រដ្ឋាភិបាលកម្ពុជាអះអាងថា អ្នកវិនិយោគចិន មានតួលេខនាំមុខគេក្នុងខែសីហាឆ្នាំ២០២៤
2024.09.12
![រដ្ឋាភិបាលកម្ពុជាអះអាងថា អ្នកវិនិយោគចិន មានតួលេខនាំមុខគេក្នុងខែសីហាឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាអះអាងថា អ្នកវិនិយោគចិន មានតួលេខនាំមុខគេក្នុងខែសីហាឆ្នាំ២០២៤](https://www.rfa.org/khmer/news/economy/cambodian-government-claims-chinese-investors-lead-in-august-2024-09122024071013.html/@@images/f221e07c-a420-46e4-9bfe-034f3ff79322.jpeg)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា ក្នុងខែសីហាឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានអនុម័តគម្រោងចំនួន៤៦ ដែលមានទឹកប្រាក់វិនិយោគសរុប១ពាន់២រយលានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគរបស់ចិនមានជាង៨០ (៨៤,៧២) ភាគរយ។
ក៏ប៉ុន្តែអ្នកវិភាគបញ្ហាសង្គមនិងអ្នកនយោបាយមិនអបអរចំពោះចំនួនគម្រោងវិនិយោគចិន ដែលកើនឡើងនេះទេ ដោយយល់ថា អ្នកវិនិយោគចិន ភាគច្រើន មិនបានផ្ដល់ផលប្រយោជន៍ធំដុំដល់កម្មករខ្មែរនិងមិនគោរពសិទ្ធិមនុស្សនៅកម្ពុជាផង។
អ្នកវិភាគបញ្ហាសង្គម បានដាស់តឿន រដ្ឋាភិបាលកម្ពុជាថា គួរតែប្រុងប្រយ័ត្នចំពោះអ្នកវិនិយោគចិន ជាជាងការបង្ហាញពីមោទនភាព នៃកំណើនដែលមានតួលេខនាំមុខគេ ក្នុងចំណោមអ្នកវិនិយោគបរទេសនានា ដែលចូលមករកស៊ីនៅកម្ពុជាបន្តបន្ទាប់នេះ។
អ្នកអត្ថាធិប្បាយបញ្ហាសង្គមនិងនយោបាយ លោក គឹម សុខ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ខែកញ្ញា ថា បច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា បានផ្ដល់ផលប្រយោជន៍តិចតួចណាស់ ដល់កម្មករនិងប្រជាពលរដ្ឋខ្មែរ។ លោកថា ការវិនិយោគរបស់ក្រុមហ៊ុនចិន មួយចំនួនបានរំលោភសិទ្ធិមនុស្សនិងមិនគោរពសិទ្ធិការងារ ដែលធ្វើឱ្យបស្ចិមប្រទេសមួយចំនួនដកសេចក្តីទុកចិត្តនិងមិនចង់មកវិនិយោគនៅកម្ពុជា។
លោក គឹម សុខ៖ «ការវិនិយោគរបស់ចិននៅកម្ពុជាពេលបច្ចុប្បន្ននេះ ឃើញថា ផ្ដល់ផលប្រយោជន៍តិចណាស់ដល់កម្មករ ដល់ប្រជាពលរដ្ឋខ្មែរ ពីព្រោះការវិនិយោគរបស់ចិនខ្លះ ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយអ្នកមានអំណាច រំលោភសិទ្ធិមនុស្ស។ កាលណាប្រព្រឹត្ដអំពើពុករលួយដូចនេះ គឺវាខាតបង់ទៅដល់ផលប្រយោជន៍របស់កម្មករមួយផ្នែក ហើយដល់ទៅរំលោភសិទ្ធិមនុស្សថែមទៀត គឺធ្វើឱ្យបស្ចិមប្រទេស ដកការទុកចិត្តក្នុងការមកវិនិយោគនៅកម្ពុជា»។
ការលើកឡើងរបស់អ្នកវិភាគបញ្ហាសង្គមបែបនេះ បន្ទាប់ពីរដ្ឋាភិបាល បានបង្ហាញពីតួលេខនៃអ្នកវិនិយោគចិន ចូលមករកស៊ីនៅកម្ពុជា មានអត្រាភាគរយខ្ពស់ជាងអ្នកវិនិយោគមកពីប្រទេសសេរីនានា។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បញ្ហាកំណើនអ្នកវិនិយោគចិននេះ ពីអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល និងពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាននៅឡើយ នៅថ្ងៃទី១១ ខែកញ្ញា។
តែបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៩ ខែកញ្ញា ឱ្យដឹងថា ក្នុងខែសីហាឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤៦ ដែលមានទឹកប្រាក់សរុប ១ពាន់ ២រយលានដុល្លារអាមេរិក។
ក្នុងគម្រោងវិនិយោគថ្មីនេះ គឺមានអ្នកវិនិយោគមកពីប្រទេសចិន នាំមុខគេក្នុងអត្រាជាង៨០ (៨៤,៧២)ភាគរយ បន្ទាប់មកគឺអ្នកវិនិយោគក្នុងស្រុកជិត១០(៩,១២)ភាគរយ និងលំដាប់លេខរៀងទី៣ គឺអ្នកវិនិយោគ មកពីប្រទេសសិង្ហបុរី (Singapore)មានជាង៥ (៥,៣១)ភាគរយ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងទៀតថា គម្រោងវិនិយោគដែលរដ្ឋាភិបាលកម្ពុជាទើបអនុម័តថ្មីនេះ មានដូចជាគម្រោងវិនិយោគសណ្ឋាគារផ្កាយ៥ គម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនិងកែច្នៃស្បែកសត្វ គម្រោងវិនិយោគកសិដ្ឋានបង្កាត់ពូជនិងចញ្ចិមគោ សេះ សត្វចតុប្បាទផ្សេងៗ ព្រមទាំងគម្រោងធំៗចំនួន៤ផ្សេងទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នាស្រុកស្រែអំបិលខេត្តកោះកុង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា គម្រោងអនុម័តថ្មីនេះ អាចផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរ បានចំនួន ៣ម៉ឺន ៣ពាន់កន្លែង។
បើទោះបីជាយ៉ាងណា អ្នកវិភាគបញ្ហាសង្គម រិះគន់ថា នៅក្នុងពេលដែលកម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យនិងមិនគោរពសិទ្ធិមនុស្ស ដូចបច្ចុប្បន្ននេះ គឺគ្មានជម្រើសដើម្បីទាក់ទាញអ្នកវិនិយោគទុនល្អៗ ពីបស្ចិមប្រទេសឱ្យចូលមករកស៊ីបានទេ ក្រៅតែពីអ្នកវិនិយោគចិន។
អ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាស នី យល់ថា ការកើនឡើងនៃចំនួនអ្នកវិនិយោគចិនក៏ល្អម្យ៉ាងដែរ នៅពេលដែលរដ្ឋាភិបាលគ្មានជម្រើសទាក់ទាញអ្នកវិនិយោគពីបស្ចិមប្រទេសល្អៗបាននេះ។ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជា គួរតែប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនចិនមួយចំនួន លើបញ្ហាដែលគ្មានតម្លាភាព និងការវិនិយោគ ដែលមានអំពើឧក្រិដ្ឋកម្មនៅពីក្រោយខ្នងដូចជាអំពើលាងលុយកខ្វក់ជាដើម។
