ចិន​និង​ប្រទេស​​តំបន់​មេគង្គ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​​ប្រយោជន៍​​ពលរដ្ឋ​ខ្លួន

ដោយ មាន ឫទ្ធិ
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​​អនុ​តំបន់​ទន្លេ​មេគង្គ​ចំនួន​៥ ជាមួយ​នឹង​ចិន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​​អនុ​តំបន់​ទន្លេ​មេគង្គ​ចំនួន​៥ ជាមួយ​នឹង​ចិន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ​រួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ការ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី៣ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​តាលី ខេត្ត​យូណាន ប្រទេស​ចិន ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ធ្នូ។

រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​៦ ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​នេះ បានសម្រេច​អនុវត្ត​កិច្ចព្រមព្រៀង ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គម្រោង​កិច្ច​សហប្រតិបត្តិការ និង​កសាង​សហគមន៍​មួយ ដែល​មាន​អនាគត​រួមគ្នា ដើម្បី​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់​នេះ។ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​៦​នេះ បាន​សាទរ​ចំពោះ ការវិវត្តន៍​ក្នុង​វិស័យ​គន្លឹះ​មួយ​ចំនួន ដែល​ក្នុង​នោះ​រួមមាន ការ​ផ្សា​ភ្ជាប់​វិស័យ​គមនាគមន៍ សមត្ថភាព​ឧស្សាហកម្ម កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន ធនធាន​ទឹក និង​កសិកម្ម និង​ការកាត់បន្ថយ​ភាព​ក្រីក្រ។

សេចក្តី​ប្រកាស​ព័ត៌មាន ផ្សាយ​ថ្ងៃ​ទី​១៧ ធ្នូ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា ឆ្លៀត​ក្នុង​ឱកាស​កិច្ចប្រជុំ​នោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ដោយ​ក្នុង​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី​វិធីសាស្ត្រ​នានា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន នៅមុន​ប្រារព្ធ​ខួប​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០១៨​នេះ។

ប្រទេស​កម្ពុជា គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើកទី២ នៅ​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ក្រោម​មូលបទ «ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល