ចិនឈប់ការនាំចូលសាច់ជ្រូក និងចំណីអាហារពីកម្ពុជា
2019.04.30
ប្រទេសចិន ដាក់បម្រាមមិនឲ្យនាំចូលជ្រូក និងចំណីអាហារ ដែលផលិតពីសាច់ជ្រូកពីកម្ពុជា។ សារព័ត៌មាន រយទ័រ (Reuter) ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសាថា បម្រាមនៃការនាំចូលនេះ ដោយសារតែប្រទេសចិនមានការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) និងជាយុទ្ធនាការប្រយុទ្ធប្រឆាំងរបស់ប្រទេសនេះ ទៅនឹងការរីករាលដាលនៃជំងឺនេះ។
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរបស់កម្ពុជា ទទួលស្គាល់ថា ពិតជាមានករណីផ្ទុះជំងឺនេះ ជាលើកដំបូង ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីជាប់ព្រំដែនប្រទេសវៀតណាម។ ក្រសួងមិនបានបញ្ជាក់ទេថា ការរីករាលដាលនេះ បង្កឡើងដោយសារអ្វី ឬក៏ជាការបណ្ដែតបណ្ដោយឲ្យមានការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាមនោះទេ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ជាជំងឺ ឆ្លងរីករាលដាលពីតំបន់មួយទៅតំបន់មួយ ដែលបណ្ដាលឲ្យជ្រូកឈឺ និងងាប់ ដែលមានអត្រាខ្ពស់ដល់ ១០០ភាគរយ។ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបញ្ជាក់ថា ជំងឺនេះមិនប៉ះពាល់ដល់មនុស្សនោះទេ ដោយគ្រាន់តែធ្វើឲ្យខាតបង់ប្រាក់ចំណេញរបស់អ្នកចិញ្ចឹម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។