បណ្ឌិត មាស នី៖ «ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវតែចាប់ផ្ដើមពិនិត្យមើលទៅលើគោលនយោបាយរបស់ខ្លួន ក្នុងការការពារផលប្រយោជន៍របស់ពលរដ្ឋ។ ដោយសារតែពេលដែលគេមកវិនិយោគ គឺត្រូវប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យកម្ពុជាខូចឈ្មោះដោយសារតែការវិនិយោគចិន ដែលមិនមានតម្លាភាពហើយនិងមានភាពលាក់បាំងដូចជាការលាងលុយកខ្វក់និងអំពើផ្សេងៗទៀត។ វាមិនមែនត្រូវប្រុងប្រយ័ត្នតែលើអ្នកវិនិយោគចិនប៉ុណ្ណោះទេ គឺត្រូវប្រយ័ត្នលើអ្នកវិនិយោគមកពីប្រទេសណាក៏ដោយ»។
ស្រដៀងគ្នានេះ អតីតអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហាញភាពមិនជឿជាក់ ទៅលើក្រុមហ៊ុនវិនិយោគចិនមួយចំនួន។ លោកថា ជនជាតិចិនខ្លះ ដែលចូលមកកម្ពុជា គ្រាន់តែបង្កើតក្រុមហ៊ុនខ្យល់ ដើម្បីលាងលុយកខ្វក់ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរគ្រឿងញៀន ការចាប់ជំរិតមនុស្សទារប្រាក់ និងអំពើជួញដូរមនុស្សជាដើម។
លោក អ៊ុំ សំអាន៖ «អ្នកវិនិយោគទុនចិនល្អពិតប្រាកដ ដែលមកកម្ពុជាបច្ចុប្បន្នមិនមានច្រើនទេ ដូច្នេះបានជាយើងតែងមើលឃើញថា កម្ពុជាមិនមានការងារគ្រប់គ្រាន់សម្រាប់ឱ្យប្រជាពលរដ្ឋធ្វើ ដែលបង្ខំឱ្យពលរដ្ឋធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ និងមានរោងចក្រ សហគ្រាសជាច្រើនបិទទ្វារព្រមទាំងព្យួរការងារក៏ច្រើន។ យើងឃើញជាក់ស្ដែងគឺបែបហ្នឹង ដោយសារតែអ្នកដែលមកបណ្ដាក់ទុននៅកម្ពុជាភាគច្រើន គឺក្រុម (Mafia) ពួកមកលាងលុយកខ្វក់ ក្រុមមកចាប់ជំរិតមនុស្សឬក៏ជាក្រុមឆបោកតាមប្រព័ន្ធអនឡាញ។ ចំណែកឯអ្នកវិនិយោគល្អៗមកពីបស្ចិមប្រទេសគឺមានតិចតួចបំផុត»។
រដ្ឋាភិបាលកម្ពុជា ធ្លាប់ទទួលមេរៀនដ៏អាម៉ាស់ម្ដងមកហើយ ក្នុងពេលដែលជនជាតិចិនរាប់ម៉ឺននាក់ បានហូរចូលយ៉ាងគំហុក ទៅខេត្តព្រះសីហនុ កាលពី៤-៥ឆ្នាំមុន ធ្វើឱ្យអចលនទ្រព្យឡើងថ្លៃ ហើយអាគារជាច្រើនបានចាប់ផ្ដើមសាងសង់។ ក៏ប៉ុន្តែសំណង់អគារទាំងនោះ ត្រូវគេទុកចោល រហូតមកដល់បច្ចុប្បន្ន ក្រោយពេលវត្តមានជនជាតិចិន នៅខេត្តព្រះសីហនុធ្លាក់ចុះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បង្ហាញរបាយការណ៍កាលពីដើមឆ្នាំ២០២៤ថា នៅខេត្តព្រះសីហនុ មានសំណង់អគារជាង ៣រយ (៣៦២) ក្នុងចំណោមអគារសរុប ១.០០៦ បានទុកចោលផ្អាកការសាងសង់។
រដ្ឋាភិបាលកំពុងត្រូវការដើមទុនជិត ១ពាន់ ២រយលានដុល្លារ ដើម្បីបញ្ចប់គម្រោងសំណង់អគារខ្មោចទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។