នាយករដ្ឋមន្ត្រីចិនសន្យាជួយជំរុញសហគ្រាសរបស់ចិនឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន
2024.10.13
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានសន្យាថា ប្រទេសចិននឹងជំរុញឱ្យសហគ្រាសនិងក្រុមហ៊ុនចិន ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជាបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយយល់ថា ការសន្យានេះ គឺគ្រាន់តែជាសារនយោបាយលួងចិត្តកម្ពុជាប៉ុណ្ណោះ។
អ្នកនយោបាយបក្សប្រឆាំងនិងអ្នកតាមដានបញ្ហាសង្គម មិនទាន់ជឿថា កម្ពុជាអាចនឹងទទួលបានអ្នកវិនិយោគចិនល្អៗនិងថ្មីៗថែមទៀត ឱ្យចូលទៅរកស៊ីឡើយ បើទោះបីជាមានការសន្យាជួយជំរុញពីប្រមុខរដ្ឋាភិបាលចិនក្តី។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ ខែតុលា ថា កម្ពុជាបច្ចុប្បន្ន គ្មានសក្ដានុពលទីផ្សារសម្រាប់នាំចេញផលិតផលឱ្យទូលំទូលាយដូចមុនទៀតឡើយ ចាប់តាំងតែពីសហរដ្ឋអាមេរិកផ្អាកផ្ដល់ការអនុគ្រោះពន្ធពាណិជ្ជកម្ម និងសហភាពអឺរ៉ុប ក៏ដាក់ទណ្ឌកម្មផ្នែកខ្លះ នៃការអនុគ្រោះពន្ធពាណិជ្ជកម្ម(EBA)។
លោក គឹម សុខ យល់ថា ប្រមុខរដ្ឋាភិបាលចិន ដែលសន្យាថានឹងជួយជំរុញព្រមទាំងលើកទឹកចិត្តសហគ្រាសនិងក្រុមហ៊ុនចិន ឱ្យចូលទៅរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀតនោះ គឺគ្រាន់តែជាសារនយោបាយ។
លោក គឹម សុខ៖ «រឿងដែលភាគីចិនថាជំរុញឱ្យអ្នកវិនិយោគទៅដាក់ទុនរកស៊ីនៅប្រទេសកម្ពុជាបន្ថែមទៀត ឱ្យបានកាន់តែច្រើន គឺគ្រាន់តែជាសារនយោបាយលួងចិត្ត ក្នុងស្ថានភាពដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចទាក់ទាញការវិនិយោគពីសហរដ្ឋអាមេរិក និងពីសហភាពអឺរ៉ុបបានប៉ុណ្ណោះ។ ការលួងចិត្តនេះ គឺដើម្បីឱ្យចិននៅតែអាចបន្តកិច្ចសហប្រតិបត្តិការ ដែលចិនចង់ឱ្យរដ្ឋាភិបាល ហ៊ុន ម៉ាណែត ជួយឱ្យគោលបំណងរបស់ចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតបានសម្រេច»។
ការលើកឡើងនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលចិន សន្យាថា នឹងជួយលើកទឹកចិត្តសហគ្រាសនិងក្រុមហ៊ុនចិន ឱ្យចូលទៅរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង(Li Qiang) ដែលជួបពិភាក្សានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤-៤៥ ក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែតុលា បានសន្យាថា រដ្ឋាភិបាលចិននឹងជួយជំរុញព្រមទាំងលើកទឹកចិត្តសហគ្រាសរបស់ចិន ឱ្យទៅបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន។ លោក លី ឈាង បន្ថែមថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការពង្រឹងផលប្រយោជន៍ពហុភាគីជាមួយកម្ពុជា ដើម្បីការពារយុទ្ធសាស្ត្ររួមគ្នា។
ក្នុងជំនួបពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីកម្ពុជានោះដែរ ចិន គ្រោងនឹងផ្ដល់ជំនួយឥតសំណង ជាទឹកប្រាក់ប្រមាណ ៤២លានដុល្លារ ដើម្បីឱ្យកម្ពុជា យកទៅប្រើប្រាស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយជុំវិញការសន្យារបស់ប្រមុខរដ្ឋាភិបាលចិននេះ ពីប្រធានអង្គភាព អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បាននៅឡើយនៅថ្ងៃទី១២ ខែតុលា។របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឱ្យដឹងថា ក្នុងខែកញ្ញាឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៦ ដែលមានទឹកប្រាក់សរុបប្រមាណ៤៤៣លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងដែលបានអនុម័តនោះគឺប្រភពវិនិយោគមកពីប្រទេសចិនមានចំនួននាំមុខគេ ជិត៣៩(៣៨,២៣)ភាគរយ ខណៈដែលអ្នកវិនិយោគក្នុងប្រទេសកម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី២ចំនួនជិត៣៣ (៣២,៩២) ភាគរយ។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា បើទោះបីជាចំនួនអ្នកវិនិយោគចិន កំពុងនាំមុខគេនៅក្នុងប្រទេសកម្ពុជាក្តី ក៏លោក គ្មានសុទិដ្ឋិនិយម ចំពោះការផ្ដល់ផលប្រយោជន៍ ឱ្យសេដ្ឋកិច្ចនិងពលរដ្ឋកម្ពុជាបានច្រើនទេ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ការណ៍ដែលកម្ពុជាទទួលបានអ្នកវិនិយោគចិនច្រើននោះ ក៏ជារឿងល្អម្យ៉ាង ក៏ប៉ុន្តែលោកនៅតែព្រួយបារម្ភដោយសារតែក្រុមហ៊ុនចិនជាច្រើន មិនគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ និងមិនគោរពច្បាប់របស់កម្ពុជាទេ។
លោក អ៊ុំ សំអាន៖ «អ្នកវិនិយោគចិន ឱ្យប្រាក់ខែទៅកម្មករខ្មែរតិចជាងអ្នកវិនិយោគមកពីបស្ចិមប្រទេស ហើយរំលោភច្បាប់ការងារ រំលោភសិទ្ធិកម្មករ សិទ្ធិសហជីពនិងមិនសូវទាំងគោរពច្បាប់របស់ប្រទេសកម្ពុជាផង។ ក្រុមហ៊ុនចិនមួយចំនួនចូលមករកស៊ីនៅកម្ពុជា គឺមកលាងលុយកខ្វក់ មកបង្ខាំងមនុស្សឱ្យឆបោកតាមប្រព័ន្ធអនឡាញ ឬក៏មកបង្កើតល្បែងអនឡាញ។ ដូច្នេះហើយបានជាទោះបីជាមានអ្នកវិនិយោគចិនចូលមករកស៊ីច្រើន ក៏ប៉ុន្តែមិនបានជួយឱ្យសេដ្ឋកិច្ចកម្ពុជាល្អប្រសើរនោះឡើយ»។
ជុំវិញរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ យល់ថា បច្ចុប្បន្ននេះកម្ពុជាកំពុងត្រូវការអ្នកវិនិយោគនិងជំនួយពីគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក មិនមែនតែប្រទេសចិនទេ។ លោកថា កម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេស ត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន កំពុងតែត្រូវការទាំងកម្ចី ជំនួយព្រមទាំងការវិនិយោគពីប្រទេសនានា។
បណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា បច្ចុប្បន្នជំនួយនិងការវិនិយោគរបស់ប្រទេសចិន នៅតែមានសារសំខាន់ ក្នុងពេលដែលកម្ពុជាកំពុងខ្វះខាតនិងត្រូវការជាចាំបាច់។
បណ្ឌិត ហុង វណ្ណៈ៖ «ពិសេសទីផ្សារវាយនភណ្ឌរបស់កម្ពុជា គឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានទិញច្រើន ។ បើអត់មានទីផ្សារវាយនភណ្ឌនៅអឺរ៉ុបក៏វិស័យកាត់ដេរនៅកម្ពុជាគ្មានដំណើរការដែរ។ ដូច្នេះខ្ញុំគិតថា ប្រទេសជាច្រើននៅក្នុងពិភពលោក មានចំណែកជួយដល់កម្ពុជា ក៏ប៉ុន្តែខ្ញុំគិតថា ជំនួយនិងការវិនិយោគរបស់ចិននៅតែមានសារសំខាន់ដែលជួយឱ្យកម្ពុជាផ្លាស់ប្រែការអភិវឌ្ឍន៍បានលឿននិងឆាប់រហ័ស នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងតែខ្វះខាតឬក៏កំពុងតែត្រូវការ ជាបន្តបន្ទាប់ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង ក៏ដូចជាបង្កើនឧត្តមភាពប្រៀបធៀបជាមួយនិងប្រទេសជិតខាង»។
ថ្វីត្បិតតែបច្ចុប្បន្នតួលេខបង្ហាញថា អ្នកវិនិយោគចិន បានចូលមករកស៊ីនៅកម្ពុជាមានចំនួនច្រើនជាងគេ ក៏ប៉ុន្តែបើពិនិត្យទៅលើទំហំនៃការនាំចេញផ្នែកពាណិជ្ជកម្មវិញគឺប្រទេសចិន បានផ្ដល់ប្រយោជន៍និងជួយដល់សេដ្ឋកិច្ចកម្ពុជាតិចតួចជាងគេ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញទៅចិន ក្នុងទឹកប្រាក់តែជាង ១ (១,២៧) ពាន់លានដុល្លារ ខណៈដែលចិននាំចូលទំនិញមកកម្ពុជា មានតម្លៃទឹកប្រាក់ជិត១០ (៩,៨៦) ពាន់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។