ​ស្ដីពី​ការ​កាត់ផ្ដាច់​ថវិកា​ទាំងស្រុង ដែល​ធ្លាប់តែ​ផ្ដល់​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​គម្រោង​នានា នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស។

អ្នក​នយោបាយ​បក្ស​ប្រឆាំង​យល់​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុងតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ហើយ​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ផ្តល់​ថវិកា​ទៅ​ឱ្យ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន។

អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ថា ពេលនេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ ជាមួយនឹង​ការ​ជំពាក់​បំណុល​ចិន​កាន់តែ​ច្រើន ព្រមទាំង​អាច​ប្រឈម​និង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ នៅក្នុង​តំបន់ និង​ជាមួយ​ប្រទេស​លោក​សេរី​ផង ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន។

លោក អ៊ុំ សំអាន៖ «ក្នុងនាម​ជា​អ្នកនយោបាយ​គឺ​មាន​ការ​ព្រួយបារម្ភ​។ នៅ​ពេល​ដែល​ប្រទេស​យើង​ជំពាក់​លុយ​បរទេស​ច្រើន ហើយ​ជំពាក់​លុយ​ចិន រហូត​ដល់​ទៅជា​ង​៤០​ភាគរយ គឺ​វា​ធ្វើ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក ហើយ​កម្ពុជា​អាច​គ្មាន​លទ្ធភាព​សងបំណុល​ចិន និង​ប្រទេស​មួយចំនួន​ទៀត​នោះ គឺ​វា​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច»

ការ​លើកឡើង​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចេញ​សារាចរ​ចាប់ផ្ដើម​កាត់ផ្ដាច់​និង​ព្យួរ ការ​ផ្តល់​ថវិកា​ទៅ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​បណ្ដា​រាជធានី និង​ខេត្ត។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា បាន​ចេញ​សារាចរ​ស្ដីពី​ការ​កាត់​និង​ព្យួរ​ថវិកា​ទៅ​ឱ្យ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​នៃ​បណ្ដា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ​និង​ឃុំ សង្កាត់​នៅ​ទូទាំង​ប្រទេស​។ សារាចរ​នោះ ក៏​បាន​កាត់​ព្យួរ​ឥណទាន​ចំណាយ​លើ​សៀវភៅ​ថវិកា​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​រាជធានី ខេត្ត ចំនួន​៥​ផង​ដែរ រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​បន្ទាយមានជ័យ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន ដោយមាន​ប្រសាសន៍​ថា កម្ពុជា​អាច​ប្រឈម​និង​អន្ទាក់​បំណុល​របស់​ចិន ដោយសារតែ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​(BRI)​ដ៏​ច្រើន​របស់​ចិន។

លោក សេង វណ្ណលី៖ «ជា​លទ្ធផល​ការ​ជំពាក់​បំណុល​នេះ អាច​រុញ​កម្ពុជា​ឱ្យ​ធ្លាក់​នៅ​ក្នុង​គន្លង​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន។ ប្រសិនបើ​កម្ចី​ទាំងនោះ​រដ្ឋាភិបាល​ប្រើប្រាស់​មិន​ចំ​គោលដៅ​ហើយ​ខ្វះ​ប្រសិទ្ធភាព​និង​ការគ្រប់គ្រង​បំណុល​ឱ្យ​បាន​ជោគជ័យ​ទេ​នោះ»

ចំណែក​អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ លោក ប៉ោ មករា យល់ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា បច្ចុប្បន្ន​កម្ពុជា​មាន​បញ្ហា​ជំពាក់​បំណុល​ទាំង​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​។ បញ្ហា​បំណុល​នេះ​មិន​ថា តិច​ឬ​ច្រើន គឺជា​ការ​ព្រួយបារម្ភ​ចំពោះ​ជាតិ​ទាំងមូល។

លោក ប៉ោ មករា បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល កំពុង​ជំពាក់​បំណុល​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្តី ក៏​រដ្ឋាភិបាល​គួរតែ​ថ្លឹងថ្លែង​ធ្វើ​យ៉ាងណា​កុំឱ្យ​បំណុល​របស់​កម្ពុជា​ធ្លាក់​ទៅលើ​ប្រទេស​ណាមួយ​ច្រើន​លើសលប់​ពេក ដែល​ធ្វើ​ឱ្យ​ប្រទេស​នោះ អាច​ដាក់​គំនាប​មក​លើ​កម្ពុជា​បាន។

លោក ប៉ោ មករា៖ «បើ​យើង​ងាក​ទៅ​បំណុល​បរទេស​វិញ​ឃើញ​ច្រើន​មែនទែន ហើយ​មាន​តួលេខ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ បើ​យើង​និយាយ​ពី​ការ​ជំពាក់​គេ​មិន​ថា​តិច ឬក៏​ច្រើន​ទេ គឺ​វា​សុទ្ធ​តែ​ជា​ការ​ព្រួយបារម្ភ គឺជា​បញ្ហា​របស់​ជាតិ​ទាំងមូល​។ ប៉ុន្តែ​សួរ​ថា តើ​ការ​ជំពាក់​ទាំងអស់​នោះ រដ្ឋាភិបាល​យក​មក​ចាយ​វាយ​ត្រឹមត្រូវ​តាម​គោលដៅ តាម​តម្រូវការ​របស់​ប្រទេស​ជាតិ របស់​ប្រជាពលរដ្ឋ យក​មក​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ កំពុង​តែ​លំបាក បាន​កម្រិត​ណា?»

អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ខ្ចីប្រាក់​ពី​បរទេស ដោយ​មិន​មាន​តម្លាភាព​ច្បាស់លាស់ គឺ​នឹង​ធ្វើ​ឱ្យ​បំណុល​កាន់តែ​កើនឡើង ព្រមទាំង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ក្រីក្រ ហើយ​តំបន់​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុ​ជាមួយ​ចំនួន​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​បរទេស នៅពេល​ណាមួយ។

លោក គឹម សុខ៖ «កាន់តែ​ខ្ចី ជា​ឧទាហរណ៍​ខ្ចី​ចិន ជាដើម​គឺ​យើង​ឃើញ​ហើយ​ថា​ខ្ចី​កាន់តែ​ច្រើន គឺ​ក្រុមហ៊ុន​ចិន​ត្រួតត្រា​តំបន់​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​កាន់តែ​ច្រើន​ដែរ។ មាន​ដូចជា​ព្រលាន​យន្តហោះ ផ្លូវ​ល្បឿន​លឿន ជាដើម ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា អាច​មានការ​លាយឡំ​ទៅ​នឹង​ការ​កាត់​សងបំណុល ចំពោះ​កម្ចី​ដែល​អត់​មាន​តម្លាភាព»

ព្រឹត្តិបត្រ​បំណុល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ខែមីនា​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២៣ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជាង ១១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ចំណោម​បំណុល​បរទេស​សរុប​នោះ គឺ​កម្ពុជា​ជំពាក់​ចិន​ប្រមាណ​ជាង ៤០​ភាគរយ។

អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ បង្ហាញ​ការ​ព្រួយបារម្ភ​ដូចគ្នា​ថា ដោយសារតែ​រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ច្រើន បច្ចុប្បន្ន​នេះ​គឺ​ធ្វើ​ឱ្យ​កូន​ខ្មែរ​ម្នាក់ គ្រាន់តែ​កើតមក​ភ្លាម ត្រូវ​ទទួល​កាតព្វកិច្ច​ធ្ងន់ធ្ងរ​សងបំណុល​បរទេស​ចំនួន​ជាង ៦០០​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។